អតីត​អនុប្រធានាធិបតី​កុងហ្គោ​ត្រូវ​បាន​តុលាការ​ ICC កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ឆ្នាំ

លោក Jean-Pierre Bemba នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរាជាតិ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ កាល​ពី​ថ្ងៃអង្គារ ទី២១ ខែ​មិថុនា ឆ្នាំ២០១៦។ តុលាការ​បាន​រក​ឃើញ​កំហុស​របស់​លោក​លើ​បទ​ចោទ​ថ្មី​ចំនួន​បី​ទៀត បន្ថែម​លើ​បទ​ចោទ​រកឃើញ​កាល​ពី​ខែ​មីនា។

តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ​ហៅ​កាត់​ថា​ ICC ​បាន​កាត់​ទោស​អតីត​អនុ​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ ឈ្មោះ​ Jean-Pierre Bemba ឱ្យ​ជាប់​គុក​១៨​ឆ្នាំ​ ដោយសារ​លោក​បាន​ដឹកនាំយុទ្ធនាការ​មួយ​នៃ​ការ​ចាប់​រំលោភ​សេព​សន្ថវៈ​ និង​ការ​សម្លាប់​មនុស្ស​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ដែល​នៅ​ជិតខាង​ប្រទេស​កុងហ្គោ។

លោកស្រី​ Sylvia Steiner ​នៃ​ប្រទេស​ប្រស៊ីល​ ដែល​ជា​ចៅ​ក្រម​តុលាការ​ ICC បាន​មាន​ប្រសាសន៍​ថា​ លោក ​Bemba​ មិន​អាច​ត្រួតត្រា​កងទ័ព​ឯកជន​របស់​លោក​ដែល​កាល​ពីឆ្នាំ​២០០២ ​និង​ឆ្នាំ២០០៣​ បាន​រំលោភ​សេព​សន្ថវៈ​«យ៉ាង​សប្បាយ​ប្រកប​ដោយ​ភាព​ឃោរឃៅ» ហើយ​ពួក​គេ​បាន​សម្លាប់​មនុស្ស​ និង​បាន​ឆក់​ប្លន់​បំផ្លិច​បំផ្លាញ​យ៉ាង​ព្រៃផ្សៃ»។

កាល​ពី​ខែ​មីនា ​លោក ​Bemba ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ទី​មួយ​ដែល​បាន​ត្រូវ​កាត់​ក្តី​ឱ្យ​ជាប់​ទោស​ដោយតុលាការ​នេះ​ ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ នេះ​ជា​លើក​ដំបូង​ហើយដែល​តុលាការ​ ICC បាន​ចេញ​ផ្សាយ​ការ​ផ្តន្ទា​ទោស​អំពី​ការរំលោភ​សេព​សន្ថវៈ​ថា​ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​និង​ជា​ឧក្រិដ្ឋកម្ម​មួយ​ប្រឆាំង​នឹង​មនុស្សជាតិ។​ តុលាការ​អន្តរជាតិ​ឯ​ទៀតៗ​ដូច​ជា​តុលាការ​អ.ស.ប.​នៅ​ក្នុង​ប្រទេសរវ៉ាន់ដា​ (Rwanda) និង​អតីត​ប្រទេស​យូហ្គោស្វាវី (Yougoslavia) ក៏​ធ្លាប់​បាន​កាត់​ទោស​ដោយ​បទ​ឧក្រិដ្ឋ​ដូច​គ្នា​នេះ​ដែរ។

លោក ​Bemba​ ក៏​ជា​មនុស្ស​ទីមួយ​ដែល​បាន​ត្រូវ​ដាក់​ឲ្យទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ដោយសារ​ឧក្រិដ្ឋកម្ម​របស់​ពួក​ជន​នៅ​ក្រោម​បង្គាប់​របស់​លោក។​

ចលនា​រំដោះ​ប្រទេស​កុងហ្គោ​របស់​លោក​ Bemba ​ហៅ​កាត់​ថា​ MLC ​បាន​ចូល​ទៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ដើម្បី​ជួយ​កង​កម្លាំង​របស់​លោក ​Ange-Felix Patasse ដែល​នៅ​ពេល​នោះ​កាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលនា​ឧទ្ទាម​មួយ។

លោក​ស្រី​ចៅ​ក្រម​ Steiner ​ដែល​បាន​អាន​សាលក្រម​កាលពី​ខែមីនា ​បាន​មាន​ប្រសាសន៍​ថា​ ពួក​យុទ្ធជន​នៃ​ចលនា​ MLC ​បាន​យកជន​ស៊ីវិល​នៅ​ទូទាំង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ធ្វើ​ជាទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ដោយ​ចេតនា​ហើយ​ថាជន​រងគ្រោះមាន​រួម​បញ្ចូល​ទាំង​ស្ត្រី កុមារ​ និង​ជន​ចាស់​ជរាផង​ដែរ៕