អាល្លឺម៉ង់​​ផ្តល់​កម្ចី​ដំបូង​បង្អស់​ដល់​កម្ពុជា​ដើម្បី​ពង្រីក​បណ្តាញ​ចែកចាយ​ថាមពល​តាម​ទី​ជន​បទ​

រូប​ឯកសារ៖ ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងសង្កាត់​បាទី ខេត្ត​ស្វាយរៀង ដែល​ប្រើប្រាស់​បន្ទះកញ្ចក់សូឡា ដើរ​ដោយ​ថាម​ពល​ព្រះអាទិត្យ កាល​ពីថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)

សេចក្តី​ប្រកាស​រប​ស់​ស្ថានទូត​អាល្លឺម៉ង់​​បាន​លើក​ឡើង​ផង​ដែរ​ថា​ ​ឥណទាន​ចំនួន​ប្រមាណ​៣៤​លាន​ដុល្លារ​នោះ​​​សង្ឃឹម​ថា​​នឹង​រួម​ចំណែក​ជួយ​ប្រទេស​កម្ពុជា​សម្រេច​គោល​ដៅ​​ក្នុងការ​កាត់​បន្ថយ​ ​ការ​បំភាយ​​ឧស្ម័ន​ផ្ទះ​កញ្ចក់។​

រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​បានសម្រេច​ផ្តល់​ប្រាក់​កម្ចី​ចំនួន៣០​លាន​អឺរ៉ូ​ (​ប្រមាណ​ជា៣៤​លាន​ដុល្លារអាមេរិក)​ ​ដើម្បី​អនុវត្ត​គម្រោង​ទំនើប​កម្ម​នៃ​ប្រព័ន្ធ​ចែកចាយ​ថាមពល​តាម​ទី​ជនបទ​ក្នុង​ប្រទេស​កម្ពុជា។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ដែល VOA​ ​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

នេះ​គឺ​ជា​ប្រាក់​កម្ចី​ដំបូង​បង្អស់​របស់​ប្រទេស​អាល្លឺម៉ង់​សម្រាប់​ប្រទេស​កម្ពុជាដែល​ត្រូវ​ការ​បង្កើន​លទ្ធភាព​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​តាម​តំបន់​ដាច់​ស្រយាល​និង​បង្កើន​ការ​ទុក​ចិត្តទៅ​លើ​ការ​ផ្គត់​ផ្គង់​ថាមពល។

ឯក​អគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ លោក​ ​Ingo Karsten​ ​ត្រូវ​បាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​តាម​ន័យ​ដើម​ថា៖​

«ការ​ទទួល​បាន​ថាមពល​ ដែល​អាច​ទុក​ចិត្ត​បាន​ និង​ដែល​សមស្រប​ទៅ​នឹង​បរិស្ថាន​ ជា​យន្តការ​អូស​ទាញការ​អភិវឌ្ឍ​នានាឲ្យ​កើត​មាន​ឡើង​ក្នុង​ពេល​អនាគត​ និង​ជួយ​បង្កើន​ការ​វិនិយោគ​នានា​ក្នុង​ប្រទេស»។​

លោក​បាន​ថ្លែង​បន្ត​តាម​ន័យ​ដើម​ថា៖​

«ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​អគ្គិសនី​ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ ​ជា​ជម្រើស​ដ៏​ល្អ​ ចំពោះ​ភព​ផែនដី​ និង​ប្រជាជន​ ​ពីព្រោះ​វា​បាន​ជួយ​បង្កើន​ការ​សន្សំ​សំចៃ​ថាមពល​ និង​បង្កើន​លទ្ធភាព​ទទួល​បាន​ថាមពល​អគ្គិសនី​ប្រើប្រាស់តាម​ទី​ជនបទ​ដាច់ស្រយាល ព្រម​ទាំង​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ពន្ធ។​ ​ប្រព័ន្ធ​បណ្តាញ​ចែក​ចាយ​ដ៏​រឹងមាំគឺ​ជា​គ្រឹះ​សម្រាប់​ឈាន​ទៅ​ដល់​ការ​វិនិយោគ​ទុនផ្នែក​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ ដែល​ជា​ថាមពល​ដ៏​មាន​សក្ដានុពល​ធំធេង​ក្នុង​ប្រទេស​កម្ពុជា»។​

រូប​ឯកសារ៖ ​រោងចក្រ​សូឡា​ដើរ​ដោយថាមពលព្រះអាទិត្យ​កំពុង​ត្រូវ​សាងសង់ ដែល​អាច​ផ្តល់​ថាមពល​១០មេហ្គាវ៉ាត់​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

សេចក្តី​ប្រកាស​រប​ស់​ស្ថានទូត​អាល្លឺម៉ង់បាន​លើក​ឡើង​ផង​ដែរ​ថា​ ​ឥណទាន​ចំនួន​ប្រមាណ​៣៤​លាន​ដុល្លារ​នោះនឹង​ត្រូវ​ប្រើប្រាស់​ដោយអគ្គ​នាយកដ្ឋាន​អគ្គិសនី​កម្ពុជា​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​លទ្ធភាព​បណ្តាញ​ចែក​ចាយ​ថាមពលនិង​កាត់​បន្ថយ​ការ​សាយភាយ​និង​បាត់​បង់​ថាមពល​ផង​ដែរ​ ​សម្រាប់​បណ្តាញ​ចែក​ចាយ​នៅ​តាមទីជន​បទ​ប្រទេសកម្ពុជា។​ សេចក្តី​ប្រកាស​ដដែល​ក៏​សង្ឃឹម​ថា​ ​ថវិកា​ទាំង​នោះ​នឹង​រួម​ចំណែក​ជួយ​ប្រទេស​កម្ពុជា​សម្រេច​គោល​ដៅក្នុងការ​កាត់​បន្ថយ​ ​ការ​បំភាយឧស្ម័ន​ផ្ទះ​កញ្ចក់។​

VOA ​មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក កែវ រតនៈ​ ​អគ្គនាយក​អគ្គិសនី​កម្ពុជាបាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ​ប៉ុន្តែ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក កែវ រតនៈ បាន​ថ្លែង​រំពឹង​ថា​ ​ជំនួយ​ថ្មី​នឹងជួយ​ឲ្យ​កម្ពុជា​កាន់​តែ​អាច​ងាកចេញ​កាន់​តែ​ខ្លាំង​ពី​ការ​ពឹងពាក់​លើ​ថាមពលមិន​ស្អាត​ដូច​ជា​ស៊ុបពែរ ទៅ​ប្រើប្រាស់​ថាមពល​ស្អាត​ដូច​ជា​ថាមពលពី​ពន្លឺ​ព្រះអាទិត្យ (solar)​ ជំនួស​វិញ។

លោក ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​ស្វាគមន៍​ចំពោះ​ការ​ផ្តល់​ប្រាក់​កម្ចី​ដោយ​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់។​

លោក​មាន​ប្រសាសន៍​ថា៖​

«ទីមួយ​យើង​មាន​តែ​ធ្វើការ​ស្វាគមន៍ ​ហើយ​និង​ថ្លែង​អំណរ​គុណ​ដល់​អាល្លឺម៉ង់​ ដែល​គាត់​យក​ចិត្ត​ទុក​ដាក់ពី​ជន​បទ​ ដើម្បី​បំណង​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូច​ជា​គោល​ការណ៍​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ គឺ​យើង​អភិវឌ្ឍ​ពី​ជនបទ​ មក​កាន់​ទីក្រុង​ ពង្រីក​ពី​ទីក្រុង​ដើម្បី​ទៅ​ចាប់​ដៃ​នៅ​ជន​បទ។ ​ដូច្នេះ​កម្លាំង​ថាមពល​ហ្នឹង​ ដែល​គម្រោង​របស់​យើង​ហ្នឹង​ ត្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​គ្រប់​ទិសទី​ ត្រូវ​តែ​ទទួល​បាន​ថាមពល​ បាទ។​ អាហ្នឹង​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល»។​

ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ត្រូវ​គេ​ជឿ​ថា ​បាន​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ពី​ប្រទេស​ក្បែរ​ខាង។ ​ដោយ​សារ​កង្វះ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ក្នុង​ស្រុក​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី និង​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​តាម​ខេត្ត​នានា ​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​ខេត្ត​កំពត​ ​កោះកុង​ ​ស្ទឹងត្រែង​និង​ខេត្ត​ព្រះសីហនុ៕​