លោកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ដែលមានឈ្មោះល្បីក្នុងជម្លោះដីធ្លីជាមួយប្រជាសហគមន៍បុរីកីឡាកាលពីជិត១០ឆ្នាំមុន បានស្លាប់កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ដោយជំងឺមហារីកថ្លើម។ លោកស្រីមានអាយុ៦៥ឆ្នាំ។
ដោយសារក្រុមហ៊ុនរបស់លោកស្រីជាប់ពាក់ព័ន្ធនឹងការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានកាលពីឆ្នាំ២០១២ ក្រុមមន្ត្រីសិទ្ធិមនុស្សនិងតំណាងពលរដ្ឋដែលធ្លាប់មានវិវាទដីធ្លីជាមួយលោកស្រី ស៊ុយ សុផាន ជាអគ្គនាយិកាក្រុមហ៊ុន ជំរុញឲ្យអ្នកដែលកាន់កាប់ក្រុមហ៊ុនផានអ៊ីម៉ិចបន្ត គួរបន្តដោះស្រាយបញ្ចប់ទំនាស់ដីធ្លី និងទូទាត់សំណងមួយចំនួនដែលមិនទាន់ផ្តល់ឲ្យពលរដ្ឋ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា បើតាមធម៌ព្រះពុទ្ធសាសនានោះ ការបាត់បង់ជីវិតរបស់មនុស្សត្រូវអហោសិកម្ម ឬឈប់ចងកម្មពៀរនឹងរឿងដែលបានកើតឡើងកន្លងមក។
«ប៉ុន្តែអ្វីដែលខ្ញុំគិតថាជារឿងសំខាន់ គឺទាក់ទងនឹងក្រុមហ៊ុនទៅវិញទេ បើសិនជាក្រុមហ៊ុនផានអ៊ីមិចហ្នឹង នៅមានបញ្ហាដែលមិនទាន់ដោះស្រាយជាមួយប្រជាពលរដ្ឋរឿងបញ្ហាដីធ្លីកន្លែងណាមិនទាន់ចប់ហ្នឹង គឺអ្នកបន្តវេនហ្នឹងត្រូវតែធ្វើការដោះស្រាយ»។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុនផានអ៊ីមិចរបស់លោកស្រី ស៊ុយ សុផាន និងអាជ្ញាធររាជធានីភ្នំពេញ បានដាក់កម្លាំងមានសមត្ថកិច្ចនិងសន្តិសុខក្រុមហ៊ុន ទៅឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់បុរីកីឡាប្រមាណ៤០០គ្រួសារ។
អ្នកបុរីកីឡាមួយចំនួន ត្រូវបានអាជ្ញាធរដឹកទៅទម្លាក់ចោលនៅតំបន់ទួលសំបូរនិងភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយអ្នកខ្លះ បានទទួលសំណងដី៤ គុណ៥ម៉ែត្រ។
ក្រុមប្រជាពលរដ្ឋដែលមិនសុខចិត្តនឹងការបណ្តេញចេញនិងសំណងដែលទទួលបានមិនសមរម្យនោះ ធ្លាប់តវ៉ាទាមទារសំណងជំងឺចិត្តបន្ថែម ហើយពេលខ្លះ បានប៉ះទង្គិចគ្នាជាមួយកងសន្តិសុខខណ្ឌ៧មករា។ ពួកគេក៏បានចេញទៅតវ៉ានៅមុខតុលាការក្រុងភ្នំពេញ និងនៅមុខគេហដ្ឋានរបស់លោកស្រី ស៊ុយ សុផាន ក្នុងខណ្ឌទួលគោកផងដែរ។
អ្នកស្រី ខៀវ ឡៃ អាយុ៤៦ឆ្នាំ អតីតអ្នករស់នៅក្នុងតំបន់បុរីកីឡា ដែលពេលនេះកំពុងរស់នៅក្នុងតំបន់ភ្នំបាត និយាយថា ក្រោយការស្លាប់របស់លោកស្រី ស៊ុយ សុផាន ពលរដ្ឋប្រមាណ១១០គ្រួសារនៅតំបន់ភ្នំបាត កំពុងបារម្ភថា ពួកគេនឹងមិនបានប្លង់កម្មសិទ្ធិដីដែលពួកគេកំពុងរស់នៅ ខណៈប្រជាពលរដ្ឋ៣០គ្រួសារទៀត មិនទាន់បានទទួលលំនៅឋាន។
«វាមិនទាន់បានដោះរួចរាល់ទេអូន ហើយក៏មានការសោកស្តាយដែរដោយសារ សោកស្តាយអីពួកខ្ញុំ វាអត់ទាន់បានប្លង់ ហើយទៅនៅ៣០គ្រួសារទៀត អត់ទាន់បានលំនៅឋានរបស់គាត់ទេ។ ការសោកស្តាយ វាមិនទាន់បានដោះស្រាយហើយ មិនមែនការសោកស្តាយដែលគាត់ស្លាប់ទៅ...សោកស្តាយដែលអត់បានទាន់ដោះស្រាយជាមួយប្រជាពលរដ្ឋ»។
