ក្នុងពិធីប្រារព្ធទិវាភពផែនដីនាព្រឹកថ្ងៃអង្គារនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងក្រសួងបរិស្ថាន បានជំរុញឲ្យប្រជាពលរដ្ឋ និងស្ថាប័នផ្សេងទៀតនៅកម្ពុជា ងាកមកប្រើប្រាស់ផ្ទាំងសូឡាឬបន្ទះកញ្ចក់ស្រូបពន្លឺព្រះអាទិត្យដើម្បីការពារបរិស្ថាន។ ការជំរុញនេះធ្វើឡើងខណៈដែលស្ថានទូតអាមេរិកប្រចាំកម្ពុជាបានដំឡើងបន្ទះសូឡាជិត១ពាន់ផ្ទាំង ដើម្បីប្រើប្រាស់ជំនួសថាមពលអគ្គិសនី។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងក្រសួងបរិស្ថាន ជំរុញឲ្យប្រជាពលរដ្ឋខ្មែរ និងស្ថាប័នផ្សេងទៀតនៅកម្ពុជាងាកមកទាញប្រយោជន៍ពីថាមពលព្រះអាទិត្យ តាមរយៈការប្រើប្រាស់បន្ទះសូឡា ដើម្បីជួយការពារបរិស្ថាន។
ថ្លែងក្នុងការប្រារព្ធទិវាភពផែនដីកាលពីព្រឹកថ្ងៃអង្គារ លោក វីលៀម ហៃថ៍ (William Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលើកឡើងថា ប្រទេសកម្ពុជាមានពន្លឺ ថ្ងៃ ច្រើនដែលជាសក្ដានុពលក្នុងការទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់។
លោកបន្ថែមថា ស្ថានទូតអាមេរិកទើបតែបំពាក់គម្រោងថ្មីនៃការប្រើផ្ទាំងសូឡាទ្រង់ទ្រាយធំដំបូងគេបង្អស់ ដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ថាមពលក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងលើកទឹកចិត្តដល់ស្ថាប័នដទៃទៀតឲ្យងាកមកដំឡើងផ្ទាំងសូឡាដើម្បីកាត់បន្ថយការប៉ះពាល់បរិស្ថានផងដែរ។
លោក William Heidt អះអាងថាប្រព័ន្ធផ្ទាំងសូឡាដែលត្រូវបានដំឡើងថ្មីលើដំបូលស្ថានទូតជាង៩០០ផ្ទាំងនេះ នឹងជួយកាត់បន្ថយការប្រើប្រាស់ភ្លើងអគ្គិសនីរបស់ស្ថានទូត ដែលជាជំហានមួយក្នុងការកាត់បន្ថយការបំពុលបរិយាកាស ហើយការដំឡើងផ្ទាំងសូឡាការពារបរិស្ថានដែលត្រូវបានចំណាយប្រាក់អស់ជាង១លានដុល្លារនេះ នឹងជួយស្ថានទូត ឲ្យទទួលបានអគ្គិសនីកម្លាំង២៤០គីឡូវ៉ាត់ និងសន្សំប្រាក់ពីការចំណាយលើអគ្គិសនីចំនួន៦៥,០០០ដុល្លារក្នុងមួយឆ្នាំ។
លោកមានប្រសាសន៍ថា៖
«ស្ថានទូតអាមេរិកមានមោទនភាពក្នុងការធ្វើវិនិយោគនេះទៅលើអនាគតនៃបរិស្ថានកម្ពុជា ហើយយើងសង្ឃឹមថាគ្រប់គ្នានៅស្ថានទូតយើង ក៏នឹងធ្វើតាមមធ្យោបាយរៀងខ្លួនដើម្បីជួយការពារកុំឲ្យមានការបំពុលបរិយាកាស និងរក្សាភាពស្អាតរបស់ប្រទេសកម្ពុជា»។
របាយការណ៍របស់ធនាគារពិភពលោកចេញនៅដើមឆ្នាំ២០១៨នេះបង្ហាញថា ក្នុងឆ្នាំ២០១៧ គ្រួសារចំនួន៧១.៥ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេសកម្ពុជា មានលទ្ធភាពទទួលបានអគ្គិសនីពីបណ្ដាញចែកចាយរបស់រដ្ឋ។ ក្នុងនោះ ជិតពាក់កណ្ដាលនៃគ្រួសារទាំងនេះ ដែលមិនមានលទ្ធភាពទទួលបាន អគ្គិសនីពីបណ្ដាញចែកចាយរបស់រដ្ឋសម្រាប់ប្រើប្រាស់ គឺសុទ្ធតែប្រើប្រព័ន្ធស្រូបថាមពលពន្លឺព្រះអាទិត្យជាចម្បង។
ក្រៅពីបង្ហាញប្រព័ន្ធផ្ទាំងសូឡាដើរដោយថាមពលព្រះអាទិត្យថ្មីរបស់ស្ថានទូតចំនួន៩៤០ផ្ទាំង ក្នុងការប្រារព្ធទិវាភពផែនដីនៅព្រឹកថ្ងៃអង្គារនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានការដាក់តាំងបង្ហាញលក់ផលិតកែច្នៃថាមពលប្រើឡើងវិញ និងការលក់ផលិតផលរបស់កសិករក្នុងស្រុកដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។
លោក ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងពិធីនោះដែរ ប្រាប់អ្នកសារព័ត៌មានថា លោកគាំទ្រចំពោះការសម្រេចប្រើប្រាស់ផ្ទាំងសូឡាដែលមានចំនួនដ៏ច្រើនរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាក្នុងការចូលរួមការពារបរិស្ថាន។
លោកបន្ថែមថា បើទោះបីជាផ្ទាំងសូឡានៅកម្ពុជាមានតម្លៃថ្លៃ ប៉ុន្តែប្រជាពលរដ្ឋគួរជ្រើសយកការប្រើប្រាស់ថាមពលព្រះអាទិត្យពីផ្ទាំងសូឡាយកទៅប្រើប្រាស់ដើម្បីការពារបរិស្ថានទាំងអស់គ្នា។
លោក ឃុត ចាន់ដារ៉ា បន្ថែមដោយរំពឹងថា បច្ចេកវិទ្យាកាន់តែរីកចម្រើន រួមនឹងតម្លៃផ្ទាំងសូឡាថយចុះ នឹងធ្វើឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ផ្ទាំងសូឡា ស្រូបថាមពលពន្លឺព្រះអាទិត្យនេះកាន់តែច្រើន។
លោកមានប្រសាសន៍ថា៖
«ផ្ទាំងសូឡាដែលផលិតពីប្រទេសអាមេរិក ឬក៏ពីប្រទេសមួយចំនួន នៅមានតម្លៃថ្លៃគួរសម អញ្ចឹងប្រជាពលរដ្ឋឥឡូវនេះគាត់ប្រហែលនៅស្ទាក់ស្ទើរក្នុងការធ្វើវិនិយោគជាមួយផ្ទាំងសូឡា ជាមួយនឹងការទិញអគ្គិសនីដែលផ្ដល់ដោយ EDC ឬក៏ការផ្ដល់ដោយអ្នកផ្គត់ផ្គង់អគ្គិសនីជាក់ស្ដែងហ្នឹង។ អញ្ចឹងយើងសង្ឃឹមថា បច្ចេកវិទ្យា ក៏ដូចជាផលិតផលផ្ទាំងសូឡាមួយចំនួនទៀតដែលមានតម្លៃកាន់តែទាបទៅ វានឹងជំរុញឲ្យប្រជាពលរដ្ឋយើងចាប់យកផ្ទាំងសូឡាមកប្រើប្រាស់»។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នរដ្ឋទទួលបន្ទុកកិច្ចការវិនិយោគនៅប្រទេសកម្ពុជា បានប៉ាន់ប្រមាណថា កម្ពុជាត្រូវការថាមពលអគ្គិសនី ២,២៨៣មេហ្គាវ៉ាត់ នៅឆ្នាំ២០១៨ ហើយតម្រូវការ នឹងកើនដល់ ២,៧៧០មេហ្គាវ៉ាត់ នៅឆ្នាំ២០២០។
របាយការណ៍របស់ក្រសួងរ៉ែ និងថាមពល ចេញកាលពីដើមខែមីនា ឆ្នាំ២០១៨នេះបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៧ កម្ពុជាបានផ្គត់ផ្គង់អគ្គិសនីសរុបជាង២ពាន់មេហ្គាវ៉ាត់ (២,២៨២.៣មេហ្គាវ៉ាត់)។ ក្នុងនោះប្រភពថាមពលអគ្គិសនីសំខាន់ៗបានមកពីប្រភពវារីអគ្គិសនីជិត៤៣ភាគរយ ធ្យូងថ្មជាង២៣ភាគរយ ប្រេងម៉ាស៊ូតជាង១១ភាគរយ ជីវម៉ាសជិត៤ភាគរយ និងការនាំចូលពីបរទេសជាង១៨ភាគរយ៕