សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃច័ន្ទ បានបង្ហាញសំណើលម្អិតស្តីពីកម្មវិធីសុវត្ថិភាពសង្គមមានទឹកប្រាក់៣,៥ លានលានដុល្លារ ដែលនឹងពង្រីកតួនាទីរដ្ឋាភិបាលថ្នាក់ជាតិសម្រាប់ជីវភាពរបស់ពលរដ្ឋអាមេរិកាំងរាប់លាននាក់។
ផែនការនេះបំពេញការសន្យាក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំទៅរបស់ លោក Joe Biden ដើម្បីជួយឲ្យពលរដ្ឋអាមេរិកដែលមានជីវភាពទន់ខ្សោយមានឱកាសមានជីវភាពវណ្ណៈកណ្តាល។ ស្របពេលជាមួយគ្នានេះដែរ កម្មវិធីនេះ ក៏នឹងពង្រីកសេវារបស់រដ្ឋាភិបាលដែលមានរួចហើយ និងកម្មវិធីថ្មីៗផងដែរ។
ផែនការនេះនឹងផ្តល់នូវការអប់រំកម្រិតមត្តេយ្យដោយឥតគិតថ្លៃជាសកលសម្រាប់កុមារអាយុ៣និង៤ ឆ្នាំនិងថ្នាក់មហាវិទ្យាល័យសហគមន៍ឥតគិតថ្លៃពីរឆ្នាំសម្រាប់និស្សិតបញ្ចប់ការសិក្សានៅវិទ្យាល័យ។ សម្រាប់ជនជាតិអាមេរិកវ័យចំណាស់ ផែនការនេះនឹងបង្កើនការចំណាយរបស់សហព័ន្ធសម្រាប់ការបន្ថែមអត្ថប្រយោជន៍នៃការថែទាំសុខភាពដោយផ្តល់មូលនិធិជាលើកដំបូងសម្រាប់ការថែទាំសុខភាពធ្មេញ ភ្នែក និងត្រចៀក។
ផែនការរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យនេះមិនទទួលបានការគាំទ្រពីខាងសមាជិកសភាគណបក្សសាធារណរដ្ឋនោះទេ ដោយពួកគេលើកឡើងថា គម្រោងនេះចំណាយច្រើនណាស់ និងហាក់ដូចជាមានទំនោរខ្លាំងឆ្ពោះទៅបំណងពង្រីករដ្ឋាភិបាលតាមបែបសង្គមនិយម។ លុយនេះគួរតែយកទៅប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាធាតុ កែច្បាប់អន្តោប្រវេសន៍សហព័ន្ធ និងបន្ថយតម្លៃថ្នាំពេទ្យចេញដោយវេជ្ជបញ្ជា។ សមាជិកសភាមួយចំនួនខាងគណបក្សប្រជាធិបតេយ្យ ក៏បង្ហាញភាពអល់អែកស្តីពីការចំណាយច្រើនរបស់សំណើនេះដែរ។
សេចក្តីស្នើចំណាយថ្មីនេះ គឺបន្ថែមទៅលើកញ្ចប់ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានទឹកប្រាក់ប្រមាណ១លានលានដុល្លារ សម្រាប់ផ្លូវថ្នល់ ស្ពាន ពង្រីកប្រព័ន្ធអ៊ីនធឺណិតលឿន និងពង្រីកផ្លូវរថភ្លើងនិងស្ថានីយអ្នកដំណើរឆ្លងកាត់ដែលេជិតទទួលបានការអនុម័តពីព្រឹទ្ធសភា នៅថ្ងៃអង្គារ៕