នៅពេលភ្លេង Bach និងពាក្យពេចន៍របស់ Victor Hugo កំពុងបន្លឺឡើងអ្នកក្រុងប៉ារីសនិងអ្នកទេសចររាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខសាលាក្រុង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់កិត្តិយសដល់អ្នកពន្លត់អគ្គិភ័យ ៦០០ នាក់នៅវិហារ Notre Dame។ វិហារនេះឋិតនៅជិតទន្ល Seine ត្រូវភ្លើងឆេះឡើងខ្មៅនិងទ្រុឌទ្រោម ប៉ុន្តែទ្រង់ទ្រាយភាគច្រើននៅដដែល។
លោក Christophe Castaner រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពណ៌នាអំពីអគ្គិភ័យនេះដែលមានកំដៅខ្លាំង។ លោកបាននិយាយថា អគ្គិភ័យដ៏ធំនេះកំពុងមានកំដៅខ្លាំង នៅពេលអ្នកពន្លត់ភ្លើងកំពុងព្យាយាមពន្លត់វា។ លោកនិយាយថា ពួកគេប្រថុយជីវិតដើម្បីសង្គ្រោះវិហារ Notre Dame។
លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីសនិយាយថា អ្នកពន្លត់អគ្គិភ័យនឹងបានមេដាយពលរដ្ឋក្រុងប៉ារីសដ៏មានកិត្តិយស។
អ្នកជំនាញនិយាយថា ការសង្គ្រោះវិហារ Notre Dame និងរតនៈសម្បត្តិដ៏មានតម្លៃបំផុតនេះត្រូវធ្វើក្នុងរយៈពេលដ៏ខ្លី។ មិនមានអ្នកណាម្នាក់ស្លាប់ក្នុងអគ្គិភ័យនេះទេ ហើយផ្នែកសំខាន់របស់វិហារនេះ ដូចជាប៉មជួង និងបង្អួចពណ៌ផ្លាកុលាបមិនមានការខូចខាតទេ។
លោក Patrick Chauvet បព្វជិតគ្រប់គ្រងវិហារ Notre Dame និយាយថា វិហារនេះជាទ្រព្យសម្បត្តិពិភពលោក។
លោកប្រធានាធិបតី Emmanuel Macron បានជួបជាមួយមន្ត្រីពន្លត់អគ្គិភ័យ ៦០ នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍។ លោកបាននិយាយថា កិច្ចប្រឹងប្រែងរបស់ពួកគេជាកិច្ចការគម្រូហើយថា ពួកគេនឹងទទួលបានមេដាយប្រទេសបារាំងជាការទទួលស្គាល់សេចក្តីក្លាហានរបស់ពួកគេ។
លោកស្រី Maria Chedeville បានចូលរួមជាមួយមហាជននៅសាលាក្រុងនៅពេលថ្ងៃក្តៅនៅនិទាឃរដូវនេះ។ លោកស្រីនិយាយថា លោកស្រីចាំបាច់នៅទីនោះដើម្បីអរគុណអ្នកពន្លត់អគ្គិភ័យ។
លោកស្រី Eugenie Vallance និយាយថា អ្នកស្រីបារម្ភខ្លាចវិហារនេះត្រូវបំផ្លាញទាំងស្រុង។ លោកស្រីនិយាយថា ជួសជុលវិហារនេះឡើងវិញគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់វិហារនេះ។
លោក Alassane Cisse អ្នកក្រុងប៉ារីសមានដើមកំណើតពីប្រទេសសេនេហ្គាល់និយាយថា លោកសង្ឃឹមថា វិហារ Notre Dame នឹងត្រូវជួសជុលឡើងវិញល្អជាងមុន៕
ប្រែសម្រួលដោយលោកពិន ស៊ីសុវណ្ណ