​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​ពិភ​លោក​បាន​​​ឆ្លង​​​ដល់​មនុស្ស​ជាង​១​លាន​នាក់​ហើយ

បុគ្គលិក​ពេទ្យ​កំពុង​រុញ​សាក​សព​ចេញ​ពី​មណ្ឌល​សុខភាព Wyckoff ទៅកាន់​ឡាន​បង្កក នៅ​ទីក្រុង​ Brooklyn រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២ មេសា ២០២០។

ការ​ផ្ទុះ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​ឈាន​ដល់​ដំណាក់​កាល​មិន​ល្អ​មួយ​ គឺ​មាន​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​ដល់​មួយ​លាន​នាក់​ហើយ​នៅក្នុង​ថ្ងៃ​សុក្រ​នេះ។

ការ​រាប់​ចំនួន​ករណី​ឆ្លង​នៅ​ទូទាំង​ពិភពលោក​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ Johns Hopkins បង្ហាញ​ថា ​ប្រមាណ​១​ភាគ​៤​នៃ​ករណី​ឆ្លង​នេះ​ ស្ថិត​នៅ​សហរដ្ឋ​អាមេរិក ​ដែល​មក​ដល់​ថ្ងៃ​សុក្រ​នេះ​មាន​ចំនួន​ប្រមាណជាង​២៤៥,០០០​ករណី។​

នៅ​ទូទាំង​ពិភពលោក ​ចំនួន​អ្នក​ស្លាប់​សរុប​ពី​កូវីដ១៩ បាន​កើន​ឡើង​ដល់​ជាង៥៣,០០០​នាក់។ ប្រទេស​អ៊ីតាលី​បាន​រាយការណ៍​អំពី​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ដោយ​មាន​អ្នក​ស្លាប់​ជាង​១៣,០០០​និង​កើន​ឡើង​រាល់​ថ្ងៃ។

នៅ​សហរដ្ឋ​អាមេរិក ​សំណួរ​ដែល​មនុស្ស​គ្រប់​គ្នា​ឆ្ងល់​គឺ​តើ​ពួក​គេ​គួរ​ពាក់​ម៉ាស់​មុខ​ដែរ​ឬ​ទេ? អ្នក​ជំនាញ​ខ្លះ​ថា​អ្នក​ដែល​មិន​ឈឺ​ឬ​ដែល​មិន​ថែ​អ្នក​ជំងឺ​កូវីដ១៩​មិន​ចាំ​បាច់​ពាក់​ម៉ាស់​ទេ​ ដោយ​ពួក​គេ​ថា​ម៉ាស់​មិន​បញ្ឈប់​វីរុស​នេះ​ទេ។ ប៉ុន្តែ​អ្នក​ជំនាញ​ផ្សេង​ទៀត​ថា​ ការ​ពាក់​ម៉ាស់​ការពារ​មុខ​នៅ​ប្រសើរ​ជាង​អត់​ម៉ាស់។

អភិបាល​ក្រុង​ញូវយ៉ក​ លោក​ Bill de Blasio​ បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ក្នុង​ក្រុង​នេះ​ពាក់ក្រណាត់​ដូច​ជា​ក្រម៉ា​គ្រប​មាត់​និង​ច្រមុះ​ ដោយ​ទុក​ម៉ាស់​មុខ​សម្រាប់​បុគ្គលិក​សុខាភិបាល​ដែល​ត្រូវ​ការ​ចាំ​បាច់។ ក្រុង​ផ្សេង​ទៀត​ដូច​ក្រុង​ផ្សេង​ទៀត​ក៏​ចាប់​ផ្តើម​ណែនាំ​ ដូច្នេះ​ខណៈ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ថា​ ក្រុមការងារ​សេតវិមាន​កំពុង​សម្រេច​អំពី​ថា​តើ​គួរ​ណែនាំ​ពលរដ្ឋ​ឲ្យ​ពាក់​ម៉ាស់​ឬ​យ៉ាង​ណា។​

ធនាគារ​ពិភពលោក​ក៏​បាន​អនុម័ត​មូលនិធិជិត​២​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ក្រីក្រ​បំផុត​ចំនួន​២៥​ក្នុង​ពិភព​លោក​ដើម្បី​ជួយ​ពួក​គេ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​រាតត្បាត​ជា​សាកល​នេះ៕