ប្រទេសចិនជាប្រទេសរកបានទិន្នផលត្រីច្រើនបំផុតក្នុងពិភពលោក និងមានកប៉ាល់នេសាទទឹកជ្រៅច្រើនបំផុត ដែលមានជាង ២.៧០០ គ្រឿង ដែលភាគច្រើនពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ដែលមិនត្រូវបានរាយការណ៍ និងមិនត្រូវបានគ្រប់គ្រងនៅតំបន់អាហ្វ្រិកខាងលិច។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដោយមូលនិធិយុត្តិធម៌បរិស្ថាន ឬ EJF។
លោក Max Schmid នាយកប្រតិបត្តិការនៃមូលនិធិ EJF បានថ្លែងថា កប៉ាល់នេសាទ ៩០% នៃកប៉ាល់នេសាទឧស្សាហកម្មរបស់ហ្គាណា តាមពិតជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ដែលបានប្រើប្រាស់ក្រុមហ៊ុន «ជួរមុខ» ក្នុងស្រុកដើម្បីចុះឈ្មោះក្នុងនាមជាពលរដ្ឋហ្គាណាដើម្បីបញ្ជៀសពាក់ព័ន្ធនឹងផ្លូវច្បាប់។
លោក Max Schmid បានថ្លែងក្នុងសម្តីដើមដូចនេះថា៖ «មូលនិធិ EJF កំពុងតាមដានតំបន់ឆ្នេររបស់ហ្គាណារយៈពេលជាច្រើនឆ្នាំមកហើយ និងបានកត់ត្រានូវហេតុការណ៍នៃការនេសាទខុសច្បាប់ជាញឹកញាប់ពីសំណាក់កប៉ាល់នេសាទរបស់ចិន»។
អង្គការនេះបានប៉ាន់ស្មានថា កប៉ាល់អូសសំណាញ់ដល់បាតសមុទ្ររបស់ចិន អាចចាប់ត្រីប្រមាណ ២,៣៥ លានតោនក្នុងមួយឆ្នាំនៅតំបន់អាហ្វ្រិកខាងលិច ដែលស្មើនឹង ៥០% នៃទិន្នផលពីការនេសាទទឹកជ្រៅសរុប និងមានតម្លៃប្រមាណ ៥ ពាន់លានដុល្លារអាមេរិក។
របាយការណ៍ខាងលើរកឃើញថា កប៉ាល់ចិនដែលពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ កំពុងបំផ្លិចបំផ្លាញទិន្នផលត្រី។
កម្មករហ្គាណានៅលើកប៉ាល់នេសាទចិនក៏បានរាយការណ៍ពីការរំលោភបំពានរាងគកាយ និងលក្ខខណ្ឌរស់នៅអន់ថយផងដែរ។
សហគមន៍នេសាទក្នុងស្រុកមានការខាតបង់ច្រើនផងដែរ ដោយអ្នកនេសាទប្រមាណ ៨០ ទៅ ៩០ ភាគរយក្នុងប្រទេសហ្គាណា បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Schmid បានថ្លែងថា វាក៏ប៉ះពាល់ដល់សន្តិសុខស្បៀងអាហារផងដែរ។
លោក Max Schmid បានបន្ថែមទៀតថា៖ «ការនេសាទខុសច្បាប់និងហួសកម្រិតនៅក្នុងវិស័យនេសាទហ្គាណា កំពុងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍តាមឆ្នេរសមុទ្រនៅទូទាំងប្រទេស»។
ប្រទេសចិនបានបដិសេធជាច្រើនលើកច្រើនសារចំពោះកំហុសណាមួយដែលខ្លួនបានធ្វើ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានទាត់ចោលនូវការចោទប្រកាន់ទាំងនោះ និងថា វាជាការឃោសនារបស់ប្រទេសលោកខាងលិច និងបានចង្អុលដល់ការអភិវឌ្ឍដែលចិនបានផ្តល់មូលនិធិ ដូចជាទីតាំងផែនេសាទថ្មីក្នុងរដ្ឋធានីអាក្រា (Accra ) របស់ហ្គាណា និងថា «វានឹងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការរស់នៅសម្រាប់អ្នកនេសាទក្នុងស្រុក»៕