សត្វកណ្តុរមួយក្បាលទទួលបានរង្វាន់កំពូល គឺមេដាយវីរៈភាពសត្វជាលើកដំបូងរបស់អង្គការសប្បុរសធម៌ចក្រភពអង់គ្លេសមួយ ដោយទទួលស្គាល់វីរៈភាពរបស់វា ក្នុងការហិតរកមីនដែលមិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន AP។
សត្វកណ្តុរនេះដែលត្រូវបានដាក់ឈ្មោះថា Magawa ឬម៉ាហ្គាវ៉ា ដែលជាប្រភេទសត្វកណ្តុរប្រែងមកពីទ្វីបអាហ្រិក បានទទួលមេដាយមាសរបស់មូលនិធិ PDSA សម្រាប់ «ការលះបង់និងភាពក្លាហានរបស់វា ក្នុងការជួយសង្គ្រោះជីវិតមនុស្ស» បន្ទាប់ពីវាបានហិតរកឃើញមីនចំនួន ៣៩ គ្រាប់និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៨ គ្រាប់ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ នេះបើយោងតាមមូលនិធិ PDSA របស់ចក្រភពអង់គ្លេស។
អង្គការ PDSA ដែលមានឈ្មោះពេញថា មណ្ឌលប្រជាជនដើម្បីព្យាបាលសត្វមានជំងឺ ឬ People's Dispensary for Sick Animals បានចាប់ផ្តើមដំណើរការមណ្ឌលព្យាបាលសត្វរបស់ខ្លួន ដោយមិនយកប្រាក់កម្រៃ នៅឆ្នាំ ១៩១៧ ហើយបានចាប់ផ្តើមផ្តល់រង្វាន់ដល់សត្វ ដែលបានធ្វើកិច្ចការវីរៈភាពនានាក្នុងសង្គម ចាប់តាំងពីឆ្នាំ ១៩៤៣ មក។
កណ្តុរម៉ាហ្គាវ៉ាត្រូវបានបង្ហាត់ឲ្យចេះហិតរកគ្រាប់មីន ដោយអង្គការបែលហ្សិកមួយដែលបានចាប់ផ្តើមបង្ហាត់សត្វកណ្តុររយៈពេលជាង ២០ ឆ្នាំមកនេះ។ អង្គការនេះដែលមានឈ្មោះថា APOPO បានបង្កើតគម្រោងកម្ចាត់មីននៅប្រទេសកម្ពុជា អង់ហ្គោឡា ហ្ស៊ីមបាវ៉េ និងប្រទេសម៉ូហ្សាំប៊ិក ដើម្បីកម្ចាត់មីនរាប់លានគ្រាប់ ដែលត្រូវបានបន្សល់ទុកពីសង្គ្រាមនិងជម្លោះ។
ម៉ាហ្គាវ៉ាជាសត្វកណ្តុររបស់អង្គការ APOPO ដែលហិតរកមីនដោយជោគជ័យ ដោយបានហិតបោសសម្អាតមីនលើផ្ទៃដីដែលមានទំហំជាង ១ សែន ៤ ម៉ឺនម៉ែត្រការ៉េ ដែលស្មើនឹងទីលានសម្រាប់កីឡាបាល់ទាត់ចំនួន ២០។
លោក Christophe Cox នាយកប្រតិបត្តិនៃអង្គការ APOPO បានចាត់ទុកថា មេដាយមាសដែលផ្តល់ឲ្យកណ្តុរម៉ាហ្គាវ៉ា គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយ «សម្រាប់ក្រុមអ្នកបង្ហាត់សត្វរបស់អង្គការយើង»។
លោកបានថ្លែងប្រាប់សារព័ត៌មាន AP ថា៖ «ហើយមេដាយនេះក៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា និងប្រជាពលរដ្ឋនៅជុំវិញពិភពលោក ដែលកំពុងរងគ្រោះដោយសារគ្រាប់មីន។ មេដាយមាសរបស់មូលនិធិ PDSA នាំឲ្យពិភពលោកយកចិត្តទុកដាក់លើបញ្ហាគ្រាប់មីន»។
យោងតាមអង្គការ APOPO មនុស្សប្រមាណ ៦០ លាននាក់ នៅក្នុងប្រទេសចំនួន ៥៩ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ អង្គការនេះក៏បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសង្គ្រាម បានសម្លាប់ ឬបណ្តាលឲ្យរបួសមនុស្សចំនួន ៦.៨៩៧ នាក់។
ស្របពេលសត្វកកេរជាច្រើនប្រភេទអាចត្រូវបានបង្ហាត់ ឲ្យចេះហិតក្លិននិងធ្វើកិច្ចការដដែលដើម្បីបានចំណីជារង្វាន់ សម្រាប់ការហិតក្ខិនរបស់វា អង្គការ APOPO បានសម្រេចថា សត្វកណ្តុរប្រែងមកពីទ្វីបអាហ្វ្រិក មានលក្ខណៈសម្បត្តិល្អបំផុតសម្រាប់ការហិតរកគ្រាប់មីន ដោយសារតែអម្បូររបស់វាមកពីទ្វីបអាហ្រ្វិក និងអាយុកាលរបស់វាអាចរស់ដល់ទៅ ៨ ឆ្នាំ។
ដោយសារកណ្តុរនេះមានទម្ងន់ស្រាល ដូច្នេះវាអាចដើរលើតំបន់ដែលមានគ្រាប់មីន ដោយមិនបង្កឲ្យគ្រាប់មីនផ្ទុះទេ ហើយវាអាចរកឃើញគ្រាប់មីនបានលឿនជាងមនុស្សទៅទៀត។
មុនកណ្តុរម៉ាហ្គាវ៉ា សត្វដែលបានទទួលរង្វាន់វីរៈភាពសត្វនេះ គឺសុទ្ធតែជាសុនដទាំងអស់៕
ប្រែសម្រួលដោយទែន សុខស្រីនិត