អតីតសកម្មជនដីធ្លីរូបនេះបន្ថែមថា ពលរដ្ឋដែលកំពុងរស់នៅតំបន់ភ្នំបាតកំពុងប្រឈមមុខនឹងកង្វះខាតថវិកា ពុំមានដីបង្កបង្កើនផល និងទីតាំងដើម្បីរកស៊ី។ អ្នកស្រីស្នើអ្នកបន្តគ្រប់គ្រងក្រុមហ៊ុនពីលោកស្រី ស៊ុយ សុផាន ឲ្យគិតគូរផ្តល់សំណងជាលុយកាក់បន្ថែមទៀតដល់ពលរដ្ឋ ក្នុងការបង្កើតរបររកស៊ីទទួលទានប្រចាំថ្ងៃ។
«ទីនេះ អត់មានដីស្រែចម្ការធ្វើ ហើយឆ្ងាយទីក្រុងទៀត អត់មានមុខរបរឆ្ងាយពីមុខរបរ អត់មានកន្លែងចិញ្ចឹមមាន់ ចិញ្ចឹមទា យើងបើដីស្រែយើង ធម្មតាមានស្រែធ្វើ មានបន្លែ ចិញ្ចឹមមាន់ចិញ្ចឹមជ្រូកអីទៅ វាកាត់បន្ថយ។ ដល់ពេលនេះ អត់មានអីសោះ»។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីសាច់ញាតិលោកស្រី ស៊ុយ សុផាន បានទេនៅថ្ងៃអង្គារនេះ។ សពរបស់លោកស្រី ស៊ុយ សុផាន ត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា កំពុងតម្កល់នៅគេហដ្ឋានកូនៗលោកស្រីក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច លោកស្រី ម៉ែន សំអន នៅថ្ងៃអង្គារនេះ បានបង្ហោះសារនិងរូបថតបង្ហាញពីការអញ្ជើញចូលរួមបុណ្យសពរបស់លោកស្រី ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុនផានអ៊ីម៉ិច ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ វេលាម៉ោង៧:៥៥នាទីព្រឹក។
អ្នកស្រី ស ស៊ន អាយុ៦២ឆ្នាំ ដែលបដិសេធទៅរស់នៅឆ្ងាយពីតំបន់បុរីកីឡា និយាយថា ពលរដ្ឋមានការយល់ឃើញខុសៗគ្នានឹងមរណភាពរបស់លោកស្រី ស៊ុយ សុផាន។
«គាត់តែងតែនិយាយថា នេះជាកម្មពៀរអីចឹង ដែលសាងអាក្រក់ ធ្វើអំពើមិនល្អ ឆាប់ស្លាប់អីចឹង។ គាត់និយាយអីចឹងគ្រប់ៗគ្នា ម្នាក់ៗគាត់ខឹងគាត់ អ្នកខ្លះថា ម្សិលមិញគាត់ចង់ជប់លៀង ខ្លះទៅក៏និយាយថា អីចឹងចុះ...និយាយទៅម្នាក់ៗ គាត់ចេះតែមានយោបល់ផ្សេងៗគ្នា»។
សម្រាប់អ្នកស្រីផ្ទាល់ ក្រុមហ៊ុនផានអ៊ីម៉ិច មិនបានផ្តល់សំណងសមស្របដល់អ្នកស្រីទេ បើទោះបីអ្នកស្រីបានចូលទៅរស់នៅក្នុងផ្ទះមួយនៅជាន់ទី៥នៃអគារទី៤ក្នុងចំណោមអគារចំនួន១០ ដែលក្រុមហ៊ុនបានសង់ជូនពលរដ្ឋដែលត្រូវបណ្តេញចេញពីអតីតអគារបុរីកីឡានោះ។
«ដូចជាមីងយកសំណង ក៏វាមិនសមរម្យសម្រាប់មីង ទទួលយកបានដែរ ប៉ុន្តែមីងអស់ជម្រើស ដូចថា មីងមានតែម្នាក់ឯង ហើយពួកមីងក៏នៅគ្នាតិច ហើយបើសិនជាមិនយក ត្រូវប្រឈមមុខនឹងភាពក្រីក្រកាន់តែខ្លាំង...អីចឹងមីងគិតថា ការដោះស្រាយហ្នឹង វាមិនទាន់ចប់សព្វគ្រប់ទេ»។
កន្លងមក ក្រុមហ៊ុនផានអ៊ីម៉ិចរបស់លោកស្រី ស៊ុយ សុផាន បានសន្យាថា សង់អគារចំនួន១០នៅហ្នឹងកន្លែងសម្រាប់ជាសំណងដល់ប្រជាពលរដ្ឋដែលត្រូវបណ្តេញចេញពីទីតាំងចាស់ ប៉ុន្តែលោកស្រីសង់បានតែ៨អគារប៉ុណ្ណោះ រួចក៏ប្រកាសក្ស័យធន។
បើតាមលោក អំ សំអាត មន្រ្តីសិទ្ធិមនុស្សនៃអង្គការលីកាដូ ក្រៅពីវិវាទដីធ្លីនៅតំបន់បុរីកីឡា លោកស្រី ស៊ុយ សុផាន ក៏មានទំនាស់ជាមួយពលរដ្ឋនៅតាំងផ្សេងៗទៀតនៅខណ្ឌច្បារអំពៅ ដែលកាលពីពេលមុនស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល និងតាមបណ្តោយផ្លូវជាតិលេខ៥ជាដើម៕