ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​តាម​ចាប់​ខ្លួន​អ្នក​មាន​ម្នាក់​ពី​បទ​ធ្វើ​ទារុណកម្ម​ក្មេង​ស្រី


នៅ​កម្ពុជា​ជាពិសេស​នៅ​ក្នុង​ទីក្រុង និង​ទី​ប្រជុំ​ជន ភាគ​ច្រើន​គ្រួសារ​ដែល​មាន ជីវភាព​ធូរធារ​តែង​តែ​មាន​អ្នក​បម្រើ​នៅ​តាម​ផ្ទះ​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ។
នៅ​កម្ពុជា​ជាពិសេស​នៅ​ក្នុង​ទីក្រុង និង​ទី​ប្រជុំ​ជន ភាគ​ច្រើន​គ្រួសារ​ដែល​មាន ជីវភាព​ធូរធារ​តែង​តែ​មាន​អ្នក​បម្រើ​នៅ​តាម​ផ្ទះ​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ។
ភ្នំពេញ៖ សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ​បានស្នើ​សុំ​ដីកា​ចាប់ខ្លួន​ម្ចាស់​បុរី​វិមាន​សុភមង្គល​ដោយ
សង្ស័យថា​បានធ្វើ​ទារុណកម្មលើ​រាងកាយ​យ៉ាងធ្ងន់ធ្ងរ​លើ​ក្មេងស្រី​បម្រើ​នៅ​ក្នុង​ផ្ទ​ពីរ​នាក់។
ក្មេង​ស្រីពីរ​នាក់​មាន​អាយុ​១៧ឆ្នាំ ដូចគ្នា​ដែល​ម្នាក់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង និង​ម្នាក់​ទៀត​នៅ​ខេត្តតាកែវ​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​ម្ចាស់​បុរីវិមាន​សុភមង្គល​កាល​ពី​ថ្ងៃ២២​ ខែ​កុម្ភៈ​នេះ បន្ទាប់​ពី​ពួក​គេ​ទាំងពីរ​នាក់​មិន​អាច​ទ្រាំ​នឹង​ការ​វាយ​ធ្វើ​បាប​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ពី​សំណាក់​ម្ចាស់​ផ្ទះ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ងារ​ជា​ឧ​កញ៉ា​វ៉េង លីតិចឡា និង​ប្រពន្ធ​ឈ្មោះ​លី ពៅ ដែល​ជា​ម្ចាស់​បុរី​វិមាន​សុភមង្គល។
ក្មេង​ស្រី​ទាំង​ពីរ​នោះ​ត្រូវ​បាន​អង្គការ​ស៊ើប​អង្កេត​អាស៊ីអាគ្នេយ៍​ដើម្បី​សកម្មភាព​សង្គម និង មនុស្សធម៌​ហៅ​កាត់​ថា​ ស៊ី​សា ទទួល​ពួក​គេ​ក្រោយពីបាន​រត់គេច​ទៅ​ដល់​បាត់ដំបង។ រូបភាព​ដែល​ត្រូវ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ចេញ​បង្ហាញ​ថា​ក្មេងស្រី​រងគ្រោះ​មាន​ស្នាម​របួស​ពេញ​ខ្នង ចំហៀង និង​ជើង។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែ​កុម្ភៈ​សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​បាន​ចុះទៅ​ដល់ផ្ទះ​ដែល​ក្មេង​ស្រី​ពីរ​នាក់​នោះ​ស្នាក់​នៅ​ក៏​ប៉ុន្តែ​ម្ចាស់ផ្ទះ​ដែល​ទទួលរង​ការចោទ​ប្រកាន់​ថា បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​នោះ​បាន​រត់គេច​ខ្លួន​ចេញ​ពី​ផ្ទះ​បាត់​រួច​ទៅ​ហើយ។
លោក​ខៀវ សុភ័ក្រ អ្នក​នាំ​ពាក្យ​ក្រសួងមហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​សមត្ថកិច្ច​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន​ម្ចាស់ផ្ទះ​នោះ​បន្ទាប់ពី​មាន​ដីកា​បង្គាប់​ចូល​ខ្លួន​ឲ្យ​មក​បំភ្លឺ ក៏​ប៉ុន្តែ​ជន​សង្ស័យ​គេច​បាត់​ទៅ​វិញ។
លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើការ​អង្កេត​លើ​ករណីនេះ យ៉ាង​ហ្មត់ចត់ ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​អាច​ធ្វើ​កា​រសនិ្នដ្ឋាន​ដូច​ម្តេច​ឡើយ។
«យើង​ស្នើ​សុំ​ដី​កា​ស្វែង​រក​ចាប់​ខ្លួន។ ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន គាត់​រត់​បាត់។ យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ដូចម្តេច​ទេ។ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា បើ​គាត់​ត្រឹម​ត្រូវ គាត់​គួរ​តែ​ចូលខ្លួន​មក​បំភ្លឺ ចំពោះ​មុខ​ច្បាប់។ ឃើញ​ក្មេង​មាន​សេចក្តីក្លាហាន​និង​រាយការណ៍​ក៏ប៉ុន្តែ​ចំពោះ​ពិត​ឬ​មិន​ពិត​យើង មិនដឹង​ទេ រងចាំ​ការ​ស៊ើបអង្កេត​ដែរ​ហ្នឹង។ លុះត្រា​មាន​អ្នក​មក​បំភ្លឺ​ទើប​យើង​ដឹង មិនមែន​អ្នក​ប្តឹង​មុន​ត្រូវ​ទាំងអស់​នោះទេ។ ជួនកាល​វា​មាន​បញ្ហា​អី​ក្រោយ​ពី​ហ្នឹ​ទៀត​ក៏​មិន​ដឹង»។
នៅ​ក្នុង​អំឡុង​ពេលនេះ​ក្មេងស្រី​ដែល​ទទួលរង​ការ​វាយ​ធ្វើបាប​ពី​សំណាក់​ម្ចាស់​ផ្ទះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ការពារ​សុវត្ថិភាព​របស់​សមត្ថកិច្ច។
លោក​ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ព្រះរាជ​អាជ្ញា​រង សុខ រឿន
មិន​អាច​ធ្វើការ​ទាក់ទង​ដើម្បី​បំភ្លឺ​បន្ថែម​ជុំវិញ​បញ្ហា​ទាំង​នេះ​បាន​ទេ។
ក្មេង​ស្រី​ដែល​អះអាង​ថា ម្ចាស់ផ្ទះ​បាន​ធ្វើ​ទារុណកម្ម​នោះ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា បាន​មក​រស់​នៅ​ក្នុង​ផ្ទះ​នេះ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ដោយ​ម្ចាស់​ផ្ទះ​នោះ​បាន​សុំ​នាង​ពី​ម្តាយ​មីង​ដើម្បី​យកមក​ធ្វើ​ជា​កូនធម៌។ ក៏ប៉ុន្តែ​ជាក់ស្តែង​នាង​រស់នៅក្នុង​ស្ថានភាព​ជា​អ្នកបម្រើ​ធ្វើការ​ងារ​ផ្ទះ​ដូចជា​បោក​គួក​ខោអាវ បោស​សម្អាត​ផ្ទះ​និង​មើល​ថែ​ឆ្កែ​១៩​ក្បាល​ជាដើម។
ក្មេង​ស្រី​រងគ្រោះ នោះបាន​ឲ្យ​ដឹង​បន្ថែម​នាង​តែងតែ​ទទួលរង​ការធ្វើ​ទារុណកម្ម​ដូចជា វាយ​ធ្វើបាប​ដោយ​ខ្សែភ្លើង​វេញ និង ដង្កាប់​គៀប​ភ្លៅ​ជាដើម។
ករណី​វាយ​ធ្វើបាប​ពី​សំណាក់​ម្ចាស់ផ្ទះ​នេះ​កំពុងមាន​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​អង្គការ និង​មហាជន​នានា​ដែល​បាន​ចាត់ទុកថា ជា​អំពើ​ដ៏​សាហាវ​បំផុត។
លោក ហង្ស សា​យ័ន្ត ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​ស៊ើបអង្កេត​អាស៊ីអាគ្នេយ៍​ដើម្បី​សកម្មភាព​សង្គម​និង​មនុស្សធម៌​ហៅ​កាត់​ថា ស៊ី​សា​បាន​ដែល​ជាអង្គការធ្វើ​សកម្មភាព ប្រឆាំង​ការជួញដូរ​និង ពលកម្ម​កុមារ​បាន​ឲ្យ​ដឹង​ថា អង្គការ​ស៊ី​សា​កំពុងធ្វើការ​ស៊ើប​អង្កេត​លើ​ករណីនេះ​ដើម្បី រក​យុ​ត្តិ ធម៌​ឲ្យ​ជនរង​គ្រោះ។
«ផ្តល់​សេវា​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​ដល់​គាត់ ពីព្រោះ​ជួប​ភ្លាមៗ​គាត់​មាន​ការ​ត​ត់​ស្លុត​ខ្លាំង​ហើយ​មាន​ការ​ក្តុក​ត្តួ​ល ហើយ​អញ្ចឹង​យើង​ធ្វើ​ដូចម្តេច​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​កក់ក្តៅ និង​ព្យាយាម​ស្វែងរក​កន្លែង​ដែលមាន​សុវត្ថិភាព​សម្រាប់​ពួក​គាត់។ ម្យ៉ាង​វិញ​ទៀត​គឺ​យើង​មាន​សេវាផ្នែក​ច្បាប់​សម្រាប់​ផ្តល់ជូន​ពួកគាត់​ដោយ​ឥត​គិត​ថ្លៃ នៅ​ពេល​ដែល​គាត់​ចង់​បន្ត​និតិ​វិធី​នៅ​តុលាការ​បន្តទៀត។ខ្ញុំ​បន្ត​ការ​សាកសួរ​និង​ការ​សហការ​ជាមួយ​នឹង​អាជ្ញាធរ ហើយ​បើ​សិនជា​ករណី​ជា​ការ​ពិត​ដែល​ទទួលរង​ការ​រំលោភ​បំពាន​មែន​វា​ជា​រឿង​មួយ​ធ្ងន់ធ្ងរ​ហើយ​វា​ជា​បទល្មើស»។
ជា​មួយគ្នានេះដែរ​លោក សៅ សេនី អ្នក​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិ​កុមារ​នៃ​អង្គការ​សិទ្ធ​មនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ដែរ​ថា ​អង្គការ​លីកាដូ​ជា​មធ្យម​ក្នុង១ឆ្នាំ​ទទួល​បាន​១០​ករណី​អំពី​ការ​ការរំលោភ​វាយ​ធ្វើ​បាប​លើ​រាង​កាយ ការ​រំលោភ​ផ្លូវភេទ និង​ការ​បៀត​បៀន​កេរ្តិ៍​ខ្មាស់​ជាដើម ពី​សំណាក់​ម្ចាស់​ផ្ទះ​មកលើ​អ្នក​បម្រើ​នៅ​តាម​ផ្ទះ។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ករណី​បែប​នេះ​មាន​កើតឡើង​ច្រើនជាង​ការ​ទទួល​បាន​ពាក្យ​បណ្តឹង​ដោយសារ​នៅ​កម្ពុជា​ពុំទាន់​មាន​វិធានការ​ណា​ដែល​អាច​ការពារ​ដល់​សិទ្ធ​សេរីភាព​អ្នកបម្រើ​នៅតាម​ផ្ទះ​នៅ​ឡើយ។
«ដូចជា​ការងារ​លាក់កំបាំង​មួយ​ដែរ​ការងារ​អ្នកបម្រើ​ការងារ​នៅតាម​ផ្ទះ គឺ​ការ​ចូលមក​ធ្វើ
ការងារ​នៅក្នុង​ផ្ទះ​ ហ្នឹង​គឺ​អត់​មាន​កិច្ចសន្យា​ត្រឹមត្រូវ​ឬ​អាជ្ញាធរ​ដឹង​ឮ​នោះ​ទេ។ ការ​ដែរ​យើង​ទទួល បាន​គឺ​តិចជាង​ករណី​ជាក់ស្តែង​ដែល​បាន​កើតឡើង អញ្ចឹង​ខ្ញុំ​គិតថា នៅ​មាន​ករណី​កើត​ឡើង​ទៀត
ដែល​យើង​មិន​ដឹង​រហូត​ដល់​បែក​ធ្លាយ​ដោយសារ​ក្មេង​រត់​ចេញ​ឬ​ដោយសារ​អ្នកជិតខាង​ប្រាប់​មក ទើប​យើង​ដឹង​ដោយសារ​នៅក្នុង​ផ្ទះ​គេ គេ​ចង់​ធ្វើ​អី​ក៏បាន អ្នក​ក្រៅ​មិនដឹង​ទេ។ រឿងនេះ​យើង​នឹង អន្តរាគម​ន៍​ទៅ​តុលាការ ដើម្បីឲ្យ​តុលាការ​ចាត់ការ​រឿងនេះ​ឲ្យបាន​តឹងតែង​បំផុត»។
នៅ​កម្ពុជា​ជាពិសេស​នៅ​ក្នុង​ទីក្រុង និង​ទី​ប្រជុំ​ជន ភាគ​ច្រើន​គ្រួសារ​ដែល​មាន ជីវភាព​ធូរធារ​តែង​តែ​មាន​អ្នក​បម្រើ​នៅ​តាម​ផ្ទះ​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ។ ចំនួន​អ្នក​បម្រើ​នៅ​តាម​ផ្ទះ​ក្នុង​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​តួលេខ​និង​ការ​គ្រប់គ្រង​ច្បាស់​លាស់​នៅឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​ពុំទាន់​ទទួលបាន​ការការពារ​សុវត្ថិភាព​នោះដែរ។
កាលពី​ឆ្នាំ២០០៩​មាន​ករណី​គ្រួសារ​គ្រូប​ង្រៀន​មួយ​បាន​ទិញ​កូន​គេ​មក​ចិ​ញ្ជឹ​ម​ជា​កូនធម៌​ក៏ប៉ុន្តែ​ជាក់​ស្តែង​គ្រួសារ​នោះបាន​យក​កុមារ​នោះមក​វាយ​ធ្វើ​ទារុណកម្ម​តាំងពី​អាយុ​៨ឆ្នាំ​រហូតដល់​១១ឆ្នាំ។ក្នុង​ករណីនេះ​ស្ត្រី​ដែល​ជា​ជនដៃ​ដល់​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក១៥ឆ្នាំ ចំណែកឯ​ប្តី​ជាប់​គុក​ប្រាំ​ឆ្នាំ។ រីឯ​ស្ត្រី​ដែល​បាន​លក់​កូន​នេះ​ឲ្យមក​គ្រួសារ​គ្រូបង្រៀន​នោះ​ជាប់គុក​ប្រាំឆ្នាំ​ផងដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG