អភិបាលរដ្ឋ New York លោក Andrew Cuomo បានប្រកាសលាលែងពីតំណែងរបស់លោកនៅថ្ងៃអង្គារ ជុំវិញការចោទប្រកាន់ទៅលើការបៀតបៀនផ្លូវភេទស្ត្រី គឺមួយឆ្នាំបន្ទាប់ពីលោកត្រូវបានគេសរសើរនៅទូទាំងប្រទេសពីការដឹកនាំនិងការរាយការណ៍លម្អិតប្រចាំថ្ងៃ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩នៅក្នុងរដ្ឋ New York។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
នៅក្នុងសុន្ទរកថាដែលត្រូវបានផ្សាយតាមកញ្ចក់ទូរទស្សន៍នោះ អភិបាលរដ្ឋ New York ដែលមានអាយុ ៦៣ឆ្នាំ ខាងគណបក្សប្រជាធិបតេយ្យរូបនេះ បានបដិសេធថាលោកមិនបានប្រព្រឹត្តខុសដោយចេតនាណាមួយទៅលើស្ត្រីមួយចំនួន ហើយបានហៅការដាក់សម្ពាធឲ្យលោកចុះចេញពីតំណែងនោះថា ជារឿងនយោបាយ។ លោកបន្តថា ការវាយបកទៅវិញជុំវិញរឿងនេះនឹងដាក់រដ្ឋក្នុងភាពច្របូកច្របល់ចំនួនរាប់ខែទៅមុខទៀត «ដូចនេះវិធីដែលល្អបំផុតនោះ គឺខ្ញុំត្រូវចុះចេញពីតំណែង ហើយទុកឲ្យរដ្ឋាភិបាលរដ្ឋគ្រប់គ្រងការងារ»។
ការប្រកាសចុះចេញពីតំណែងរបស់អភិបាលរដ្ឋរូបនេះ នឹងចូលជាធរមានក្នុងរយៈពេល២សបា្តហ៍ខាងមុខទៀត។ លោក Andrew Cuomo បានកាន់តំណែងជាអភិបាលរដ្ឋអស់រយៈពេល៣អាណត្តិមកហើយ។ ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏ស្ថិតក្នុងចំណោមអ្នកដែលបានអំពាវនាវឲ្យអភិបាលរដ្ឋរូបនេះចេញពីតំណែងផងដែរ។
ការប្រកាសចុះចេញពីតំណែងជាអភិបាលរដ្ឋ New York របស់លោក Andrew Cuomo កើតមានឡើងក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីអគ្គរដ្ឋអាជ្ញារបស់រដ្ឋនេះ ចេញផ្សាយនូវលទ្ធផលស៊ើបអង្កេតមួយ ដែលបានរកឃើញថា លោក Cuomo បានបៀតបៀនផ្លូវភេទស្ត្រីយ៉ាងហោចក៏ចំនួន១១នាក់ដែរ។
អ្នកស្រី Kathy Hochul អភិបាលរងរដ្ឋ New York នឹងត្រូវជំនួសលោក Andrew Cuomo ពីគណបក្សប្រជាធិបតេយ្យដូចគ្នា នៅពេលលោកចុះចេញពីតំណែងជាផ្លូវការនៅថ្ងៃទី២៤ ខែសីហា ខាងមុខ ដោយអ្នកស្រីនឹងក្លាយជាស្ត្រីដំបូងដែលនឹងកាន់តំណែងជាអភិបាលរដ្ឋ New York។ អ្នកស្រី Hochul អាយុ៦២ឆ្នាំ បានកាន់តួនាទីជាមន្ត្រីជាន់ខ្ពស់លំដាប់ទី២នៃរដ្ឋ New York តាំងពីឆ្នាំ២០១៥មក ហើយនឹងចូលកាន់តំណែងជាអភិបាលទី៥៧នៃរដ្ឋ New York៕