របាយការណ៍៖ ព្រៃឡង់​បន្ត​បាត់បង់​គួរ​ឲ្យ​ព្រួយ​បារម្ភ ហើយ​ការកាប់ឈើ​កើន​ឡើង​ជាង​៧០%​ក្នុង​ឆ្នាំ​២០១៩

រូបឯកសារ៖ រូបភាពព្រៃឡង់​ ដែល​​មាន​ផ្ទៃដី​ប្រមាណ​៥០​ ម៉ឺន​ហិកតា ​ដោយ​គ្រប់​ដណ្តប់​ខេត្ត​ចំនួន​៤ ​គឺ​ព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹងត្រែង។​ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)

របាយ​ការណ៍​នេះ​បញ្ជាក់​ថា​​ ចាប់​តាំង​ពី​ឆ្នាំ​២០០០​ ដល់​ឆ្នាំ​២០១៩ ​ព្រៃឡង់​បាត់​បង់​ប្រមាណ​៤៧.៤០០​ ហិកតា។​

របាយ​ការណ៍​របស់​អ្នក​ស្រាវជ្រាវ​អឺរ៉ុប​ឲ្យ​ដឹង​ថា​ ព្រៃឡង់​នៅ​កម្ពុជា ​បន្ត​បាត់បង់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ហើយ​ការ​កាប់​បំផ្លាញ​មាន​ការ​កើន​ឡើង​ជាង​៧០​ ភាគរយ ​ក្នុង​ឆ្នាំ​២០១៩​ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។​

របាយ​ការណ៍​របស់​អ្នក​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​ Copenhagen ប្រទេស​ដាណឺម៉ាក ដែល​បាន​ស្រាវជ្រាវ​អំពី​ព្រៃឡង់​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ដឹង​ថា​ ការ​បាត់​បង់​ព្រៃឡង់​ក្នុង​ឆ្នាំ​២០១៩ ​មាន​ទំហំ​ធំ​ គឺ​ប្រមាណ​៧៥១០​ ហិកតា​ ដែល​កើន​ឡើង​៧៣%​ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨។ ​ របាយ​ការណ៍​បន្ថែម​ថា ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ច្រើន​បំផុត​ក្នុង​តំបន់​ការពារ​ព្រៃឡង់ ​គឺ​ក្នុង​ឆ្នាំ​២០១៦​ ដែល​បំផ្លាញ​រហូត​ទៅ​ដល់​ជាង​១១.០០០​ហិកតា។​

របាយ​ការណ៍​នេះ​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០​ ដល់​ឆ្នាំ​២០១៩ ​ព្រៃឡង់​បាត់​បង់​ប្រមាណ​៤៧.៤០០​ ហិកតា។​

ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០​ ម៉ឺន​ហិកតា ​ដោយ​គ្រប់​ដណ្តប់​ខេត្ត​ចំនួន​៤ ​គឺ​ព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹងត្រែង។​

របាយ​ការណ៍​នេះ​ ឲ្យ​ដឹង​ទៀត​ថា​ ការ​បាត់បង់​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា​មាន​ទំហំ​ធំធេង​ជាង​គេ​បំផុត​ទី​១០ ​លើ​សាកល​លោក។​

លោកស្រី ​Ida Theilade ​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ Copenhagen​ នៃ​ប្រទេស​ដាណឺម៉ាក​ បាន​រៀប​រាប់​នៅ​ក្នុង​របាយ​ការណ៍​នេះ​ថា​ កម្ពុជា​ បាន​បាត់​បង់​ព្រៃឈើ​ចំនួន​២៦​ភាគរយ ​ឬ ​ស្មើ​នឹង​ជាង​២​ លាន​ហិកតា​ ចាប់​តាំង​ពី​ឆ្នាំ​២០០០ ​មក។​ កាល​ពី​ឆ្នាំ​មុន​ កម្ពុជា​បាន​បាត់​បង់​ព្រៃ​ឈើ​ទំហំ​៦៣.០០០ ​ហិកតា។​ ​

