សម្រាប់​ក្មេង​ស្រី​តម្លៃ​នៃ​ការ​អប់រំ​គឺ​មិន​មាន​អ្វី​ជា​អាថ៌​កំបាំង​ទេ

青年新政两议员再闯立法会大会试图宣誓不果 (美国之音汤惠芸/海彦拍摄 )

គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា ឬ​ហៅ​ថា Let Girls Learn Initiative ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សេត​វិមាន​មាន​គោល​បំណង​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ស្រី និង​ស្ត្រី​ចំនួន​៦២លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​បាន​ទទួល​ការ​អប់រំ​សិក្សា។ លោក​ស្រី Michelle Obama ភរិយា​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ធ្វើ​ដំណើរ​មក​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា ដើម្បី​លើក​កម្ពស់​គម្រោង Let Girls Learn នេះ។ សិស្ស​ស្រី​កម្ពុជា​ជា​ច្រើន​នាក់​ប្តេជ្ញា​ចិត្ត​ខិត​ខំ​រៀន​សូត្រ ដើម្បី​កសាង​ប្រទេស​ជាតិ។

សិស្ស​ស្រី​នៃ​វិទ្យាល័យ​អង្គរ ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ពួក​គេ​ទទួល​ស្គាល់​ពី​តម្លៃ​នៃ​គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា ឬ​ហៅ​ថា «‍Let Girls Learn» ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សេតវិមាន និង​លោក​ស្រី Michelle Obama ភរិយា​ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយ​សិស្ស​ស្រី​ជា​ច្រើន​នាក់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បីចូល​រួម​ក្នុង​គម្រោង​នេះ។

សិស្ស​ស្រី​ឈ្មោះ សៀន សិលា រៀន​ថ្នាក់​ទី១០ នៃ​វិទ្យាល័យ​អង្គរ បាន​និយាយ​បន្ទាប់​ពី​នាង​បាន​រត់​លេង​ជាមួយ​នឹង​មិត្តភ័ក្តិ​ថា សាលារៀន​មាន​សារៈសំខាន់​។

«‍ព្រោះ​សាលា​គឺ​ជា​ផ្នែក​មួយ​ដែល​អប់រំ​មនុស្ស​ទូទៅ​ឲ្យ​ទទួល​បាន​ចំណេះ​ដឹង​ច្រើន»​។

សិលា បាន​និយាយ​ថា ប្អូន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ប្រឈម​នឹង​បញ្ហា​គ្រប់​យ៉ាង​ទាំង​អស់ ដើម្បី​សម្រេចគោល​ដៅ​របស់​នាង។ សិលា ក៏​ដឹង​ថា នាងត្រូវ​តែ​តស៊ូ បើ​ទោះ​បី​ជា​ជោគ​ជ័យ​មិន​ទាន់​ប្រាកដ​ប្រជា​សម្រាប់​នាងក៏​ដោយ។

សិលា និយាយ​ថា៖

«‍ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ធ្វើ​ការ​នៅ​ធនាគារ។ ខ្ញុំ​កំព្រា​ឪពុក​ម្តាយ ហើយ​ខ្ញុំ​រស់​នៅ​ជាមួយ​គេ។ ខ្ញុំ​ត្រូវ​ខំ​រៀន ត្រូវ​ជំនះ​គ្រប់​ឧបសគ្គ​ដែល​ខ្ញុំ​មាន ព្រោះ​ថា​ខ្ញុំ​បាន​ជំនះ​តាំង​ពី​តូច​មក​ហើយ។ ដូច្នេះ ខ្ញុំ​ត្រូវ​តែ​ជំនះ​រហូត​ដល់​បាន​សម្រេច​គោល​ដៅ​របស់​ខ្ញុំ»។

កម្រង​រូបភាព៖ សម្រាប់​ក្មេង​ស្រី​តម្លៃ​នៃ​ការអប់រំ​គឺ​មិន​មាន​អ្វី​ជា​អាថ៌កំបាំង​ទេ

គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា ឬ «‍Let Girls Learn» មាន​គោល​បំណងលុប​បំបាត់​រាល់​ឧបសគ្គ​នៅ​តាម​សហគមន៍ ដើម្បី​ឲ្យ​កេ្មង​ស្រី​បាន​ទទួល​ការ​អប់រំ។ លោក​ស្រី Michelle Obama កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​លើកចាប់ផ្តើមគម្រោង​ផ្តួច​ផ្តើម​នេះ ដែល​អនុវត្ត​នៅ​ក្នុង​ប្រទេស​ចំនួន១១​នៅ​ទូទាំង​ពិភពលោក។ លោក​ស្រី Michelle Obama បាន​និយាយ​ទៅ​កាន់​សិស្ស​ស្រី​មួយ​ក្រុម​នៃ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង អំពី​គោល​បំណង​នៃ​គម្រោង​នេះ​ដើម្បី​គាំទ្រ​សិស្ស​ស្រីគ្រប់​រូប​ទាំង​អស់ឲ្យបាន​សិក្សា​។

កម្រងរូបភាព៖ លោកស្រី Michelle Obama លើក​ទឹកចិត្ត​សិស្ស​ស្រី​នៅ​ខេត្តសៀមរាប និង​ទស្សនា​​ប្រាសាទ​អង្គរវត្ត

លោក​ស្រី Michelle Obama មាន​ប្រសាសន៍​ថា៖

«‍ខ្ញុំ​ដឹង​ថា អ្វី​ដែល​ក្មួយៗកំពុង​តែ​ធ្វើ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ខ្ញុំ​ក៏​ដឹង​ថា ពេល​ខ្លះ​ក្មួយៗមាន​ការ​លំបាក​ក្នុង​ការ​រៀន​សូត្រ ព្រោះ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ដែល​ក្មួយៗ​ត្រូវ​ជួយ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​ធ្វើ​ស្រែ​ចម្ការ ជួយ​កិច្ចការ​ផ្ទះ ហើយ​ត្រូវ​ជិះ​កង់ ជិះ​ម៉ូតូ​រយៈពេល​មួយ​ម៉ោង ​មក​សាលារៀន ដើម្បី​ខំ​ប្រឹង​រៀន​សូត្រ​ឲ្យ​បាន​ពូកែ។ ខ្ញុំ​ដឹង​ថា ទាំង​អស់​នេះ​មិន​មែន​ជា​កិច្ចការ​ងាយ​ស្រួល​នោះ​ទេ។ ក៏​ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត​ដែល​ក្មួយៗទាំង​អស់​គ្នា​ត្រូវ​ដឹង​នោះ គឺ​ថា ក្មួយៗទាំង​អស់​គ្នា​មក​រៀន ដើម្បី​បង្ហាញ​មនុស្ស​គ្រប់​គ្នា ថា​ក្មួយៗឆ្លាត រឹងមាំ និង​មាន​សមត្ថភាព»។

សម្រាប់​សិស្ស​ស្រី​នៅ​វិទ្យាល័យ​អង្គរ​វិញ អ្វី​ដែល​លោក​ស្រី Michelle Obama បាន​លើក​ឡើង​គឺ​ជា​កត្តា​លើក​ទឹក​ចិត្ត​មួយ​បន្ថែម​ទៀត។ សម្រាប់​ពួក​គេ ចំណេះ​ដឹង​គឺ​ពិត​ជា​មាន​តម្លៃ​ណាស់ បើ​ទោះ​បី​ជា​ពួក​គេ​មិន​ច្បាស់​ថា​ត្រូវ​ស្វែង​រក​ចំណេះ​ដឹង​ដ៏​មាន​តម្លៃ​នោះ​តាម​មធ្យោបាយ​ណា​ក៏​ដោយ។

វុទ្ធី គីមអ៊ាង រៀន​ថ្នាក់​ទី៨ និយាយ​អំពី​សារៈសំខាន់​នៃ​សាលារៀន​ថា៖

«‍ព្រោះ​វា​ធ្វើ​ឲ្យ​សិស្ស​ទាំង​អស់​មាន​ចំណេះ​ដឹង ព្រោះ​ទៅ​ថ្ងៃ​អនាគត យើង​អាច​រក​ប្រាក់​មក​ចញ្ចិម​គ្រួសារ​បាន»។

មិត្តភ័ក្តិ​របស់​គីមអ៊ាង ដែល​មាន​ឈ្មោះ​ថា កេង សុម៉ារី បាន​និយាយ​ថា នា​ពេល​អនាគត នាង​មិន​ច្បាស់​ថា​ នាង​ចង់​ក្លាយ​ជា​គ្រូ​ពេទ្យ ឬ​តារាទេ ក៏​ប៉ុន្តែ នាងដឹង​ច្បាស់​ថា នាងត្រូវ​ការ​ការ​អប់រំ ដើម្បី​សម្រេច​អាជីព​នា​ពេល​អនាគត​របស់​នាង។

សុម៉ារី និយាយ​ថា៖

«‍ខ្ញុំ​រាល់​ថ្ងៃ​មិន​សូវ​ប្រាកដ​ដែរ។ ខ្ញុំ​ចង់​ក្លាយ​ជា​ពេទ្យ​បន្តិច និង​តារា​បន្តិច។ បើ​ខ្ញុំ​មិន​មក​សាលារៀន ខ្ញុំ​មិន​អាច​ចេះ​អក្សរ ហើយ​បើ​មិន​ចេះ​អក្សរ នោះ​ខ្ញុំ​មិន​អាច​ក្លាយ​ជា​តារា​បាន​ទេ»។

សិស្ស​ស្រី​ផ្សេងៗ​ទៀតក៏​យល់​ឃើញដូច សុម៉ារីដែរ គឺ​ថា ការ​សិក្សា​រៀន​សូត្រ​គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់។

ទួន ស្រីនៀត អាយុ​១៣ឆ្នាំ បាន​និយាយ​ថា៖

«‍បើ​មិន​មាន​ចំណេះ យើង​នឹង​ល្ងង់ ហើយ​ពិត​ជា​ពិបាក​រក​ការងារ​ធ្វើ»។

ចំណែក​ឯជា ស្រីទូច អាយុ​១២ឆ្នាំ បាន​និយាយ​ថា៖

«‍ចំណេះ​ដឹង​គឺ​មាន​សារៈសំខាន់ ជាពិសេស​គឺ​សម្រាប់​ក្មេង​ស្រី ដូច​ជា​រូប​ខ្ញុំ​តែ​ម្តង ពីព្រោះ​ការ​សិក្សា​អាច​ជួយ​ឲ្យ​យើង​មាន​អនាគត​ភ្លឺ​ស្វាង។ ហើយ​បើ​យើង​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ យើង​ថែម​ទាំង​ជួយ​ដល់​ប្រទេស​ជាតិ​យើង​បាន»។

យ៉ាង​ណា​មិញ ការ​បន្ត​ការ​សិក្សា​របស់​សិស្ស​ស្រី​ជួប​នឹង​កត្តា​ប្រឈម​ជា​ច្រើន ដូច​ជា ប្រពៃណី​ក្នុង​គ្រួសារ​ដែល​ទុក​ឲ្យ​ក្មេង​ស្រី​នៅ​ផ្ទះ ហើយ​បញ្ជូន​ក្មេង​ប្រុស​ឲ្យ​ទៅ​សាលា​រៀន ភាព​ក្រី​ក្រ និង​ការ​ចេញ​ទៅ​រក​ការងារ​ធ្វើ​ដើម្បី​ប្រាក់​ចំណូល​ជា​ដើម។ បញ្ហា​ទាំង​អស់​បាន​បណ្តាល​ឲ្យ​សិស្ស​ស្រី​ជា​ច្រើន​បោះ​បង់​ការ​សិក្សា។ ក៏​ប៉ុន្តែ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២១​កន្លង​ទៅ​នេះ លោក​ស្រី Michelle Obama បាន​លើក​ឡើង​ថា សិស្ស​ស្រី​ទាំង​អស់​មិន​ត្រូវ​អស់​សង្ឃឹម​ដាច់​ខាត។

លោក​ស្រី Michelle Obama ថា៖

«‍មនុស្ស​ជា​ច្រើន​នឹង​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ នៅ​ពេល​ដែល​ឃើញ​ក្មួយៗ​ទាំង​អស់​គ្នា​មាន​ភាព​វៃ​ឆ្លាត រឹងមាំ និង​មាន​សមត្ថភាព។ បញ្ហា​នេះ​បាន​កើត​ឡើង​លើ​រូប​ខ្ញុំ កាល​ពី​ខ្ញុំ​នៅ​ក្មេង​ដូច​ក្មួយដែរ។ មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​ឆ្លាត​ទេ ហើយ​ខ្ញុំ​មិន​អាច​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ និង​រៀន​ផ្នែក​ច្បាប់​បាន​ទេ ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​ពី​អ្វី​ដែល​អ្នក​ទាំង​នោះ​បាន​និយាយ​នោះ​ទេ។ ហើយ​ខ្ញុំ​ចង់​ឲ្យ​ក្មួយទាំង​អស់​គ្នា កុំ​ខ្វល់​ពី​អ្វី​ដែល​អ្នក​ទាំង​អស់​នោះ​និយាយ​ទិតៀន»៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត