កូដកម្មនៅទូទាំងប្រទេសអំពីកំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលបានធ្វើឱ្យមានការគាំងដំណើរនៅក្នុងតំបន់ច្រើនបំផុតនៃប្រទេសបារាំង បានចូលដល់ថ្ងៃទីពីរហើយកាលពីថ្ងៃសុក្រ។
មានក្ដីកង្វល់ថា ការស្នើឱ្យមានការសើរើប្រាក់សោធននិវត្តន៍នឹងបង្ខំមនុស្សរាប់លាននាក់ឱ្យធ្វើការយូរជាងមុន ឬប្រឈមនឹងអត្ថប្រយោជន៍ដែលមានប្រាក់កម្រៃតិចជាងមុន។ កង្វល់នេះបានបណ្តាលឱ្យមានកូដកម្មនេះ ហើយបានធ្វើឱ្យផ្នែកជាច្រើនរបស់ប្រទេសគាំងដំណើរ។
មនុស្សជាង៨សែននាក់បានចូលរួមក្នុងបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលសហជីពបានធ្វើកូដកម្មនៅទូទាំងប្រទេសប្រឆាំងនឹងផែនការរបស់លោកប្រធានាធិបតី Emmanuel Macron ដើម្បីកែទម្រង់ប្រព័ន្ធប្រាក់សោធននិវត្តន៍របស់ប្រទេសនេះ។
នៅក្នុងថ្ងៃទីពីរបន្តបន្ទាប់គ្នា កូដកម្មទាំងនេះបានបិទការដឹកជញ្ជូន, បង្ខំសាលារៀនភាគច្រើនឱ្យបិទទ្វារ, មន្ទីរពេទ្យមានបុគ្គលិកតិចជាងមុន និងហើយក៏គ្មានការផ្ដល់សេវាសាធារណៈមូលដ្ឋានរបស់រដ្ឋាភិបាលដែរ។
បាតុកម្មដោយសន្តិវិធីដោយភាគច្រើនបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងក្រុងប៉ារីស និងក្រុងជាង២៤ទៀតនៅទូទាំងប្រទេសបារាំង៕