ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បារាំង​ត្រៀម​ចេញ​សាលក្រម ជុំវិញ​ការវាយ​ប្រហារ​លើ​ទស្សនាវដ្តី Charlie Hebdo


គំនូរ​នៃ​បន្ទប់សវនាការ​ដែល​​ត្រូវ​បាន​គូរឡើង​នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បង្ហាញពី Ali Riza Polat (កណ្តាល) ដែល​ត្រូវបាន​គេ​ជឿថា​ជា​ដៃស្តាំ​របស់ Amedy Coulibaly នោះ និយាយ​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ផ្សេងទៀត​នៅ​ឯ​តុលាការ​ក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។
គំនូរ​នៃ​បន្ទប់សវនាការ​ដែល​​ត្រូវ​បាន​គូរឡើង​នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បង្ហាញពី Ali Riza Polat (កណ្តាល) ដែល​ត្រូវបាន​គេ​ជឿថា​ជា​ដៃស្តាំ​របស់ Amedy Coulibaly នោះ និយាយ​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ផ្សេងទៀត​នៅ​ឯ​តុលាការ​ក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

តុលាការ​បារាំង​ត្រៀម​ចេញ​សាលក្រម​នៅ​ថ្ងៃពុធ​នេះ​ ជុំវិញ​សវនាការ​កាត់ក្តី​ជនជាប់ចោទ​ចំនួន​១៤​នាក់ ​ដែល​បាន​ចូលរួម​ពាក់ព័ន្ធនឹង​ការវាយ​ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​មនុស្សក្នុង​ឆ្នាំ​២០១៥​ នៅឯ​ការិយាល័យ​ទស្សនាវដ្តី​បែប​កំប្លែង​រិះគន់​មួយក្នុង​ទីក្រុង​ប៉ារីស។

សវនាការ​នោះ​ បាន​ចាប់ផ្តើម​ធ្វើឡើងកាលពី​ខែកញ្ញា​ ដោយ​កាត់ក្តី​ជនជាប់ចោទ​៣នាក់​ដោយ​កំបាំង​មុខ។​

ព្រះរាជអាជ្ញា​ បាន​ស្នើ​ដល់​តុលាការ​ ឲ្យ​ដាក់ទោសជនជាប់ចោទឲ្យ​ជាប់​ពន្ធនាគារពី​៥​ឆ្នាំ​ដល់​មួយ​ជីវិត។​

ដោយឡែក​មេធាវី​ជនជាប់ចោទ​ បាន​រិះគន់ការលើកឡើង​ដោយ​ក្រុមព្រះរាជអាជ្ញា​ថា​ ខ្វះ​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការដាក់​បន្ទុក​ថា​ ជនសង្ស័យ​មាន​ការពាក់ព័ន្ធ​ជុំវិញ​ការវាយ​ប្រហារ​នោះ។​

ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​៣នាក់​ដែល​ជា​ខ្មាន់កាំភ្លើង​ បាន​សម្លាប់​មនុស្ស​១២នាក់ ក្នុង​ការវាយ​ប្រហារ​ទៅ​លើ​ការិយាល័យ​ទស្សនាវដ្តី ​Charlie Hebdo ហើយ​បន្ទាប់មក​ បាន​សម្លាប់​មនុស្ស​បន្ថែម​៤​នាក់​ផ្សេង​ទៀត​ក្នុង​រយៈពេល​៣​ថ្ងៃ​បន្ទាប់​ពីនោះ​ ក្នុង​ការវាយ​ប្រហារដែល​មាន​ការពាក់​ព័ន្ធគ្នា។ ខ្មាន់កាំភ្លើង​ទាំងអស់​ត្រូវ​បាន​បាញ់​សម្លាប់​ពេល​បាញ់​តដៃ​គ្នា​នឹងក្រុម​ប៉ូលិស។

ទស្សនាវដ្តី​ Charlie Hebdo ​បាន​ផ្សព្វផ្សាយ​អត្ថបទ​និង​រូបត្លុក​ព្យាការី​ Muhammad ​នៃ​សាសនាឥស្លាម​ ដែល​ធ្វើ​ឲ្យ​ជនមូស្លីម​ជាច្រើន​នាក់​ខឹងសម្បារ​ ហើយ​មុនសវនាការ​នោះ​ ទស្សនាវដ្តី​មួយនេះ​ បាន​ផ្សព្វផ្សាយ​ឡើង​វិញ​នូវ​រូបត្លុកទាំងនេះ​មួយ​ចំនួនម្តង​ទៀត។​

បី​សប្តាហ៍​ក្រោយ​សវនាការ​នោះចាប់ផ្តើម បុរស​ជនជាតិ​ប៉ាគីស្ថាន​ម្នាក់​ ដែល​មាន​កាំបិត​ក្នុង​ដៃ​ បាន​វាយ​ប្រហារ​ទៅលើ​មនុស្ស​២​នាក់​ នៅ​ខាងក្រៅ​ទីតាំង​អតីត​ការិយាល័យ​របស់​ទស្សនាវដ្តី​នេះ។​

ហើយ​នៅ​ខែ​តុលា​ គ្រូ​បង្រៀនម្នាក់ ​ដែល​បានលើក​យក​រូបត្លុក​នោះ មក​ពិភាក្សា​ថា​ជាសេរីភាព​នៃ​ការបញ្ចេញ​មតិ​នោះ ​ត្រូវ​បាន​គេ​សម្លាប់​ដោយ​កាត់​ក្បាល៕

XS
SM
MD
LG