ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតអនុម័តដោយសំឡេងប្រកៀកប្រកិតគ្នានូវសេចក្តីសម្រេច អំពីកញ្ចប់ថវិកាដែលមានទឹកប្រាក់ប្រមាណ ៣,៥ លានលានដុល្លារកាលពីព្រឹកថ្ងៃពុធដែលនឹងផ្តល់សម្រាប់គម្រោងចំណាយលើសេវាគ្រួសារ កម្មវិធីបរិស្ថាន និងសុខភាព។
កញ្ចប់ថវិកានេះ រួមបញ្ចូលអាទិភាពជាច្រើនរបស់លោកប្រធានាធិបតី Joe Biden ហើយដែលទទួលបានការគាំទ្រដោយសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យរបស់លោកBidenតែប៉ុណ្ណោះ គឺក្នុងសំឡេង៥០ទល់និង៤៩។
ប្រធានសំឡេងភាគច្រើនខាងគណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភាអាមេរិក លោកChuck Schumer បាននិយាយថា សេចក្តីសម្រេចលើកញ្ចប់ថវិកានេះ នឹងផ្តល់នូវ «ការវិនិយោគជាប្រវត្តិសាស្ត្រទៅលើការងាររបស់ពលរដ្ឋអាមេរិកាំង ក្រុមគ្រួសារអាមេរិកាំង និងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ»។
មេដឹកនាំសំឡេងភាគតិចខាងគណបក្សសាធារណរដ្ឋលោកMitch McConnell បានទទួលស្គាល់នៅក្នុងសុន្ទរកថាមួយនៃកិច្ចប្រជុំព្រឹទ្ធសភាកាលពីថ្ងៃអង្គារមុនការបោះឆ្នោតថា គណបក្សសាធារណរដ្ឋដែលមានសំឡេងភាគតិចនៅក្នុងព្រឹទ្ធសភា មិនអាចមានសំឡេងគ្រប់គ្រាន់ ក្នុងការបញ្ឈប់ការចង់បានរបស់សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគច្រើននោះទេ ហើយលោកបានហៅការបោះឆ្នោតគាំទ្រពង្រាងច្បាប់នោះថា ជារឿងមួយ«ដ៏គួរឲ្យភ្ញាក់ផ្អើលខ្លំាងបំផុត»។
ពង្រាងច្បាប់នេះនឹងផ្តល់ការអប់រំនៅថ្នាក់មតេ្តយ្យមិនគិតថ្លៃ ការសិក្សានៅតាមមហាវិទ្យាល័យសហគមន៍មិនគិតថ្លៃ ការពង្រីកសេវាថែទាំសុខភាពសម្រាប់ពលរដ្ឋអាមេរិកាំងដែលមានវ័យចំណាស់ និងផ្តល់ថវិកាសម្រាប់ការថែទាំកុមារ។ ច្បាប់នេះក៏នឹងផ្តល់ថវិកាផងដែរ ដល់ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ កែប្រែច្បាប់អន្តោប្រវេសន៍ និងបញ្ចុះតម្លៃថ្នាំពេទ្យដែលមានវេជ្ជបញ្ជាជាដើម៕