ចាប់ពីដើមឆ្នាំនេះស្រ្តីជាង១០០នាក់ត្រូវបានសម្លាប់នៅប្រទេសបារាំងដោយស្វាមី ដៃគូ ឬអតីតដៃគូរបស់ពួកគេ។
យោងតាមតួលេខរបស់រដ្ឋាភិបាល រៀងរាល់បីថ្ងៃ មានស្រ្តីម្នាក់ត្រូវបានសម្លាប់នៅប្រទេសបារាំងដោយដៃគូ ឬអតីតដៃគូរបស់នាង។ ពេលខ្លះស្រ្តីត្រូវបានសម្លាប់ ដោយសារតែរស់នៅជាមួយនឹងបុរសដែលមានអត្តចរិតរំលោភបំពាន។ ប៉ុន្តែស្រ្តីជាច្រើននៅតែត្រូវបានសម្លាប់ បើទោះបីជាពួកគេបានចាកចេញពីដៃគូ និងបានរាយការណ៍ទៅអាជ្ញាធរអំពីការគំរាមកំហែងក៏ដោយ។ ឧទាហរណ៍ដូចជាករណីរបស់នាង Julie Douib ដែលមានកូនពីរនាក់ ត្រូវបានសម្លាប់កាលពីខែមីនា ដោយអតីតដៃគូរបស់នាង។
លោក Lucien Douib ឳពុករបស់នាង Julie Douib បានរៀបរាប់អំពីហេតុការណ៍នោះថា៖ «នាងបានដាក់ពាក្យបណ្តឹង៥ទៅ៦ដង។ ខ្ញុំក៏បានដាក់ពាក្យបណ្តឹងដោយខ្លួនឯងពី៥ទៅ៦ដងដែរអំពីករណីគំរាមសម្លាប់នេះ។ យើងបានទទួលការព្រមានសម្លាប់ ហើយបីថ្ងៃក្រោយមកនាងក៏ត្រូវបានសម្លាប់។ ពាក្យបណ្តឹងរបស់យើងត្រូវបានបដិសេធទាំងអស់។ ខ្ញុំមិនយល់ពីមូលហេតុទេ»។
នាង Julie គឺជាជនរងគ្រោះទី៣០ដោយសារអំពើហិង្សាក្នុងគ្រួសារនៅប្រទេសបារាំងនៅឆ្នាំនេះ។ បន្ទាប់ពីនាងមក មានស្រ្តី៧១នាក់ទៀត ត្រូវបានសម្លាប់នៅប្រទេសបារាំង។ ការកើនឡើងចំនួនមនុស្សស្លាប់បានបង្កឲ្យសាធារណជនផ្ទុះកំហឹង និងទាមទារឲ្យមានចំណាត់ការចំណោះបញ្ហានេះ។
នាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe កាលពីថ្ងៃអង្គារ បានប្រកាសថា រដ្ឋាភិបាលកំពុងរៀបចំមូលនិធិមួយបន្ថែមទៀត ដើម្បីបង្កើតផ្ទះសម្រាប់គ្រាអាសន្នសម្រាប់ស្រ្តីរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ។
លោក Edouard Philippe បានថ្លែងថា៖ «យើងដឹងថាស្ត្រីដែលរស់នៅជាមួយដៃគូ ជាមនុស្សមានចារិតរំលោភបំពាន ជាទូទៅសុខចិត្តទ្រាំរស់នៅក្នុងស្ថានភាពដូច្នេះ ដោយសារពួកគេខ្វះប្រភពហិរញ្ញវត្ថុ និងមធ្យោបាយនានាដើម្បីនាំកូនៗរបស់ពួកគេចាកចេញពីស្ថានភាពនេះ។ ដូច្នេះ យើងនឹងបន្ថែមថវិកាចំនួន៥លាន៥សែនដុល្លារអាមេរិក ដើម្បីបង្កើតកន្លែងស្នាក់នៅ និងផ្ទះសម្រាប់គ្រាអាសន្នថ្មីចំនួន១០០០កន្លែង។ ជម្រកគ្រាអាសន្នចំនួន២៥០នឹងត្រូវសាងសង់នៅក្នុងឆ្នាំ២០២០ ដើម្បីធានាសន្តិសុខបន្ទាន់»។
លោកបន្តថា៖ «រដ្ឋមន្រ្តីក្រសួងលំនៅដ្ឋានក៏នឹងបង្កើតកន្លែងស្នាក់បណ្តោះអាសន្ននៅចំនួន៧៥០កន្លែងផងដែរ តាមរយៈការរៃអង្គាសប្រាក់ឧបត្ថម្ភបណ្តោះអាសន្ន។ កន្លែងស្នាក់នៅទាំងនេះនឹងជួយជាជម្រកសម្រាប់ស្រ្តីរងគ្រោះនិងកូនៗរបស់ពួកគេ។ វាមិនមែនសង់ឡើងជាជម្រកសម្រាប់គ្រាអាសន្នទេ។ ពួកគេអាចស្នាក់នៅបានពី៦ខែទៅ១ឆ្នាំ»។
ចំណាត់ការផ្សេងៗទៀតរួមទាំងកម្មវិធីអប់រំសម្រាប់គ្រួសាររងគ្រោះ និងការដោះស្រាយរបស់ប៉ូលិសចំពោះបណ្តឹងនានា ព្រមទាំងការដាក់ពិន័យដល់អ្នកប្រព្រឹត្តផងដែរ។ លោក Edouard Philippe បានថ្លែងបន្តទៀតថា៖ «នៅពេលដែលដៃគូ និងអតីតដៃគូប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ហើយបន្ទាប់មករួចខ្លួននោះ ខ្ញុំជឿថា សង្គមទាំងមូលគឺជាអ្នករងគ្រោះពីទង្វើនេះ។ ហើយវាដល់ពេលហើយក្នុងការធានាដល់ស្រ្តីជនជាតិបារាំងទាំងអស់នូវសិទ្ធិក្នុងការរស់នៅ ដោយមានឬគ្មានដៃគូរបស់ពួកគេ។ នេះហើយគឺជាយុត្តិធម៌សម្រាប់ពួកគេ»។
អំពើហិង្សាក្នុងគ្រួសារតែងតែកើតឡើងនៅជុំវិញពិភពលោក។ ការសិក្សាស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិ បានរកឃើញថា ស្រ្តីប្រមាណជា៣ម៉ឺននាក់ត្រូវបានសម្លាប់កាលពីឆ្នាំ២០១៧ ដោយដៃគូជិតស្និតរបស់ពួកគេ ដោយសារតែខ្វះការការពារដល់ស្រ្តីដែលរងការរំលោភបំពានទាំងនេះ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា