ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​អំពាវនាវ​ដល់​ក្រុមប្រទេស G7 ឲ្យ​បន្ថែម​ថវិកា​ទ្វេដង​ទៅក្នុង​មូលនិធិ​អប់រំស្រ្តី​ក្នុង​តំបន់ Sahel ទ្វីបអាហ្វ្រិក


រូបឯកសារ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ចូលរួមក្នុងពិព័រណ៍អាកាស​អន្តរជាតិលើកទី ៥៣ នៅ​ព្រលានយន្តហោះ Le Bourget ជិតក្រុងប៉ារីស។
រូបឯកសារ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ចូលរួមក្នុងពិព័រណ៍អាកាស​អន្តរជាតិលើកទី ៥៣ នៅ​ព្រលានយន្តហោះ Le Bourget ជិតក្រុងប៉ារីស។

ថ្លែង​នៅ​ឯទីស្នាក់ការ​កណ្តាល​អង្គការ UNESCO ក្នុង​ទីក្រុងប៉ារីស​ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ដាក់​បង្ហាញ​គម្រោង​ផ្តួចផ្តើម​ដើម្បី​បង្កើន​ឱកាស​ក្នុង​វិស័យអប់រំ​ និង​សេដ្ឋកិច្ច​ដល់​ស្រ្តី ដោយ​ផ្តោត​ជាពិសេស​ទៅលើ​ស្រ្តី​ក្នុងតំបន់ Sahel នៃ​ទ្វីបអាហ្វ្រិក។

ប្រទេស​បារាំង​ដែល​ជា​ប្រធាន​ក្រុមប្រទេស G7 ចង់​ឲ្យ​ក្រុមប្រទេស​អ្នកមាន​បំផុត​នៅក្នុង​ពិភពលោក​នេះ​ បន្ថែម​ថវិកា​ទ្វេដង​ទៅក្នុង​មូលនិធិ​សម្រាប់​ការអប់រំ​ស្រ្តី​នៅ​ក្នុង​តំបន់ Sahel នៅ​ឯ​សន្និសីទកំពូល​ក្នុងក្រុង Biarritz ប្រទេសបារាំង​នៅ​ខែ​ក្រោយ​នេះ។ ការអំពាវនាវ​ត្រូវ​បាន​ធ្វើឡើង ​ខណៈ​ក្រុមរដ្ឋមន្រ្តី​បាន​បញ្ចប់កិច្ចប្រជុំ​ក្នុង​ទីក្រុងប៉ារីស ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ឱកាសអប់រំ​ និង​ការអភិវឌ្ឍ​សម្រាប់ស្រ្តី។

ថ្លែង​នៅ​ឯទីស្នាក់ការ​កណ្តាល​អង្គការ UNESCO ក្នុង​ទីក្រុងប៉ារីស​ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ដាក់​បង្ហាញ​គម្រោង​ផ្តួចផ្តើម​ដើម្បី​បង្កើន​ឱកាស​ក្នុង​វិស័យអប់រំ​ និង​សេដ្ឋកិច្ច​ដល់​ស្រ្តី ដោយ​ផ្តោត​ជាពិសេស​ទៅលើ​ស្រ្តី​ក្នុងតំបន់ Sahel នៃ​ទ្វីបអាហ្វ្រិក។

លោកប្រធានាធិបតី Macron បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «លោក​សូម​អំពាវនាវ​ដល់​សមាជិក​នៃ​ក្រុមប្រទេស G7 ឲ្យ​បន្ថែម​ថវិកា​ទេ្វដង​ទៅក្នុង​មូលនិធិ​សម្រាប់​ការអប់រំ​ស្រ្តី​នៅ​តំបន់ Sahel ប៉ុន្តែ​ក៏​ត្រូវធានា​ឲ្យ​បាន​ថា ​មូលនិធិ​នេះ​ត្រូវ​បាន​ចំណាយ​ដោយ​មាន​ប្រសិទ្ធភាព​ និង​អាច​ជួយ​ផ្លាស់ប្តូរ​ស្ថានភាព​ឲ្យ​ប្រសើរ​ឡើង»។

លោកប្រធានាធិបតី Macron បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ខ្ញុំសូម​ថ្កោលទោស​លើ​ជនណា​ដែល​មិនព្រម​ឲ្យ​ស្រ្តី​ទទួល​បាន​ការអប់រំ​ រួមទាំង​ហេតុផល​សាសនា​ផងដែរ។ ការ​ដាក់​ស្រ្តី​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ​គឺ​ជា​ទម្រង់​នៃ​ទាសភាព​សម័យ​ទំនើប»។

លោកប្រធានាធិបតី​បារាំង​បាន​ថ្លែង​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​ពីរថ្ងៃ ដែល​បាន​នាំក្រុម​រដ្ឋមន្រ្តី​អប់រំ​មក​ពី​ប្រទេស​អ្នកមាន​បំផុតទាំង ៧​នៅក្នុង​ពិភពលោក​ឲ្យ​ជួបជុំគ្នា​នៅ​ក្រោមប្រធានបទ​ដ៏ទូលំទូលាយ​មួយ​ អំពីការប្រយុទ្ធប្រឆាំង​នឹង​វិសមភាព ដែល​ជា​គោល​ដៅ​នៅក្នុង​អាណត្តិជា​ប្រធាន​ក្រុមប្រទេស G7 របស់​ប្រទេសបារាំង។

លោកស្រី Azoulay អគ្គនាយក​អង្គការ​ UNESCO បាន​ថ្លែង​ថា៖ «នៅស្របពេល​ដែល​សមភាពយេនឌ័រ​ក្នុង​វិស័យ​អប់រំ​កំពុង​កើនឡើង​នៅជុំវិញ​ពិភពលោក​នោះ​ តំបន់​មួយ​ចំនួន​រួមទាំង​តំបន់​មាន​ជម្លោះ​ផងដែរនោះ​ មាន​ការវិវត្ត​យឺតយ៉ាវ។ នៅតាម​តំបន់​ក្រីក្រ​បំផុត​មួយចំនួន​នៃ​តំបន់​ភាគខាងត្បូង​វាលខ្សាច់​សាហារ៉ា​នៃ​ទ្វីបអាហ្វ្រិក​មាន​ក្មេងស្រី​តែ ៣០នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​ក្មេងប្រុស​១០០នាក់​ បាន​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ​នៅ​ចន្លោះ​ពី​ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧»។

នាង Malala Yousafzai ជ័យលាភី Nobel សន្តិភាព​និង​ជា​សកម្មជន​សិទ្ធិមនុស្ស​ប៉ាគីស្ថាន​ក៏​បាន​អំពាវនាវ​ដល់​សមាជិក​នៃ​ក្រុមប្រទេស G7 ឲ្យ​បង្កើន​មូលនិធិ​ទៅក្នុង​គម្រោង​អប់រំ​សម្រាប់​ស្រ្តី​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍នានា​ ជាពិសេស​នៅក្នុង​ទ្វីបអាហ្វ្រិក។

នាង Yousafzai បាន​និយាយ​ថា៖ «បច្ចុប្បន្ន​ គ្មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​វិបត្តិ​វិសមភាព​នេះ​ទេ។ ថវិកា​ជំនួយ​តែ​ ១០ភាគរយ​ប៉ុណ្ណោះ​នៃ​ក្រុម​ប្រទេស G7 បាន​ទៅ​ដល់ប្រទេស​នានា​ ដែល​ស្រ្តី​ប្រឈម​នឹងឧបសគ្គ​ធ្ងន់ធ្ងរ»។

នាងYousafzai បាន​ថ្លែង​បន្ត​ទៀតថា ​ការអប់រំ​ស្រ្តី​អាច​ជួយ​បង្កើន​ថវិកា​រហូត​ដល់ ៣០លានលានដុល្លារ​ដល់​សេដ្ឋកិច្ច​សកលលោក​ និង​បាន​ជំរុញ​ដល់​ប្រទេស​ជា​សមាជិក​នៃ​ក្រុម G7 ឲ្យ​ធានា​ថា​ ស្រ្តី​នៅទូទាំង​ពិភពលោក​អាច​ចូលរៀន​នៅ​សាលា​ឲ្យ​បាន​យ៉ាង​ហោចណាស់ ១២ឆ្នាំ៕

XS
SM
MD
LG