ពលរដ្ឋអាល្លឺម៉ង់អាចប្រឈមការបិទប្រទេសទាំងមូលដើម្បីបញ្ឈប់ការរាលដាលនៃមេរោគកូរ៉ូណា ប្រសិនបើពួកគេមិនបានគោរពបទបញ្ជាឲ្យស្ថិតនៅក្នុងផ្ទះនៅចុងសប្តាហ៍នេះទេ។ នេះបើតាមពួកមន្រ្តីកាលពីថ្ងៃសុក្រ។
លោកស្រី Helga Braun នាយខុទ្ទកាល័យរបស់លោកស្រីអធិការបរតី Angela Merkel បានប្រាប់ទស្សនាវដ្តី Spiegel ថា៖ «យើង នឹងពិនិត្យមើលឥរិយាបថរបស់ពលរដ្ឋនៅចុងសប្តាហ៍នេះ។ នៅថ្ងៃសៅរ៍ស្អែកនេះ គឺជាថ្ងៃផ្តាច់ព្រាត់»។
ប្រទេសអាល្លឺម៉ង់បានចេញវិធានការដ៏ធំមួយដើម្បីរឹតត្បិតសកម្មភាពសាធារណៈក្នុងការប្រឈមការរាលដាលសាកលនៃមេរោគកូរ៉ូណា ក៏ប៉ុន្តែ បានបញ្ឈប់ភ្លាមៗការបិទជិតក្នុងទ្រង់ទ្រាយធំដូចនៅក្នុងប្រទេសបារាំង អ៊ីតាលីនិងអេស៉្បាញ។
លោកស្រីអធិការបតី Merkelត្រូវគេរំពឹងនឹងជួបនាយករដ្ឋមន្រ្តីក្នុងតំបន់ដើម្បីពិភាក្សាការបិទប្រទេសនៅថ្ងៃអាទិត្យនេះ នៅពេលដែលមានការព្រួយកង្វល់កាន់តែខ្លាំងឡើងថា សាធារណជន មិនបានស្តាប់ការអំពាវនាវរបស់រដ្ឋាភិបាលឲ្យពួកគេស្ថិតនៅក្នុងផ្ទះក្នុងពេលមានវិបត្តិនេះ។
លោកស្រី Braun បាននិយាយថា៖ «យើងសង្ឃឹមថា ពលរដ្ឋយល់ពីវិធានការនៅពេល បច្ចុប្បន្ននេះហើយប្រុងប្រៀបកាត់បន្ថយជីវភាពសង្គម។ ប្រសិនបើ យើងក្រឡេកមើលប្រទេសជិតខាង ការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ថា ការបិទប្រទេស នឹងក្លាយជាបន្ទុកយ៉ាងធំបំផុត»។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានព្រមានថា វិធានការតឹងតែងកាន់តែច្រើនទៀតនឹងត្រូវដាក់ចេញ ប្រសិនបើពលរដ្ឋបន្តជួបគ្នាក្នុងកន្លែងសាធារណៈ។
រង្គសាល ក្លឹប មជ្ឈមណ្ឌលកំសាន្តនិងហាងលក់ដូរមិនសំខាន់ បានបិទទ្វាររួចហើយ។
រដ្ឋជាច្រើន បានហាមឃាត់ការជួបជុំគ្នាដែលមានមនុស្សច្រើន ហើយលោកស្រីអធិការបតី Merkel និងមេដឹកនាំផ្សេងទៀតបានអំពាវនាវសាធារណជនឲ្យស្ថិតនៅផ្ទះ។
ទោះជាយ៉ាងនេៈក៏ដោយ មនុស្សជាច្រើនកំពុងបន្តជួបគ្នានៅតាមផ្លូវ ដោយមានការរៀបចំពិធីជប់លៀង ដែលបណ្តាលឲ្យនាយករដ្ឋមន្រ្តីតាមរដ្ឋព្រមានថា ការបិទប្រទេស នឹងក្លាយជាវិធានការថ្មីបន្ទាប់។
លោក infried Kretschmann នាយករដ្ឋមន្រ្តីរដ្ឋ Baden-Wuerttemberg ភាគនិរតីអាល្លឺម៉ង់ បាននិយាយថា៖ «ប្រសិនបើ ពលរដ្ឋគ្រប់រូប មិនផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនទេ យើងនឹងមិនអាចបញ្ចៀសវិធានការនិងការដាក់ទណ្ឌកម្មតឹងតែងនោះទេ»៕