ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធ​សភា​អាមេរិក​ជំរុញ​​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​លើ​សេចក្តី​ព្រាង​ច្បាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ


រូបឯកសារ៖ អគារ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ អគារ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិក​បាន​ជំរុញ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កញ្ចប់​ថវិកា​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំនួន​១​លានលាន​ដុល្លារ​ ឆ្លង​ផុត​ឧបសគ្គ​ពីរ​ដំណាក់​កាល​បន្ថែម​ទៀត​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ហើយ​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​នៅ​ថ្ងៃ​អង្គារ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ​ ការ​បោះឆ្នោតលើក​ទី​១​ដែល​មាន​សំឡេង​គាំទ្រ​៦៩​ទល់​នឹង​២៨​នោះ​គាំទ្រ​សេចក្តី​លម្អិត​នៃ​សេចក្តី​ព្រាង​ច្បាប់​ដែល​សម្រប​សម្រួល​ដោយ​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ទាំង​ពីរ ហើយ​ការ​បោះ​ឆ្នោត​ទី​២​ដែល​មាន​សំឡេង​គាំទ្រ​ចំនួន​៦៨​ទល់​នឹង​២៩​នោះ​ បាន​កំហិត​ការ​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​មូល។

ការ​បោះ​ឆ្នោត​នេះ​បង្ហាញ​ការ​គាំទ្រ​ដ៏​ខ្លាំង​ទៅ​លើ​ការ​ចំណាយ​ ដែល​នឹង​ជួស​ជុល​ផ្លូវ​ និង​ស្ពាន​នានា​ដែល​ចាស់​ទ្រុឌ​ទ្រោម ​ពង្រីក​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន ធ្វើ​ទំនើប​កម្ម​ផ្លូវ​រថភ្លើង​ និង​ប្រព័ន្ធ​ស្ថានីយ​អ្នក​ដំណើរ​ឆ្លង​កាត់ ​ក៏​ដូច​ជា​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បំពង់​បង្ហូរ​ទឹក​បរិភោគ​ដែលអាច​បង្ក​គ្រោះ​ថ្នាក់​ព្រោះ​បន្សារសំណ។

សេចក្តីព្រាង​ច្បាប់​នេះ ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ធ្វើ​វិនិយោគ​ធំ​បំផុតក្នុង​ច្រើន​ទសវត្សរ៍​នេះ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាមេរិក​ ដែល​រួម​មាន​ផ្លូវ​ថ្នល់​ ស្ពាន​ ព្រលាន​យន្តហោះ​ និង​ប្រព័ន្ធ​ទឹក​ជា​ដើម។​

ដោយឡែក សមាជិក​សភា​គណបក្ស​ប្រជា​ធិបតេយ្យ កំពុង​ផ្តួច​ផ្តើម​សេចក្តីព្រាង​ច្បាប់​ចំណាយ​ថវិកា​៣,៥​លានលាន​ដុល្លារ​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ដែល​ពុំ​មាន​ការ​គាំទ្រ​ពីគណបក្ស​សាធារណ​រដ្ឋ​ឡើយ។

កញ្ចប់​ថវិកា​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​ គឺ​ជា​អាទិភាព​កំពូល​មួយ​នៃ​អាទិភាព​ផ្នែក​ច្បាប់របស់​លោក​ប្រធានាធិបតី​ Joe Biden ​ដែល​មួយ​ផ្នែក​ដើម្បី​បង្ហាញ​ដល់​អ្នក​បោះឆ្នោត​ថា​ សេតវិមាន​និង​សភា​អាច​យល់​ព្រម​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​រវាង​គណបក្ស​ទាំងពីរ​ដើម្បីផល​ប្រយោជន៍ប្រទេស​នៅ​ពេល​តំណាង​រាស្ត្រ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​បែកបាក់​ខាង​នយោបាយ​ជាប់គាំង​លើ​បញ្ហា​ជាច្រើន​ទៀត៕​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press, Reuters និង Agence France Presse)

វីដេអូថ្មីៗបំផុត

XS
SM
MD
LG