ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានអនុម័តការបញ្ឈប់មិនឲ្យមានការផ្តល់អាវុធជាបណ្ណោះអាសន្នទៅឲ្យក្រុមមេដឹកនាំឧទ្ទាម Shi'ite Houthi នៃប្រទេសយេម៉ែនហើយបានទាមទារឱ្យក្រុមនេះដកថយចេញពីរដ្ឋធានីសាណា (Sana'a) និងដែនដីទាំងអស់ដែលពួកគេបានវាយយកបាន។
កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តនេះដោយមាន១៤សំទ្បេងទល់នឹងសូន្យ ហើយប្រទេសរុស្សីបានបោះឆ្នោតអនុប្បវាទ។
លោក Vitaly Churkin ឯកអគ្គរដ្ឋទូតរុស្សីប្រចាំអ.ស.ប.បាននិយាយថាសេចក្តីសម្រេចចិត្តនេះមិនបានអំពាវនាវឱ្យមានការបញ្ឈប់ការវាយប្រហារតាមអាកាសដែលបានធ្វើដោយក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមឧទ្ទាមទេ។ ក្រុមឧទ្ទាម Houthis បានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងគាំទ្រប្រធានាធិបតី Abd-Rabbu Mansour Hadi នៃប្រទេសយេម៉េនដែលមានការគាំទ្រអន្តរជាតិ។
លោក Khaled Hussein Alyemany ឯកអគ្គរដ្ឋទូតនៃប្រទេសយេម៉ែនប្រចាំអ.ស.ប.បានអំពាវនាវដល់ក្រុមឧទ្ទាមឱ្យ «បញ្ឈប់រដ្ឋប្រហាររបស់ពួកគេ» និង «ប្រគល់រដ្ឋដែលទទួលបានដោយបង្ខំនេះទៅឱ្យរដ្ឋាភិបាលត្រឹមត្រូវតាមច្បាប់នៃប្រទេសយេម៉ែនវិញ»។
វិធានការនេះដែលបានត្រូវព្រាងដោយប្រទេសហ្ស៊កដានីនិងក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្រ Perse ក៏បានដាក់កំហិតការធ្វើដំណើរនិងការផ្អិបធនធានរបស់មេដឹកនាំឧទ្ទាមឈ្មោះ Abdul-Malik al-Houthi និងឈ្មោះ Ahmed Ali Abdullah Saleh ដែលជាកូនប្រុសអតីតប្រធានាធិបតីយេម៉ែនដែលគាំទ្រក្រុម Houthis៕