រដ្ឋាភិបាល និង​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម ផ្តួចផ្តើម​ឲ្យ​មាន​យន្តការ​បន្ថយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ

រូបឯកសារ៖ ស្រ្តីជាអ្នកទោស និងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។

ក្រុម​មន្ត្រី​យុត្តិធម៌​កម្ពុជា ​និង​គណៈ​កម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម ​(ICRC)​ ប្រកាស​សហការ​គ្នា​រៀបចំ​យន្ត​ការ​ថ្មី​មួយ​អំពី​ការ​អនុវត្ត​ទោស​មិន​ជាប់​ក្នុង​ពន្ធនាគារ​ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​មន្ទីរ​ឃុំ​ឃាំង ​តែ​ទាម​ទារ​ឲ្យ​ប្រជា​ពលរដ្ឋ​យល់​ដឹង​ដើម្បី​បញ្ចៀស​នូវ​អំពើ​ហិង្សា​ ឬ​ការ​រើស​អើង​ជា​ដើម។​

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​សាទរ ​និង​ផ្តល់ការ​គាំទ្រ​ការ​វិវត្ត​ថ្មី​ចុង​ក្រោយ​នេះ ​ពាក់ព័ន្ធ​នឹង​ការ​សម្រាល​ភាព​ណែន​ណាន់​តាន់​តាប់​របស់​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ​ប៉ុន្តែ​ពួក​គេ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ថាប័ន​តុលាការ ​និង​មន្ត្រី​អនុវត្ត​ច្បាប់​គួរ​ពិចារណា​អំពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជំម្រះ​ក្តី​ឆាប់​រហ័ស ​និង​ប្រកប​ដោយ​យុត្តិធម៌​ ដោយ​មិន​គួរ​ប្រើ​នីតិវិធី​ឃុំ​ខ្លួន​ជន​សង្ស័យ​ជា​បណ្តោះ​អាសន្ន​រង់​ចាំការ​ឡើង​សវនាការ​ជា​ជម្រើស​អាទិភាព​នោះ​ទេ។​

ក្នុង​ជំនួប​រវាង​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន ​និង​មន្ត្រី​យុត្តិធម៌​កម្ពុជា​ផ្សេង​ទៀត​ ជាមួយ​ប្រធាន​ផ្នែក​ទទួល​បន្ទុក​កិច្ចការ​ពន្ធនាគារ​អាណត្តិ​ថ្មី​របស់​គណៈ​កម្មាធិការ​អន្តរ​ជាតិ​នៃ​កាក​បាទ​ក្រហម​ (ICRC)​ ប្រចាំ​ទីក្រុង​ភ្នំពេញ ​លោក ​បាណាប៊េ រ៉ូត ​(Barnabe Reaud) ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​១​ ខែ​កុម្ភៈ​ ​ភាគី​ ICRC ​បាន​បង្ហាញ​របាយ​ការណ៍​របស់​ខ្លួន​អំពី​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ ភ្ជាប់​ជាមួយ​អនុសាសន៍​មួយ​ចំនួន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ចង្អៀត​ណែន​នេះ។​ លោក ​ជិន ម៉ាលីន​ តំណាង​ឲ្យ​រដ្ឋ មន្ត្រី​យុត្តិធម៌ ​លោក ​កើត​ រិទ្ធ ​អះអាង​ថា​ របាយ​ការណ៍​នោះ​ គឺ​ដូច​គ្នា​នឹង​ការ​រក​ឃើញ​កន្លង​មករបស់​ក្រសួង​យុត្តិធម៌ ​ដែល​បាន​ធ្វើការ​តាម​ដាន​ និង​វាយ​តម្លៃ​អំពី​សភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​របស់​កម្ពុជា។​

លោក ​ជិន ម៉ាលីន​ ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ផង​នោះ បាន​ប្រាប់​វីអូអេ​ថា​ ក្រសួង ​និង​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​គណៈ​កម្មាធិការ​អន្តរ​ជាតិ​នៃ​កាក​បាទ​ក្រហម ​(ICRC)​ ក្នុង​ការ​បង្កើត​យន្តការ​អនុវត្ត​ទោស​មិន​ជាប់​ពន្ធនាគារ​ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៃ​អ្នក​ជាប់​ពន្ធនាការ។ ​ប៉ុន្តែ​លោក​ថា​ យន្តការ​នោះ​ អាច​ធ្វើ​ទៅ​បាន​ លុះត្រា​តែ​មាន​ការ​បង្កើន​ការ​យល់​ដឹង​របស់​សាធារណ​ជន​ និង​ពលរដ្ឋ​នៅ​តាម​សហគមន៍​ឲ្យ​ជ្រាប​អំពី​អ្នក​ដែល​ជាប់​ឃុំ​ដែល​ត្រូវ​ធ្វើ​សមាហរណ​កម្ម​នៅ​ក្នុង​សង្គម​ជាតិ។​

លោក​ថ្លែង​ថា៖​ «ក៏​ប៉ុន្តែ​ដើម្បី​អនុវត្ត​ទោស​ទាំង​អស់​ហ្នឹង​ បាន​ទាម​ទារ​ឲ្យ​សហគមន៍​យល់ ​[និង]​ទទួល​យក​បាន ​សង្គម​ទទួល​យក​បាន​ ពីព្រោះ​ក្នុង​សង្គម​យើង​ ប្រជា​ពលរដ្ឋ​គិត​ថា​ អ្នកទោស​ត្រូវ​នៅ​ក្នុង​គុក​ នៅ​ក្នុង​ឃុំ​ ហើយ​បើ​ដោះ​លែង​មក​ក្រៅ​អាច​មាន​បញ្ហា​ អាច​មាន​អំពើ​ហិង្សា​ អាច​មាន​ការ​រើស​អើង​ មាក់​ងាយ​អី​ មិន​អាច​ធ្វើ​សមាហរណ​កម្ម​បាន»។​

បើ​តាម​លោក​រដ្ឋ​លេខាធិការ​ ជិន ម៉ាលីន ​ ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ​ គឺ​ដោយ​សារ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ បង្ក្រាប​បទ​ល្មើស​បាន​ច្រើន ​ដែល​រួមមាន​បទ​ល្មើស​គ្រឿង​ញៀន ​បទ​ល្មើស​នេសាទ ​ បទ​ល្មើស​ព្រៃឈើ​ជា​ដើម។​

លោក​បាន​លើក​ឡើង​ពី​ដំណោះ​ស្រាយ​ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ​ថា៖ ​«ដំណោះ​ស្រាយ​ទី​មួយ​ ​ការ​ពង្រីក​ការ​កសាង​ហេដ្ឋ​រចនា​សម្ព័ន្ធ​រូប​វន្ត​ពន្ធនាគារ ​ការ​ពង្រឹង​យន្តការ​ស្តារ​នីតិ​សម្បទារ​ អ្នក​ជាប់​ឃុំ​ ដើម្បី​គាត់​អាច​ធ្វើ​សមាហរណ​កម្ម​កែប្រែ​ខ្លួន​ និង​អាច​ទទួល​បាន​ការ​លើកលែង​ទោស​ និង​ការ​បន្ធូរ​បន្ថយ​ទោស។ ​ ហើយ​មួយ​ទៀត​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​យន្តការ​ ការ​អនុវត្ត​ទោស​មិន​មែន​ពន្ធនាគារ ​បាន​ន័យ​ថា​ មាន​ទោស​ដែរ​ ប៉ុន្តែ​មិន​នៅ​ក្នុង​ពន្ធនាគារ​ទេ ​ដូច​ជា​ការ​អនុវត្ត​ទោស​សហគមន៍ ​ឬ​មួយ​ក៏​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ ដែល​ក្រសួង​កំពុង​តែ​អនុវត្ត»។​

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ​ពន្យល់​បន្ថែមថា​ ​ បើ​តាម​ក្រម​ព្រហ្ម​ទណ្ឌ​ មាន​ការ​ចែង​អំពី​ទោស​ច្រើន​ប្រភេទ​ដូច​ជា ​ទោស​ខ្លះ ​ត្រូវ​តម្រូវ​ឲ្យ​ស្ថិត​ក្នុង​ពន្ធនាគារ។​ទោស​ខ្លះ​ មិន​មែន​ទោស​ក្នុង​ពន្ធនាគារ​ រួម​មាន​ទោស​សហគមន៍​ដែល​មិន​ស្ថិត​ក្នុង​ពន្ធនាគារ​ ប៉ុន្តែ​ត្រូវ​បាន​តាម​ដាន​ ត្រួត​ពិនិត្យ​ និង​ឃ្លាំមើល។ ​ទោស​មួយ​ចំនួន​ទៀត​ គឺ​សំដៅ​ដល់​ទោស​ពាក់​កណ្តាល​សេរីភាព​ដែល​ជាប់​ឃុំ​ពេល​យប់​ហើយ​អាច​នៅ​ក្រៅ​ឃុំ​ពេល​ថ្ងៃ ​ ហើយ​ការ​ដោះ​លែង​ដែល​មាន​លក្ខខណ្ឌ​ គឺ​ជន​ជាប់​ចោទ​បន្ត​មាន​ទោស​ដដែល​ ប៉ុន្តែ​មិន​ដាក់​ក្នុង​ពន្ធនាគារ​ទេ​ គឺ​ឲ្យ​ទៅ​រស់​នៅ​តាម​សហគមន៍​ធម្មតា​ ​ប៉ុន្តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​កាតព្វ​កិច្ច​មួយ​ចំនួន។​

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នកស្រី ​ចក់ សុភាព​ យល់​ថា​ បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ​ ជា​បញ្ហា​រ៉ាំរ៉ៃ​មួយ​ ដែល​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់។​ហើយ​ស្ថាប័ន​តុលាការ ​មិន​គួរ​ប្រើ​នីតិវីធី​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ឲ្យ​រង់​ចាំ​សវនាការ​ជា​ជម្រើស​ដំបូង​នោះ​ទេដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ក្នុង​ពន្ធនាគារ​ ហើយ​ត្រូវ​ផ្តល់​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ដល់​ជន​ជាប់​ចោទ។​

អ្នកស្រី​បាន​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ៖ «ប៉ុន្តែ​ការ​សិក្សា​នេះ​ចាំ​បាច់​បំផុត​ ខ្ញុំ​ក៏​គិត​ថា​ ក្រសួង​ ហើយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ទាំង​តុលាការ​អីហ្នឹង​ ក៏​ត្រូវ​ពិនិត្យ​អំពី​យន្តការ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ផង​ដែរ​ចា៎។​ យើង​ត្រូវ​មើល​ជ្រុង​នៃ​ទិដ្ឋភាព​នៃ​សិទ្ធិ​មនុស្ស​ហ្នឹង ​គឺ​ពាក់ព័ន្ធ​ការ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​រង់ចាំ​សវនាការ​ហ្នឹង។ ​នោះ​ក៏​ជា​ចំណោទ​ ឬ​កត្តាដែល​នាំ ឲ្យ​មានការ​ណែនណាន់ច្រើន​នៅក្នុង​ពន្ធនាគារ​ដែរ​»។

អ្នកស្រី​បន្ថែម​ថា៖ ​«អ៊ីចឹង​ការ​ពិនិត្យ​មើល​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​ ជាពិសេស​ស្ថាប័ន​តុលាការ​មិន​គួរ​យក​ជម្រើស​នៃ​ការ​ដាក់​ឃុំ​ខ្លួន​ រង់​ចាំ​សវនាការ​ហ្នឹង​ជា​ជម្រើស​ដំបូង​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ហ្នឹង​ក៏​ជា​ការ​ចូលរួម​ចំណែក​ដែរ​ មិនមែន​តែ​យើង​ត្រូវ​ពិនិត្យ​មើល​លើ​តែ​ហេដ្ឋ​រចនា​សម្ព័ន្ធ​ទេ​ ប៉ុន្តែ​មើល​លើជ្រុង​សិទ្ធិ​ជំនុំ​ជម្រះដោយ​យុត្តិធម៍​ដែរ»។ ​

បើ​តាម​អ្នកស្រី ​ចក់ សុភាព​ ការ​ស្តារ​នីតិ​សម្បទា​របស់​ទណ្ឌិត​ ឬ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ គឺ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ ​ដែល​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្កើត​កម្មវិធី​ជា​ច្រើន​ទៀត​ដល់​អ្នក​ជាប់​ឃុំ​ ដើម្បី​អាច​ជួយ​ដល់​សតិ​ស្មារតី​ ការ​កែ​លម្អ​ឬ​កែ​ប្រែ​ខ្លួន​ការ​ផ្តល់​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ ​និង​ដើម្បី​ឲ្យ​ទណ្ឌិត​ទាំង​នោះ ​ចៀស​ឆ្ងាយ​ និង​មិន​វិល​ត្រឡប់​ទៅ​ធ្វើ​ពី​សកម្ម​ភាព​ចាស់​របស់​ខ្លួន​ នៅ​ពេល​ពួកគេ​មាន​ជំនាញ​ច្បាស់​លាស់​ណា​មួយ ​ដែល​អាច​ចូល​រួម​ចំណែក​អភិវឌ្ឍ​សហគមន៍​របស់​ពួក​គេ។​

អ្នកស្រី​ផ្តល់​ការ​កត់​សម្គាល់​បន្ថែម​ថា៖ ​«កាល​ដែល​យើង​គិត​គូរ​អំពី​ការ​កក់​ស្ទះ​ការ​ណែន​ពន្ធនាគារ​ជា​រឿង​ល្អ ​ហើយ​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ ​ពីព្រោះ​រឿង​នេះ ​យូរ​ហើយ។​ ប៉ុន្តែ​បន្ថែម​ពី​ហ្នឹង​ ខ្ញុំ​ក៏​ចង់​ឃើញ​ថា​ ស្ថាប័ន​ពាក់ព័ន្ធ​ គិត​គូរ​បន្ថែម​ទៀត​ទៅ​លើ​យន្តការ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​យើង​ឆ្លើយ​តប​នឹង​គោល​ដៅ​នៃ​ការ​ស្តារ​នីតិសម្បទា​របស់​ទណ្ឌិត ​ឬ​អ្នក​ជាប់​ឃុំឃាំង​ទាំង​អស់​ហ្នឹង»។​

អ្នក​នាំ​ពាក្យ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក​ ស៊ឹង សែនករុណា​ និយាយ​ថា​ ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ជា​បញ្ហា​ដែល​តុលាការ​រក​ច្រក​ បញ្ចៀស​ការ​ឃុំខ្លួន​ជន​សង្ស័យ​ដែល​មិន​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់​ ចំពោះ​ភាព​សកម្ម​ជួយ​កែ​លម្អ​ចំណុច​អវិជ្ជមាន​ក្នុង​សង្គម​ និង​នយោបាយ​ជាដើម។​

លោក​បាន​ប្រាប់​វីអូអេ​ថា៖ ​«ដូច​ករណី​សំណុំ​រឿង​ក្រុម​សកម្មជន​នយោបាយ ​ ក្រុម​សង្គម​អ្វី​ផ្សេងៗ​យើង​ដឹង​ហើយ​ថា ​តែង​តែ​មាន​ការ​ទទូច​ឲ្យ​មាន​ការ​នៅ​ក្រៅឃុំ​ ហើយ​ពួក​គាត់​តែង​តែ​ប្តេជ្ញា​ចិត្ត​ ឆន្ទៈ​ នឹង​ចូលរួម​បន្ត​នីតិវិធី​របស់​តុលាការ​ជាដើម​ រហូត​ដល់​មាន​លក្ខខណ្ឌ​ដែល​អាច​នៅ​ក្រៅឃុំ​បាន ​ក៏​ប៉ុន្តែ​យើង​ឃើញ​ហើយ​ ខាង​តុលាការ​ ហាក់​ដូច​ជា​មិន​បាន​ពិចារណា​ក្នុង​ការ​ផ្តល់​នូវ​សិទ្ធិ​សេរីភាព​ ទៅ​ដល់​អ្នកទាំង​អស់​ហ្នឹង​ ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​ទេ ​ក្នុង​ខណៈ​ដែល​ពួកគេ​ អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ ស្រប​តាម​ច្បាប់​ទាំង​ អាសយដ្ឋាន ​ទាំង​មុខរបរ​ ទាំង​ឆន្ទៈ​របស់​ពួក​គាត់​ក្នុង​ការ​ចូលរួម​នីតិវិធី​របស់​តុលាការ​ក៏​ដោយ»។​

កាលពី​ថ្ងៃ​ទី ​១៩​ ខែ​មករា​ លោក​ រ៉ុង ឈុន ​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ អំពាវនាវ​ឱ្យ​តុលាការ​ និង​រាជរដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​ប្រកាន់​នានា ​ដោយ​ត្រូវ​ផ្តល់ភាព​យុត្តិធម៌​ និង​ដោះ​លែង​សកម្ម​ជន​សង្គម ​សកម្ម​ជន​នយោបាយ ​និង​អ្នកទោស​មនសិការ​ឲ្យ​មាន​សេរីភាព ​គ្រាមាន​ការ​ព្រួយ​បារម្ភ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩​ ប្រភេទ​ថ្មី ​គឺ​អូមីក្រុង​ ដែល​អាច​ឆ្លង​ក្នុង​ពន្ធនាគារ​ និង​ដែល​ជា​កត្តា​ងាយ​រង​គ្រោះ​បំផុត​ នៅពេល​ជន​ជាប់ចោទ​មួយ​ចំនួន​ជាប់​ឃុំ​លើស​នីតិ​វិធី​កំណត់​ឬ​លើស​១៨​ខែ ​ដោយ​គ្មាន​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ត្រឹម​ត្រូវ​ និង​មិន​ទទួល​បាន​យុត្តិ​ធម៌។​
គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​មករា​ឆ្នាំ​២០២២​នេះ ​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក​ ស ខេង​ បាន​លើក​ឡើង​ថា​ អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ប្រមាណ​ ៥៥% ​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​សរុប​ប្រមាណ​ ៣៨.០០០ ​នាក់​នៅ​ទូទាំង​ប្រទេស ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន។​ ដូច្នេះ​លោក​ថា​ គ្រឿង​ញៀន​«កំពុង​វាយ​លុក​សង្គម​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ»៕​