យុទ្ធនាការឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០១៦នេះ មានភាពមិនប្រក្រតីលើផ្នែកជាច្រើន ប៉ុន្តែផ្នែកមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានលក្ខណៈជាប្រវត្តិសាស្រ្ត។ នេះជាលើកដំបូងហើយដែលគណបក្សធំមួយបានជ្រើសតាំងស្ត្រីមួយរូបគឺ លោកស្រី Hillary Clinton នៃគណបក្សប្រជាធិបតេយ្យ ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួន។ ប៉ុន្តែតើអ្វីទៅដែលបានអូសបន្លាយពេលយ៉ាងយូរដើម្បីសម្រេចបានការតែងតាំងដូចនេះ នៅក្នុងប្រទេសមួយដែលឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី និងការអភិវឌ្ឍនៅជុំវិញពិភពលោក? ហើយតើការប៉ាន់ស្មានលើតួនាទីរបស់ស្ត្រីជះឥទ្ធិពលយ៉ាងណាទៅលើការឆ្លើយតបរបស់សាធារណជនចំពោះបេក្ខជនប្រធានាធិបតីជាស្រ្តី?
ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីគ្លីនតុន បាននិយាយថា ការរិះគន់លើលោកស្រីក្នុងពេលកន្លងមក ជាញឹកញាប់ មានបង្កប់ភាពលម្អៀងផ្នែកយេនឌ័រ។ លោកស្រី Michele Swers សាស្រ្តាចារ្យផ្នែកការសិក្សាអំពីរដ្ឋាភិបាលអាមេរិកនៅសាកលវិទ្យាល័យ Georgetown ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ប្រជាជននៅតែផ្សារភ្ជាប់ភាពរឹងមាំនិងគុណភាពជាអ្នកដឹកនាំជាមួយបុរស។
«ស្ត្រីធ្វើដំណើរនៅក្នុងផ្លូវតូចចង្អៀតជាងបុរស ដូច្នេះស្ត្រីដែលចូលប្រឡូកក្នុងវិស័យនយោបាយត្រូវតែបង្ហាញថា ពួកគេមានទាំងគុណសម្បត្តិជាអ្នកដឹកនាំដូចបុរស ហើយថែមទាំងមានបុគ្គលិកលក្ខណៈ(ទន់ភ្លន់)ដែលគេគិតថាស្ត្រីត្រូវមានផងដែរ»។
លោកស្រី Swers និយាយថា លោកស្រីគ្លីនតុន ត្រូវបានគេរិះគន់ជាញឹកញាប់ថា មិនយល់ពីអារម្មណ៍អ្នកដទៃ និងមានល្បិចកល។
លោកស្រី Sonya Michel ជាសាស្រ្តាចារ្យមួយរូប ដែលការបង្រៀនរបស់លោកស្រីផ្តោតទៅលើប្រវត្តិសាស្រ្តស្ត្រីនិងយេនឌ័រនៃសាកលវិទ្យាល័យ Maryland បាននិយាយថា ផ្ទុយទៅវិញ នៅពេលដែលលោកស្រី គ្លីនតុន បង្ហាញភាពទន់ភ្លន់របស់លោកស្រី បែរជាមានប្រតិកម្មផ្ទុយពីនោះទៅវិញ។
«នៅពេលដែលលោកស្រីកាន់តែព្យាយាមជៀសវាងពីការរិះគន់ទាំងនោះ (ថាមោះមុតដូចបុរសពេក) មនុស្សទូទៅតែងចោទសួរថា តើលោកស្រីខ្លាំងប៉ុណ្ណា? តើលោកស្រីរឹងមាំប៉ុណ្ណា? អ្នកដឹងទេថា តើលោកស្រីនឹងអាចបំពេញតួនាទីនៅលើឆាកអន្តរជាតិដោយរបៀបណា»?
ប៉ុន្តែសាស្រ្តាចារ្យ Swers និយាយថា ការរិះគន់ដែលលោកស្រី គ្លីនតុន ទទួលបានគឺមិនត្រឹមតែដោយសារភាពលម្អៀងយេនឌ័រតែប៉ុណ្ណោះទេ។
«ខ្ញុំគិតថា ការរិះគន់ដែលទាក់ទងទៅនឹងសារអេឡិចត្រូនិក និងយុទ្ធនាការដើម្បីប្រមូលការបរិច្ចាគឲ្យមូលនិធិគ្លីនតុននោះ គឺសមស្របនៅក្នុងន័យដែលថា ការរិះគន់នោះចោទសួរពីតម្លៃដែលយើងប្រកាន់ខ្ជាប់ទាក់ទងនឹងតម្លាភាព ភាពស្មោះត្រង់ និងបុគ្គលិកលក្ខណ:នៃភាពជាអ្នកដឹកនាំរបស់យើង»។
ប៉ុន្តែ លោកស្រី Swers និយាយថា វាជាការងាយស្រួលក្នុងការដែលសំណួរទាំងនោះពាក់ព័ន្ធគ្នាទៅនឹងភាពលម្អៀងផ្នែកយេនឌ័រ ពីព្រោះថា បេក្ខជនជាស្រ្តី ត្រូវបានគេគិតថា ត្រូវមានភាពស្មោះត្រង់ជាង គួរឲ្យទុកចិត្តជាង និងគួរឲ្យចូលចិត្តជាងបុរស។
អ្នកផ្សាយព័ត៌មានជនជាតិអេស្ប៉ាញអ្នកស្រី Dori Toribio បាននិយាយថា បន្ថែមពីលើនេះទៀត ស្រ្តីក៏ត្រូវត្រៀមខ្លួនជាងបុរសផងដែរ។
«បញ្ហាសម្រាប់ស្ត្រីនៅក្នុងឆាកនយោបាយគឺដូច្នេះឯង។ អ្នកត្រូវតែចាស់ទុំ ហើយតាមការគិតរបស់ខ្ញុំ អ្នកត្រូវតែល្អជាងបុរស១០ដង ទើបអ្នកអាចឈានទៅដល់ចំណុចនោះបាន។ អ្នកត្រូវតែបង្ហាញពីសមត្ថភាពខ្លួនឯងដល់អ្នកដទៃគ្រប់ពេលវេលា»។
នៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខ ពិភពលោកនឹងដឹងហើយថា តើអ្នកបោះឆ្នោតអាមេរិក នឹងជ្រើសរើសស្ត្រីឲ្យធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកដែរឬទេ? បើការណ៍នេះកើតឡើង វានឹងលុបបំបាត់ចោលនូវឧបសគ្គដ៏ធំបំផុត ដែលរារាំងស្រ្តី៕
ប្រែសម្រួលដោយ ផន បុប្ផា