ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ ហៅ​អ្នក​ជំទាស់​នឹង​ទំនប់​វារីអគ្គិសនី​ថា​ជា​«ក្រុម​ជ្រុល​និយម»


រូបឯកសារ៖​ កម្មករ​កំពុង​ប្រើ​ដែក​ដើម្បី​គាស់​ថ្ម​នៅ​កសិដ្ឋាន​សាងសង់​វារីអគ្គិសនី​តាតៃ​ដោយ​ក្រុមហ៊ុន​ចិន​មួយ នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១២។ (AP/ហេង ស៊ីនិត)
រូបឯកសារ៖​ កម្មករ​កំពុង​ប្រើ​ដែក​ដើម្បី​គាស់​ថ្ម​នៅ​កសិដ្ឋាន​សាងសង់​វារីអគ្គិសនី​តាតៃ​ដោយ​ក្រុមហ៊ុន​ចិន​មួយ នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១២។ (AP/ហេង ស៊ីនិត)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​ហៅ​សកម្មជន​បរិស្ថាន​ដែល​ជំទាស់​នឹង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ថា​ជា​ក្រុម​បរិស្ថាន​ជ្រុល​និយមដែល​មិន​ព្រម​ទទួល​យក​ការ​អភិវឌ្ឍ​ថ្មីៗ​សម្រាប់​ជា​ប្រយោជន៍​មនុស្ស​រាប់​លាន​នាក់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​ហៅ​សកម្មជន​បរិស្ថាន​ ដែល​ជំទាស់​នឹង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ថា​ ជា​ក្រុម​បរិស្ថាន​ជ្រុល​និយម ដែល​មិន​ព្រម​ទទួល​យក​ការ​អភិវឌ្ឍ​ថ្មីៗ​សម្រាប់​ជា​ប្រយោជន៍​មនុស្ស​រាប់​លាន​នាក់។

ការ​ហៅ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បែប​នេះ​បាន​កើត​មាន​នៅ​ក្នុង​ពិធី​សម្ភោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារីអគ្គិសនី​តាតៃ​ ដែល​ស្ថិត​ក្នុង​ឃុំ​ឫស្សី​ជ្រុំ​ និង​ឃុំ​តាតៃ​នៃ​ស្រុក​ថ្មបាំង​ខេត្ត​កោះ​កុង​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។

ថ្លែង​ទៅ​កាន់​ឯកអគ្គ​រដ្ឋ​ទូត​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ និង​មន្ត្រី​រដ្ឋាភិបាល​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ដែល​ចូលរួម​ពិធី​នោះ​ លោក​ ហ៊ុន​ សែន ​ថ្លែង​ថា​ រដ្ឋាភិបាល​បាន​សម្រេច​លះបង់​ផ្ទៃដី​ប្រមាណ​៣,០០០​ហិកតា​ក្នុង​តំបន់​ព្រៃ​ការពារ​ និង​អភិរក្ស សម្រាប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ ដែល​មាន​អានុភាព២៤៦​ម៉េ​ហ្គា​វ៉ាត់។

« អញ្ចឹង​ជម្រើស​របស់​យើង​ ត្រូវ​គិត​គូ​ឲ្យ​បាន​ច្បាស់​ថា តើ​យើង​ហ៊ាន​លះបង់​នូវ​ស្ថាន​ភាព​ដី​២,០០០ ឬ​ ៣,០០០​ហិកតា​ ដើម្បី​ទាញ​យក​ភ្លើង​បម្រើ​ឲ្យ​ទូទាំង​ប្រទេស​ សម្រាប់​បង្កើត​ការងារ​ឲ្យ​មនុស្ស​រាប់​សែន​ រាប់​ម៉ឺន​នាក់​ ឬ​ចូល​ដល់​លាន​នាក់​នោះ​ឬទេ។​ នេះ​ជា​ចំណុច​ ព្រោះ​ថា​ ពួក​បរិស្ថាន​និយម​មួយ​ចំនួន​ ដែល​តែងតែ​ជំទាស់​នឹង​ការ​អភិវឌ្ឍ​ស្អី​ក៏​ទាស់​ដែរ»។

លោក​សង្កត់​ធ្ងន់​ថា​ ការ​ជំទាស់​របស់​ក្រុម​អ្នក​បរិស្ថាន​ទាំង​នោះ​គឺ​ជា​ទង្វើ​ជ្រុល​និយម​ ដោយ​លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​សន្និសីទ​សន្តិសុខ​ Xiangshan Forum លើក​ទី​៦ ទៅ​កាន់​អ្នក​វិភាគ មេដឹកនាំ​យោធាន​និង​មេដឹកនាំ​ផ្សេង​ទៀតពី​ទូទាំង​ពិភពលោក​ដែល​ពិភាក្សា​គ្នា​អំពី​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥។ (AP Photo/Ng Han Guan)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​សន្និសីទ​សន្តិសុខ​ Xiangshan Forum លើក​ទី​៦ ទៅ​កាន់​អ្នក​វិភាគ មេដឹកនាំ​យោធាន​និង​មេដឹកនាំ​ផ្សេង​ទៀតពី​ទូទាំង​ពិភពលោក​ដែល​ពិភាក្សា​គ្នា​អំពី​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥។ (AP Photo/Ng Han Guan)

« អញ្ចឹង​គឺ​វិធី​តែ​មួយ​ គឺ​ថា​ សុំ​នាំ​គ្នា​ផលិត​ចន្លុះ​ ជូន​ទៅ​ឲ្យ​ពួក​គាត់​ទៅដល់​ផ្ទះ​ពួក​បរិស្ថាន​ហ្មង។ ពួក​បរិស្ថាន​និយម​មែន​បាន​សេច​ក្តី​ថា​ ពួក​បរិស្ថាន​ជ្រុល​និយម​ និយាយ​អញ្ចេះ​ទៅ​ចុះ។ យើង​យក​ចន្លុះ​ទៅ​ប្រគល់​ឲ្យ​គាត់​ ហើយ​កាត់​ភ្លើង​ចេញ​ពី​ផ្ទះ​គាត់​ហ្មង​ កុំ​ឲ្យ​គាត់​ប្រើ​ភ្លើង​ ព្រោះ​អ្នក​ឯង​ គិត​តែ​ម្ខាង​ អ្នក​ឯង​មាន​ធ្វើ​អី​ទៀត​ ប៉ុន្តែ​ដល់​ទៅ​ពេល​យក​អ្ហា​ចន្លុះ​ទៅ​ឲ្យ​គាត់​ គាត់​ថា​ អា​ជ័រ​ហ្នឹង​បាន​ពី​ណា​ គាត់​ថា​ បាន​មក​ពី​ចោះ​គល់​ឈើ។ អញ្ចឹង​បាន​សេចក្ដី​ថា​ អ្នក​ដែល​ជំទាស់​ គឺ​ជំទាស់​រហូត​ គ្មាន​ទេ​នៃ​ការ​លើក​ទឹក​ចិត្ត​ណាមួយ»។

លោក ​ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ធ្លាប់​បាន​គំរាម​ឆ្លើយ​តប​ដោយ​ប្រើ​កាំភ្លើង​ធុន​ធ្ងន់​ប្រឆាំង​នឹង​សកម្មភាព​ណា​មួយ​ ដែល​ចង់​យក​តំបន់​មួយ​ក្នុង​ខេត្ត​កោះកុង​ ធ្វើ​ជា​តំបន់​អបគមន៍​ នៅ​គ្រា​ដែល​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​វិនិយោគ​ទំនប់​វារីអគ្គិសនី​មួយ។

ការ​ថ្លែង​របស់​លោក​នៅ​ពេល​នោះ​គឺ​សំដៅ​ដល់​សកម្ម​ភាព​របស់​អ្នក​បរិស្ថាន រួម​ទាំងលោក​ Alex Gonzalez Davidson​ ដែល​ព្យាយាម​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​លើ​ស្ទឹងអារ៉ែង​នៃ​ជួរ​ភ្នំក្រវ៉ាញ ពី​សំណាក់​ក្រុមហ៊ុន​វិនិយោគ​ចិន​ Sinohydro។ លោក​ថ្លែងថា​នឹង​ប្រើ​អាវុធ BM21 ​ឬ​កាំជ្រួច​ហ្វូង​ ប្រសិន​បើ​មាន​សកម្មភាព​ធ្វើ​អបគមន៍​នេះ​នៅ​តំបន់​អារ៉ែង។

ការ​ថ្លែង​របស់​លោក​នា​ពេល​នោះ​គឺ​កើត​មាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​លោក​ Alex Gonzalez Davidson​ ដែល​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ ដោយសារ​លោក​សកម្មជន​ការពារ​បរិស្ថាន​រូប​នោះ​បាន​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​នឹង​ការ​វិនិយោគ​ទំនប់​វារី​អគ្គិសនី​នេះ។

យ៉ាង​ណា​ក៏ដោយ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​បន្ទន់​ជំហរ​ចំពោះ​គម្រោង​វិនិយោគ​នេះ​ ដោយ​លោក​ប្រកាស​ថា ​គម្រោង​វិនិយោគ​ទំនប់​វារីអគ្គិសនី​កម្លាំង​ជាង​១០០​ម៉េហ្គាវ៉ាត់​នេះ​អាច​នឹង​ត្រូវ​រំលាយ​ចោល​ និង​មិន​អាច​កើត​មាន​រហូត​ដល់​ឆ្នាំ​២០១៨។

ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង។ ដោយសារ​កង្វះ​នៃ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ក្នុង​ស្រុក​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ និង​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​តាម​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​ខេត្ត​កំពត​ ​កោះកុង​ ​ស្ទឹងត្រែង​ ហើយ​និង​ខេត្ត​ព្រះ​សីហនុ។

លោក គឹម រី សមាជិក​នៃ​អង្គការ​មាតា​ធម្ម​ជាតិ​ ​ថ្លែង​ប្រាប់​VOA ថា​ ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​គឺ​ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ពិចារណា​ ហើយ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ពុំ​បាន​សិក្សា​ទៅលើ​ជម្រើសផ្សេង​នៃ​ការ​ទាញ​យក​ថាមពល​អគ្គិសនី​មក​ប្រើប្រាស់​ក្រៅ​តែ​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ ដែល​បាន​បង្ក​វិនាសកម្ម​ដល់​ធនធាន​ធម្ម​ជាតិ។

« សម្រាប់​ពួក​ខ្ញុំ​ ខ្ញុំ​អត់​ដែល​មាន​មោទនភាព​ ចំពោះ​ការ​ប្រើ​ភ្លើង​អគ្គិសនី​ដែល​បាន​មក​ពី​ទំនប់​វារីអគ្គិសនី​ ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​ ហើយ​យើង​ពេញ​ចិត្ត ​បើ​សិន​ជា​មានការ​ផ្ដាច់​ភ្លើង​ ឬ​ក៏​មាន​ការ​បិទបាំង​មិន​ឲ្យ​យើង​ប្រើ​ប្រាស់​ភ្លើង​ ព្រោះ​យើង​គាំ​ទ្រ​ការ​ប្រើ​ប្រាស់​ថាមពល​ Solar (ថាមពល​ពន្លឺ​ព្រះអាទិត្យ) ​ឬក៏​ថាមពល​អី​ផ្សេង​ ព្រោះ​យើង​ឃើញ​ថា​ ផ្ទះ​ប្រជាជន​ដែល​នៅ​ដាច់​ស្រយាល​មួយ​ចំនួន​ដែល​មិន​ត្រូវ​បាន​អភិវឌ្ឍន៍​មិន​បាន​ផ្ដល់​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​ហ្នឹង​ទេ។ ពួក​គាត់​ចាប់​ផ្តើម​ប្រើ​ប្រាស់​ Solar អស់​ហើយ»។

លោក ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា​ កម្លាំង​ភ្លើង​ដែល​ផលិត​ចេញ​ពី​ខេត្ត​កោះ​កុង​ នឹង​កើន​ដល់​៥៨៤​ម៉េហ្គាវ៉ាត់។ កម្លាំង​ភ្លើង​នេះ​គឺ​ចេញ​មក​ពី​ទំនប់​វារីអគ្គិសនីឫស្សី​ជ្រុំ​ក្រោម​ ដែល​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ដើម​ឆ្នាំ​នេះ​ និង​ទំនប់​ដែល​ទើប​នឹង​សម្ពោធ​នេះ។​

កម្លាំង​ភ្លើង​នេះ​នឹង​ត្រូវ​ផ្គត់​ផ្គង់​ក្នុង​ខេត្ត​កោះកុង​ រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត។

នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ​ លោក​បាន​សួរ​អ្នក​ចូលរួម​អំពី​ការ​ផ្លាស់ប្ដូរ​ការ​សង់​ទំនប់​វារីអគ្គិសនី​មក​ជាការ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​វិញ។ បន្ទាប់​ពី​ការ​ចោទ​សួរ​នោះ​ លោក​ ហ៊ុន សែន បាន​ឆ្លើយ​ខ្លួន​ឯង​ភ្លាមៗ​ថា ការ​ផ្លាស់ប្ដូរ​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ក្នុង​ប្រទេស​ និង​តំបន់។

យ៉ាង​ណា​ក៏ដោយ​ កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ ការ​ផ្គត់​ផ្គង់​អគ្គិសនី​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង​ក្នុង​រយៈពេល​ប្រហែល​មួយ​ម៉ោង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ នា​យប់​ថ្ងៃ​ដដែល​នោះ​ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន បាន​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ ការ​ដាច់​ចរន្ត​អគ្គិសនី​នោះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ភេរវកម្ម​ណា​មួយ​នោះ​ទេ​ តែ​វា​បណ្ដាល​មក​ពី​បញ្ហា​បច្ចេកទេស​នៃ​ការ​បញ្ជូន​អគ្គិសនី​ពី​ប្រទេស​វៀតណាម ដែល​ជា​អ្នក​ផ្គត់​ផ្គង់​អគ្គិសនី​ដ៏​ធំ​មួយ​ដល់​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ថៃ៕

XS
SM
MD
LG