ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជារក​ឃើញ​បុរស​ខ្មែរ​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា ក្រោយ​បានទាក់ទង​ជាមួយ​ក្រុម​ទេសចរ​បារាំង​នៅ​ខេត្ត​ព្រះសីហនុ


មន្ត្រីសុខាភិបាលមួយក្រុមស្ថិតក្នុងសម្លៀកបំពាក់តាមក្បួនខ្នាត កំពុងធ្វើការក្នុងមន្ទីរពិសោធន៍វីរុសកូរ៉ូណា។ (រូបថតដោយ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)
មន្ត្រីសុខាភិបាលមួយក្រុមស្ថិតក្នុងសម្លៀកបំពាក់តាមក្បួនខ្នាត កំពុងធ្វើការក្នុងមន្ទីរពិសោធន៍វីរុសកូរ៉ូណា។ (រូបថតដោយ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​មួយ​ទៀត ​នៅ​ខេត្ត​ព្រះសីហនុ ដែល​កើត​លើ​ជនជាតិ​ខ្មែរ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស ​កើន​ឡើង​ដល់​ទៅ​ ១១០។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រសួង​បញ្ជាក់​ថា បុរស​នោះ ​អាយុ​៥៨​ឆ្នាំ រស់​នៅ​និង​ធ្វើ​ការ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ។ បុរស​នោះ​ជា​អ្នក​គ្រប់​គ្រង​ និង​ធ្វើ​បដិសណ្ឋារ​កិច្ច​ដោយ​ផ្ទាល់​ជាមួយ​ភ្ញៀវ​ទេសចរ​បារាំង និង​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ទេសចរ​បារាំង​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន មនុស្ស​ ៩​នាក់​ទៀត​ បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​នេះ ដែល​សរុប​ទៅ​អ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​ ៣៤​នាក់​ ហើយ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍។

កាល​ពី​ខែមីនា ​ជន​ជាតិ​បារាំង​ជាង ​៣០​នាក់ ​ដែល​ធ្វើ​ដំណើរ​ជា​ក្រុម​មក​កម្សាន្ត​នៅ​កម្ពុជា និង​គោល​ដៅ​ចុង​ក្រោយ​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ផ្ទុក​វីរុសកូរ៉ូណា។ ពួកគេ​ស្នាក់​នៅ​សណ្ឋាគារ​ឯករាជ្យក្នុង​ខេត្ត​ព្រះ​សីហនុ។

គួរ​បញ្ជាក់​ថា កន្លង​ទៅ មគ្គុទេសក៍​ទេសចរណ៍​ និង​អ្នក​បើក​រថយន្ត​ម្នាក់​ឲ្យ​ក្រុម​ទេសចរណ៍​នេះ ត្រូវ​បាន​រក​ឃើញ​ថា ​ផ្ទុក​វីរុស​នេះ​ដែរ៕

XS
SM
MD
LG