កាលពីថ្ងៃពុធទី១៦ ខែធ្នូ តុលាការមួយក្នុងប្រទេសបារាំងបានកាត់ទោសមនុស្ស១៤នាក់ដែលបានជួយពួកអ្នកវាយប្រហារឥស្លាមនិយមនៅក្នុងការវាយប្រហាររបស់ពួកគេកាលពីខែមករាឆ្នាំ២០១៥ ប្រឆាំងនឹងទស្សនាវដ្តី Charlie Hebdo និងផ្សារទំនើបជ្វីសមួយ។
ជ័យជម្នះមួយសម្រាប់ក្រុមជនរងគ្រោះនិងសេរីភាពខាងការនិយាយស្តី-នេះជាអ្វីដែលពួកសកម្មជននិងពួកមេធាវីបានពណ៌នាសេចក្តីសម្រេចនៅក្នុងក្រុង Paris នៅក្រោយពួកគេចាកចេញពីតុលាការកាលពីថ្ងៃពុធ១៦ ខែធ្នូ។
ពួកអ្នកឃុបឃិតទាំងអស់១៤នាក់ បានត្រូវកាត់ទោសដោយសារការវាយប្រហារទាំងនោះ។ ពួកជនទាំងនេះ បានត្រូវរកឃើញថាមានទោស ដោយសារបានជួយឈ្មោះ Said និងឈ្មោះ Cherif Kouachi ដែលបានធ្វើការវាយប្រហារលើទស្សនាវដ្តី Charlie Hebdo និងអ្នកឃុបឃិតជាមួយពួកគេឈ្មោះ Amedy Coulibaly ដែលបានវាយប្រហារក្នុងផ្សារទំនើបជ្វីសមួយ។
មនុស្ស១៧នាក់ បានត្រូវសម្លាប់នៅក្នុងការវាយប្រហារកាលពីខែមករា ឆ្នាំ២០១៥។
Ali Riza Polat ដែលជាចុងចោទសំខាន់ជាងគេ បានត្រូវកាត់ក្តីឱ្យជាប់ទោសពីបទឃុបឃិតក្នុងឧក្រិដ្ឋកម្មភេរវកម្ម ហើយបានត្រូវកាត់ទោសឱ្យជាប់គុក៣០ឆ្នាំ។
តុលាការនេះ ក៏បានដាក់ទោសដោយកំបាំងមុខដូចនេះដែរដល់ឈ្មោះ Hayat Boumeddienne ដែលជាដៃគូរបស់អ្នកវាយប្រហារម្នាក់ក្នុងបណ្តាពួកអ្នកវាយប្រហារទាំងនេះ។ ស្ត្រីរូបនេះ បានរត់គេចខ្លួនទៅកាន់ប្រទេសស៊ីរីនៅក្រោយការវាយប្រហារទាំងនេះ។
លោក Richard Malika មេធាវីរបស់ទស្សនាវដ្តី Charlie Hebdo បាននិយាយថា លោកពេញចិត្តនឹងសេចក្តីសម្រេខរបស់តុលាការនេះ។ លោកបាននិយាយថា សាលក្រមខ្លះដាក់ទោសធ្ងន់ធ្ងរតែអ្វីដែលសំខាន់បំផុតនោះ គឺសារផ្តល់ឲ្យសង្គមបារាំងតាមរយៈប្រព័ន្ធតុលាការជាមួយសេចក្តីសម្រេចនេះ។ លោកបានព៌ណនាពួកចុងចោទទាំងនេះថា ជាផ្នែកមួយនៃបណ្តាញគាំទ្រស្រពិចស្រពិលមួយដែលអាចជួយពួកអ្នកវាយប្រហារឱ្យបង្ហូរឈាមបាន។ លោកថ្លែងថា គ្មានលេសសម្រាប់ជនឥស្លាមនិយមជ្រុលម្នាក់ដែលជាជនហ្វាស៊ីសទេ។
លោក Christophe Deloire ប្រធាននៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនក៏បានស្វាគមន៍ដល់សាលក្រមនេះដែរ។ លោកបានសរសេរតាម Twitter ថា «នេះជាភ័ស្តុតាងថា ពួកជ្រុលនិយមឃោរឃៅគ្មានអំណាចធ្វើសេចក្តីសម្រេចចុងក្រោយទេ។ សួមអរគុណដល់យុត្តិធ៌ម គឺសេរីភាពដែលមានអំណាចធ្វើសេចក្តីសម្រេចចុងក្រោយ»។
ចុងចោទសំខាន់ជាងគេបានប្រកាសស្រេចហើយថា ខ្លួននឹងតវ៉ាឡើងឧទ្ធរណ៍ហើយការកាត់ទោសម្តងទៀត អាចត្រូវកំណត់នៅឆ្នាំក្រោយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