កងទ័ពចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាសសារជាថ្មីនៅក្នុងប្រទេសយេម៉ែន ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសបញ្ឈប់យុទ្ធនាការទម្លាប់គ្រាប់បែកដែលមានរយៈពេលមួយខែមកហើយ។
ការវាយប្រហារតាមអាកាស បានត្រូវចំទីតាំងនានារបស់ពួកឧទ្ទាម Houthi ក្នុងទីក្រុង Taiz ភាគកណ្តាលហើយនឹងទីក្រុងកំពង់ផែ Aden ភាគខាងត្បូងនៅពេលដែលការវាយប្រហារថ្មើរជើងរវាងពួកឧទ្ទាមនិងពួកអ្នកគាំទ្រប្រធានាធិបតីនិរទេសខ្លួន Abd-Rabbu Mansour Hadi បានបន្តនៅក្នុងតំបន់ទាំងពីរនោះ។
នៅក្នុងទីក្រុង Taiz ពួកឧទ្ទាមបានដណ្តើមកាន់កាប់ទីបញ្ជាការកងទ័ពពីកងទ័ពដែលគាំទ្រប្រធានាធិបតី Hadi មុនពេលការវាយប្រហារតាមអាកាសត្រូវចំតំបន់នោះ។
កាលពីថ្ងៃអង្គារ ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសបញ្ចប់យុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួនដែលមានគោលបំណងបញ្ឈប់ការរុលទៅមុខរបស់ពួកឧទ្ទាម Houthi ក៏ប៉ុន្តែ បាននិយាយថា ការផ្តោតការយកចិត្តទុកដាក់ថ្មីរបស់ខ្លួនគឺគាំទ្រដំណោះស្រាយខាងនយោបាយមួយ ក៏អាចរួមបញ្ចូលទាំងសកម្មភាពនានាដើម្បីរារាំងពួកឧទ្ទាមកុំឲ្យទទួលបានឬប្រើប្រាស់អាវុធរបស់កងទ័ពយេម៉ែន។
ក្នុងខណៈនោះដែរ ពួកឧទ្ទាមHouthiនិកាយស៊ីអ៊ីដ កំពុងអំពាវនាវឲ្យមានវិលត្រឡប់ទៅកាន់ការចរចាសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិដើម្បីដោះស្រាយជម្លោះក្នុងប្រទេសយេម៉ែន។
នៅក្នុងទីក្រុងញូវយ៉កវិញ លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា អង្គការសហប្រជាជាតិប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីដើរតួនាទីមួយដើម្បីសម្រុះសម្រួឲ្យមានការចរចាសន្តិភាព។
កាលពីសប្តាហ៍មុន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានមានប្រសាសន៍ថា ដំណើរការការទូតដែលគាំទ្រដោយអង្គការសហប្រជាជាតិ នៅតែជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីចេញពីសង្គ្រាមដែលមានការពាក់ព័ន្ធយ៉ាងស្មុគ្រស្មាញដល់ស្ថេរភាពក្នុងតំបន់៕