អ្នក​ស្រាវជ្រាវ​អឺរ៉ុប​នេះ​ ចេញ​របាយ​ការណ៍​អំពី​ការ​បាត់បង់​ព្រៃឈើ​របស់​កម្ពុជា ​ដោយ​សង្ឃឹម​ថា​ ឯកសារ​នេះ​នឹង​ជួយ​ក្រសួង​បរិស្ថាន ​និង​អង្គការ​ដៃគូ​ក្នុង​ការ​ការពារ​ព្រៃឡង់។​

លោក​ នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​ប្រាប់​វីអូអេ​ថា​ រដ្ឋាភិបាល​មិន​មាន​ភាព​ចាំបាច់​ក្នុង​ការ​ឆ្លើយ​តប​នឹង​របាយ​ការណ៍​នេះ​ទេ។​ ប៉ុន្តែ​ថា​ រដ្ឋាភិបាល​មាន​«ការ​តាំង​ចិត្ត​ខ្ពស់» ​ក្នុង​ការ​ថែ​រក្សា​ការពារ​ព្រៃ​ឡង់។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ក្រសួង​បរិស្ថាន​គ្មាន​ភាព​ចាំបាច់​អ្វី​ ត្រូវ​ឆ្លើយ​តប​នឹង​របាយ​ការណ៍​របស់​ជន​ទីបី​ ដែល​មិន​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទៅ​លើ​ការ​គ្រប់គ្រង​ និង​អភិរក្ស​ព្រៃឡង់​នោះ​ទេ។ ​យើង​ខ្ញុំ​ទទួល​ស្គាល់​ថា ​នៅ​មាន​បទ​ល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​តូច​ ដូច​ជា​ការ​លប​លួច​កាប់​ឈើ ​ឬ ​ក៏​ការ​ទន្រ្ទាន​កាន់កាប់​ដីធ្លី​ដោយ​ខុស​ច្បាប់ ​ការ​បរបាញ់​សត្វ​ និង​ការ​ដាក់​អន្ទាក់​ចាប់​សត្វ​នៅ​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់​ព្រៃឡង់»។​

លោក​បន្ត​ថា​ កត្តា​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​លើ​ផល​ព្រៃ​ឈើ​ ការ​ទាក់ទាញ​ និង​ញុះញង់​របស់​ឈ្មួញ​ទុច្ចរិត​ និង​កង្វះ​មន្រ្តី​ឧទ្យានុរក្ស​ដើម្បី​ការពារជា​កត្តា​នាំ​ឲ្យ​មាន​បទ​ល្មើស​ព្រៃ​ឈើ​បន្ត​កើត​ឡើង។​

បើ​តាម​លោក​នេត្រ ភត្រ្តា ​ក្រុម​ការងារ​របស់​ក្រសួង​បរិស្ថាន​ បាន​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ ​ចំនួន​៣៩៩ ​ករណី ​ក្នុង​រយៈពេល៤ខែ ​ឆ្នាំ​២០២០​ នេះ​ ក្នុង​នោះ​មាន​ការ​លួច​កាប់​ឈើ ​ការ​ទន្រ្ទាន​កាន់​កាប់ ​ការ​បរបាញ់​សត្វព្រៃ​ មាន​ការ​បញ្ជូន​ទៅ​តុលាការ​ចំនួន​៣២​ ករណី ​ធ្វើ​កិច្ចសន្យា​អប់រំណែនាំ​ចំនួន​៤២​ ករណី ​ដែល​មាន​មនុស្ស​ប្រមាណ​១០០​ នាក់។​

ក្រុម​ការងារ​ ក៏​បាន​បំផ្លាញ​និង​រុះរើ​រោង​អនាធិបតេយ្យ​នៅ​ព្រៃឡង់​ចំនួន​៣៤ ​រោង​ ដកហូត​កាំភ្លើង​កែច្នៃ​បរ​បាញ់​សត្វ​ចំនួន​២៩​ដើម ​និង​ដោះ​អន្ទាក់​ជិត​១​ពាន់។​ នេះ​បើ​តាម​លោក​ នេត្រ ភក្ត្រា។​

លោកហឿន ​សុភាព​ អ្នក​សម្រប​សម្រួល​បណ្ដាញ​សហគមន៍​ព្រៃឡង់​ ​មាន​ប្រសាសន៍​ថា​ ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​នៅ​តែ​បន្ត​មាន​ ទោះ​ក្នុង​ទំហំ​ដែល​មិន​អាច​ប៉ាន់​ប្រមាណ​ក៏​ដោយ។ ​លោក​បញ្ជាក់​ថា​ សកម្ម​ភាព​នេះ មាន​ស្ទើរ​តែ​គ្រប់ច្រក ខណៈ​ដែល​ការ​ល្បាត​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់ ​ក៏​ត្រូវ​បាន​រឹត​បន្តឹង​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «សកម្ម​ភាព​នៃ​ការ​រឹតត្បិត​របស់​បណ្តាញ​ទាំង​៤​ ខេត្ត​ បច្ចុប្បន្ន​នេះ​ឃើញ​ថា​ រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​បរិស្ថាន ​កំពុង​តែ​មិន​ឲ្យ​ខាង​ក្រុម​ខ្ញុំ​ចុះ​ល្បាត​ក្នុង​តំបន់​ព្រៃឡង់​ទេ ​បន្ថែម​ទាំង​មាន​ការ​គំរាម​កំហែង​ទៅ​លើ​សកម្ម​ជន​ផ្សេងៗ​ទៀត ​ដែល​យើង​ធ្លាប់​តែ​ចុះ​ នៅ​ក្នុង​បណ្តាញ​ព្រៃ​ឡង់។​ ហើយ​មួយ​ទៀត​ជា​ការ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​ព្រៃ»។​

ចំណែក​លោក ​សុខ ប្លោក ​តំណាង​ក្រុម​ស្នូល​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ ​បាន​ថ្លែង​ប្រាប់ ​VOA​ ថា ​ លោក​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ព្រៃ​ឡង់​ ប្រសិន​បើ​សកម្មភាព​កាប់​បំផ្លាញ​នៅ​តែ​បន្ត​បែប​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ហ៊ាន​ឲ្យ​តម្លៃ​ ​ប្រសិន​បើ​នៅ​ដូច្នេះ​ គឺ​អត់​អាច​សល់​ទេ​ព្រៃ​ឡង់​ទៅ​មុខ​ទៀត ព្រោះ​មើល​ទៅ​សកម្ម​ភាព​នៅ​[បន្ត​កើត​មាន]។​ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង ​ខ្ញុំ​អត់​និយាយ​សរុប​ទេ ​ព្រោះ​ព្រៃឡង់​មាន​ច្រើន​ខេត្ត ​អ៊ីចឹង​ខ្ញុំ​សូម​និយាយ​តែ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ធំ»។​

កាល​ពី​ខែ​កុម្ភៈ ​អង្គការ​សមាគម​និង​សហគមន៍​សរុប​ជាង​១០០ ​ស្ថាប័ន​ ​បាន​រិះគន់​ថា​ ​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ក្រសួង​បរិស្ថាន ​ប្រឆាំង​នឹង​សកម្ម​ភាព​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ការពារ​ព្រៃឡង់​ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិរក្ស​ព្រៃ​នេះ។​

ក្រសួង​បរិស្ថាន​ធ្លាប់​បាន​ចោទ​ប្រកាន់​បណ្តាញ​សហគមន៍​ព្រៃឡង់​ថា៖ ​«បាន​ធ្វើ​សកម្មភាព​ដែល​មាន​ភាព​មិន​ស្មោះត្រង់​ក្នុង​កិច្ច​សហការ»​ ក្នុង​នោះ​រួម​មាន ​«ការ​ព្យាយាម​ចិញ្ចឹម​ទំនាស់​លើ​បញ្ហា​ព្រៃឡង់ ​តាម​រយៈ​ការ​លួច​ចូល​ល្បាត​ដោយ​អនាធិបតេយ្យ ​លួច​ប្រើប្រាស់​ Apps ​ដែល​គ្មាន​ការ​ទទួល​ស្គាល់​ជាផ្លូវការ​ពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ​បំភ្លៃ​ទិន្នន័យ​នៃ​បទ​ល្មើស​ធនធាន​ធម្មជាតិ»។ ​ក្រសួង​បរិស្ថាន​បន្ថែម​ថា ​សហគមន៍​ព្រៃឡង់ ​មិន​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នោះ​ទេ ​ ដូច្នេះ​ក្រសួង​បរិស្ថាន​ ក៏​មិន​អាច​សហការ​ជាមួយ​បាន​ដែរ៕