ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) របស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា ការអភិវឌ្ឍអាវុធរបស់ប្រទេសរបស់លោកគឺចាំបាច់នៅក្នុងស្ថានការណ៍ប្រឈមជាមួយនឹងគោលនយោបាយអរិភាពពីសហរដ្ឋអាមេរិក និងការបង្កើនកម្លាំងយោធានៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទីភ្នាក់ងារព័ត៌មាន KCNA ក៏បានរាយការណ៍ផងដែរថា លោក Kim Jong Un បានថ្លែងនៅក្នុងសុន្ទរកថានៅឯពិព័រណ៍អភិវឌ្ឍន៍ផ្នែកការពារជាតិកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្កើនកម្លាំងទ័ពដើម្បីការពារខ្លួនប៉ុណ្ណោះ មិនមែនដើម្បីផ្ដើមសង្គ្រាមនោះទេ។
លោក Kim Jong Un បានថ្លែងដូច្នេះនៅពេលលោកឈរនៅក្បែរអាវុធជាច្រើនប្រភេទ ដែលរួមមានទាំងគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប (ICBM) ផងដែរ។ នេះបើយោងទៅលើរូបភាពដែលចុះផ្សាយក្នុងកាសែត Rodong Sinmun របស់គណបក្សកាន់អំណាចកូរ៉េខាងជើង។
ក្នុងចំណោមអាវុធទាំងនោះ គេឃើញមានមីស៊ីល Hwasong-16 ដែលជាប្រភេទគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប (ICBM)ដែលមីស៊ីលនេះត្រូវបានបង្ហាញនៅក្នុងក្បួនព្យុះហយាត្រាយោធាកាលពីខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ប៉ុន្តែមិនទាន់ត្រូវបានបាញ់សាកល្បងនៅឡើយទេ។
លោក Kim Jong Un និយាយដូច្នេះថា៖ «យើងមិនមែនកំពុងពិភាក្សាអំពីសង្គ្រាមជាមួយនរណាម្នាក់នោះទេ ប៉ុន្តែនេះគឺជាការបង្ការសង្គ្រាមផ្ទាល់ និងជាការបង្កើនវិធានការរារាំងសង្គ្រាម ដើម្បីការពារអធិបតេយ្យភាពជាតិ»។ លោកបានបន្ថែមថា សត្រូវចម្បងបំផុតរបស់ប្រទេសកូរ៉េខាងជើងគឺ «សង្គ្រាម» នេះផ្ទាល់តែម្ដង។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងនិងរបស់សហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលើអាវុធដែលតាំងបង្ហាញរបស់កូរ៉េខាងជើងទាំងនេះ ហើយនឹងបន្តតាមដានស្ថានការណ៍នេះឲ្យបានដិតដល់៕