​អតីត​ជំនួយ​ការ​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក ត្រាំ សារភាព​កំហុស​

លោក Rick Gates ​អតីត​ជំនួយ​ការ​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក ត្រំា​ ចេញ​ពី​តុលាការ​បន្ទាប​ពី​សារភាព​កំហុស​ កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៨។

លោក ​Rick Gates​ អតីត​ជំនួយការ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ​ កាល​ពី​ឆ្នាំ​២០១៦​ កាល​ពី​ថ្ងៃ​សុក្រ​បាន​សារភាព​កំហុស​និង​យល់​ព្រម​សហការ​ជាមួយ​លោក ​Robert Muller​ រដ្ឋអាជ្ញា​ពិសេស​ដឹកនាំ​ការ​ស៊ើប​អង្កេត​លើ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ។

លោក​ស្រី ​Amy Jackson ​រដ្ឋ​អាជ្ញា​សហព័ន្ធ​បាន​ថ្លែង​ថា​ លោក​ Gates ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​៥៧​ខែ​ទៅ​៧១​ខែ ​ប៉ុន្តែ​ក្រុម​រដ្ឋអាជ្ញា​អាច​ស្នើ​សុំ​បន្ថយ​ទោស​យោង​តាម​ការ​សហការ​របស់​លោក។

យោង​តាម​សារព័ត៌មាន​ ABC ​បាន​រាយការណ៍​ថា​ លោក​ Gates ​បាន​ផ្ញើរ​លិខិត​ទៅ​មិត្តភ័ក្រ្ត​ និង​ក្រុម​គ្រួសារ​របស់​លោក​ ដោយ​បាន​ប្រាប់​ពី​ផែនការ​សារភាព​កំហុស​របស់​លោក។

លោក ​Thomas Green មេធាវី​របស់​លោក ​Gates​ មិន​ទាន់​ឆ្លើយតប​នឹង​សំណួរ​អំពី​ការ​សារភាព​របស់​លោក​ Gates ​នៅ​ឡើយ​ទេ។

ការិយាល័យ​របស់​លោក ​Mueller បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ។

លោក ​Gates គឺ​ជា​មនុស្ស​ទី​បី​នៃ​អតីត​បុគ្គលិក​យុទ្ធនាការ​របស់​លោក ត្រាំ​ ដែល​សារភាព​កំហុស​ពី​បទព្រហ្មទណ្ឌ​ និង​យល់ព្រម​សហហការ​ជាមួយ​នឹង​ការស៊ើប​អង្កេត​របស់​លោក ​Mueller ដើម្បី​រក​ឲ្យ​ឃើញ​ថា​តើ​មាន​ការ​ឃុបឃិត​រវាង​ក្រុម​ការងារ​របស់​លោក ត្រាំ ជាមួយ​នឹង​រុស្ស៊ី​នៅ​អំឡុង​ពេល​ការបោះ​ឆ្នោត​ឆ្នាំ​២០១៦​ឬ​យ៉ាង​ណា៕