អង្គជំនុំជម្រះក្តីកាត់ទោសលោក Jean-Pierre Bemba អតីតឧបនាយករដ្ឋមន្ត្រីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលមានរយៈពេល៤ឆ្នាំ ត្រូវបានបញ្ចប់ជាស្ថាពរនៅទីក្រុងឡាអេ។ ប៉ុន្តែរឿងក្តីនេះមិនទាន់ចប់ទេ។ ចៅក្រមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចង់បានអង្គជំនុំជម្រះមួយទៀត ដើម្បីកាត់ទោសទាំងលោក Bemba និងក្រុមអ្នកច្បាប់របស់លោកចំពោះការរំខានដល់ដំណើរការយុត្តិធម៌។
សេចក្តីថ្លែងការណ៍បិទសំណុំរឿងនេះបន្តរហូតដល់ថ្ងៃព្រហស្បតិ៍សម្រាប់សំណុំរឿងរបស់លោក Jean-Pierre Bemba ដែលមានអាយុ៥២ឆ្នាំ។
លោក Bemba ដែលជាអតីតឧបនាយករដ្ឋមន្ត្រី និងជាស្តេចសង្គ្រាមម្នាក់មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម៥ករណី ទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សម្រាប់ការសម្លាប់ ដែលប្រព្រឹត្តដោយក្រុមយោធានៃចលនារំដោះកុងហ្គោរបស់លោក នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ដែលជាប្រទេសជិតខាង។
សកម្មភាពដែលត្រូវបានចោទប្រកាន់នេះបានកើតឡើងនៅចន្លោះខែតុលាឆ្នាំ២០០២ដល់ខែមិនាឆ្នាំ២០០៣។ សកម្មភាពនោះរួមមានការសម្លាប់ ការរំលោភផ្លូវភេទ និងការលួចប្លន់ ខណៈក្រុមឧទ្ទាមរបស់លោក Bemba បានជួយបង្ក្រាបរដ្ឋប្រហារប្រឆាំងលោក Ange-Felix Patasse អតីតប្រធានាធិបតីសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ក្នុងសេចក្តីថ្លែងរបស់ខ្លួន រដ្ឋអាជ្ញាបានរៀបរាប់ពីអំពើសាហាវព្រៃផ្សៃទាំងនោះ។
«កងទ័ពចលនារំដោះកុងហ្គោបានប្រព្រឹត្តការរំលោភសេពសន្ថវៈដ៏ធំធេង ដោយមាននិទណ្ឌភាពទាំងស្រុង ក្នុងអំឡុងជម្លោះ ហើយពួកយោធាបានប្រព្រឹត្តអំពើទាំងនេះនៅក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់គេ។ ពួកយោធានេះបានរំលោភសេពសន្ថវៈជនរងគ្រោះនៅចំពោះមុខសមាជិកគ្រួសាររបស់គេ។ ពួកយោធាក៏បានបង្ខំសមាជិកគ្រួសារម្នាក់រំលោភសមាជិកគ្រួសារម្នាក់ទៀត។ ពេលខ្លះកូនប្រុសត្រូវបានបង្ខំឲ្យរំលោភម្តាយខ្លួនឯងចំពោះមុខឪពុកគេ។ ពួកយោធានេះបានរំលោភជនរងគ្រោះដែលជាប្រពន្ធនៅចំពោះមុខប្តីរបស់គេ។ ពួកគេបានរំលោភកូនក្មេងស្រីនៅចំពោះមុខឪពុកម្តាយរបស់គេ។ នេះគឺជាករណីរំលោភដែលពួកយោធាចលានារំដោះកុងហ្គោរបស់លោក Jean-Pierre Bemba បានប្រព្រឹត្តយុទ្ធនាការរំលោភសេពសន្ថវៈរបស់គេនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល»។
លោក Bemba បានអះអាងថា លោកគ្មានទោសទេ។ ក្រុមមេធាវីរបស់លោកបានអះអាងថា កងកម្លាំងរបស់លោក Bemba មិនបានស្ថិតនៅក្រោមបញ្ជារបស់លោកទេ នៅពេលដែលកងកម្លាំងនេះឆ្លងទៅដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល។ សាលក្រមត្រូវបានរំពឹងទុកថា នឹងប្រកាសនៅឆ្នាំក្រោយនេះ។
ទោះជាសាលក្រមនេះមានលទ្ធផលយ៉ាងណាក៏ដោយ ក៏លោក Bemba មិនទាន់ចប់កិច្ចការជាមួយនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅឡើយទេ។ នៅថ្ងៃអង្គារ តុលាការបានកោះហៅលោក Bemba និងសមាជិកក្រុមច្បាប់របស់លោកឲ្យប្រឈមនឹងការកាត់ទោសមួយទៀតពីបទចោទប្រកាន់ពីការសូកប៉ាន់ និងដាក់ឥទ្ធិពលមកលើសាក្សីឲ្យផ្តល់ភស្តុតាងខុស។ គ្មានកាលបរិច្ឆេទច្បាស់លាស់ត្រូវបានកំណត់សម្រាប់ដំណើរការនីតិវិធីនេះទេ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត