ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីតកំពុង​បង្ក​ភាព​តានតឹង​អំពី​បញ្ហា​នៅ​យេម៉ែន


ផ្សែង​ហើរ​ពាសពេញ​កន្លែង​កើត​ហេតុ​កំឡុង​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ Republican Palace នៅ​ក្រុង Taiz ភាគ​នរតី​នៃ​ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥។
ផ្សែង​ហើរ​ពាសពេញ​កន្លែង​កើត​ហេតុ​កំឡុង​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ Republican Palace នៅ​ក្រុង Taiz ភាគ​នរតី​នៃ​ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥។

ភាព​តានតឹង​រវាង​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​តែ​កើន​ទ្បើង​ខ្លាំង​ទៅៗ​ ដោយ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani បាន​រិះគន់​ខ្លាំង​ដល់​ការ​វាយ​ប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ Houthi នៅ​ក្នុង​ប្រទេស​យេម៉ែន។​

នៅ​ក្នុង​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​ទិវា​កងទ័ព​ជាតិ​នៃ​ប្រទេស​អ៊ីរ៉ង់ លោក Rouhani បាន​មាន​ប្រសាសន៍​ថា «អ្នកឯង​បាន​សាបព្រួស​ភាព​ស្អប់​ខ្ពើម​នៅ​ក្នុង​ចិត្ត របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ។ហើយ​អ្នកឯង​នឹង​ឃើញ​ការ​ឆ្លើយតប​មិន​យូរ​មិនឆាប់​ជា​មិនខាន»។

កាល​ពី​ពេល​មុន Ayatollah Ali Khamenei មេដឹកនាំ​កំពូល​នៃប្រទេស​អ៊ីរ៉ង់​បាន​ហៅ​យុទ្ធនាការ​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ប្រទេស​យេម៉ែន​ថា​ជា «ការ​សម្លាប់​ប្រល័យ​ពូជសាសន៍» និង​ជា «ឧក្រិដ្ឋកម្ម» មួយ។​ គេ​មាន​ជំនឿ​ថា​ប្រទេស​អ៊ីរ៉ង់​គាំទ្រ​ក្រុម​ឧទ្ទាម​ Shi'ite Houthi ទាំង​ខាង​យោធា​និង​ទាំង​ខាង​ហិរញ្ញវត្ថុ ក៏ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធ​ហើយ។

នៅ​ក្រោយ​មាន​ការ​វាយ​ប្រហារ​តាម​យន្តហោះ​ថែម​ទៀត​កាលពី​ថ្ងៃ​សុក្រ​ ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​សន្យា​កាល​ពី​ថ្ងៃ​សៅរ៍​ថា​នឹង​ផ្តល់​ប្រាក់​ទាំង​អស់​ចំនួន​២៧៤​លាន​ដុល្លារ​ដែល​អ.ស.ប.​បាន​សុំ​សម្រាប់​ជំនួយ​មនុស្ស​ធម៌​គ្រា​មាន​អាសន្ន​នៅ​ក្នុង​ប្រទេស​យេម៉ែន។ ​អ.ស.ប.​បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​១សែន​៥ម៉ឺន​នាក់​បាន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សំបែង​ដោយសារ​ជម្លោះ​នេះ​នៅ​ពេល​ដែល​មនុស្ស​ជាង​៧០០នាក់​ទៀត​បាន​ស្លាប់​ចាប់​តាំងពី​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ចាប់ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​បី​សប្តាហ៍​កន្លង​មក​នេះ។​

សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវ​ការ​មួយបាន​ដក​ស្រង់​ពាក្យ​សម្តី​លោក​ Adel bin Ahmed Al-Jubeir ឯក​អគ្គ​រាជ​ទូតអារ៉ាប៊ីសាអូឌីត​ប្រចាំ​ស.រ.អា.​ដែល​បាន​មាន​ប្រសាសន៍​ថា «ការ​ធ្វើ​វិភាគទាន​នេះ​បង្ហាញ​ការ​ប្តេជ្ញា​របស់​ព្រះរាជាណាចក្រ​ក្នុង​ការ​ជួយ​ប្រជារាស្ត្រ​យេម៉ែន​ដែល​ជា​បង​ប្អូន»៕

XS
SM
MD
LG