ក្រុមមន្ត្រីមកពីបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកចំនួន២៤បានមកជួបប្រជុំគ្នានៅក្នុងប្រទេសកាមេរូន (Cameroon) កាលពីខែធ្នូ ឆ្នាំមុន ហើយបានអំពាវនាវឲ្យប្រទេសចិនបញ្ឈប់ការនេសាទខុសច្បាប់នៅក្នុងតំបន់ឆ្នេរនៃទ្វីបអាហ្រិ្វកខាងលិច។ នៅក្នុងតំបន់មួយចំនួន អ្នកនេសាទចិនបានរុញទូកនេសាទរបស់សមភាគីខ្លួនទៅដល់ច្រាំងសមុទ្រ ហើយបានធ្វើឲ្យពួកគេបាត់បង់ការងារ និងធ្វើឲ្យជីវភាពធ្លាក់ចុះ។
អតីតអ្នកនេសាទម្នាក់ដែលមានវ័យ៣២ឆ្នាំ ឈ្មោះ Bisso Frederick ឥឡូវនេះកំពុងប្រកបរបរលក់សាំងវ៉ិចនៅក្នុងក្រុង Limbe ប្រទេសកាមេរូន ដែលស្ថិតនៅបណ្តោយឆ្នេរនៃតំបន់អាហ្វ្រិកភាគខាងលិច។
លោកនិយាយថា លោក និងអ្នកនេសាទដទៃទៀតបានបង្ខំចិត្តបោះបង់ចោលការងាររបស់ពួកគេកាលពី៣ឆ្នាំមុន។
លោកនិយាយថា ពួកគេបានបាត់បង់របរនេសាទ ដោយសារអ្នកនេសាទចិនបានកាន់កាប់តំបន់នេសាទទាំងអស់។ លោកនិយាយថា ពួកគេព្រួយបារម្ភថា រដ្ឋាភិបាលកាមេរូនអនុញ្ញាតឲ្យជនបរទេសប្រកបរបរទាំងនេះ ដែលតាមពិតការងារទាំងនេះគួរតែជារបររបស់ពលរដ្ឋកាមេរូន។
នៅក្នុងការសិក្សាក្នុងឆ្នាំ២០១៣ អង្គការគាំពារបរិស្ថានមួយ ដែលមានឈ្មោះថា Green Peace បានរាយការណ៍ថា ចំនួននៃទូកនេសាទចិនដែលធ្វើប្រតិបត្តិការនៅលើផ្ទៃទឹកនៃទ្វីបអាហ្វ្រិក បានកើនយ៉ាងខ្លាំងចាប់ពីចំនួន១៣គ្រឿងក្នុងឆ្នាំ១៩៨៥ ដល់៤៦២គ្រឿងក្នុងឆ្នាំ២០១៣។
របាយការណ៍នោះបាននិយាយថា មានការនេសាទខុសច្បាប់ចំនួន១១៤ករណីក្នុងរយៈពេល៨ឆ្នាំ នៅលើផ្ទៃទឹករបស់ប្រទេសហ្គំប៊ី (Gambia) ហ្គីណេ (Guinea) ហ្គីណេ ប៊ីសូ (Guinea-Bissau) ម៉ូរីតានី (Mauritania) សេណេហ្គាល់ (Senegal) និងសៀរ៉ាឡែអូន (Sierra Leone)។ របាយការណ៍នោះនិយាយថា ទូកនេសាទទាំងនោះធ្វើប្រតិបត្តិការ ដោយគ្មានអាជ្ញាប័ណ្ណ ឬធ្វើប្រតិបត្តិការនៅក្នុងតំបន់ហាមឃាត់។
លោក Amadi Diop ដែលទទួលបន្ទុកលើកម្មវិធីសម្រាប់ជលវប្បកម្ម (ការចិញ្ចឹមសត្វដែលរស់នៅក្នុងទឹក) និងការនេសាទនៃអង្គការដៃគូសេដ្ឋកិច្ចថ្មីសម្រាប់ការអភិវឌ្ឍនៅអាហ្វ្រិក (New Economic Partnership for African Development) និយាយថា សកម្មភាពខុសច្បាប់ទាំងនោះកំពុងធ្វើឲ្យអ្នកនេសាទអាហ្វ្រិកកាន់តែក្រទៅៗ និងកំពុងតែបំផ្លាញបរិស្ថាន។
លោកនិយាយថា ប្រាក់ចំណូលចំនួន២៤ពាន់លានដុល្លារពីការនេសាទត្រីប្រចាំឆ្នាំនៅក្នុងទ្វីបអាហ្រ្វិក កំពុងត្រូវបានគំរាមកំហែងដោយសារអ្នកនេសាទទាំងនោះ ដែលនេសាទត្រីក្នុងផ្ទៃទឹកអាហ្វ្រិកច្រើនជាងការបង្កកំណើតរបស់ត្រី ស្របពេលដែលមានបម្រែបម្រួលអាកាសធាតុ។
លោកនិយាយថា អ្នកនេសាទដែលទទួលរងការប៉ះពាល់ជាងគេបំផុតគឺ អ្នកនេសាទទ្រង់ទ្រាយតូច អ្នកចិញ្ចឹមត្រីដោយប្រើបច្ចេកវិទ្យាទាប និងមានដើមទុនតិចតួច ដែលរួមចំណែក៤៦ភាគរយនៃប្រាក់ចំណូលសរុបដែលរកបានពីវិស័យនេសាទតាមសមុទ្រ។ វិស័យនេះបានរួមចំណែក៣៣ភាគរយនៃចំណូលទាំងអស់របស់ទ្វីបអាហ្វ្រិក។
លោក Emile Essema ដែលជាប្រធានគណៈកម្មការតំបន់មួយសម្រាប់ការនេសាទនៅក្នុងឈូងសមុទ្រហ្គីណេ បាននិយាយថា បញ្ហានេះនឹងមានសភាពកាន់តែអាក្រក់ទៅៗ ដោយសារតែប្រទេសនៅទ្វីបអាហ្វ្រិកជាច្រើនមិនបានវិនិយោគនៅក្នុងវិស័យនេសាទរបស់ពួកគេនោះទេ។
លោកនិយាយថា ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកនៅតែមិនយកចិត្តទុកដាក់ទៅលើវិស័យនេសាទ ហើយនេះជាមូលហេតុដែលសហភាពអាហ្វ្រិកបានលើកទឹកចិត្តឲ្យប្រមុខរដ្ឋទាំងនោះបែងចែកធនធាន ដើម្បីលើកស្ទួយវិស័យនេសាទ និងជលវប្បកម្ម។ លោកបន្តថា វិស័យនេសាទអាចរកចំណូលបានច្រើន ដោះស្រាយវិបត្តិស្បៀងអាហារនិងអាហាររូបត្ថម្ភ ផ្តល់ការងារដល់យុវជនរាប់លាននាក់ និងអភិវឌ្ឍប្រទេសជាតិ។
សហភាពអាហ្វ្រិកបានកោះហៅឲ្យមានការប្រជុំមួយនៅក្នុងក្រុងយុនដេ (Yaounde) កាលពីខែមុន ដើម្បីពិភាក្សាលើបញ្ហានេះ។ អ្នកតំណាងទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះបានអំពាវនាវប្រទេសនៅទ្វីបអាហ្វ្រិកទាំងអស់បែងចែកធនធានឲ្យបានច្រើនជាងមុនទៅលើវិស័យនេសាទ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់មនុស្សជាង៩០លាននាក់ ដែលពួកគេនិយាយថា «ធ្វើការនេសាទក្នុងលក្ខណៈទ្រង់ទ្រាយតូច»។
អ្នកតំណាងទាំងនោះក៏បានស្នើសុំប្រទេសចិនឲ្យបញ្ឈប់ការនេសាទបែបបំផ្លិចបំផ្លាញ និងឈប់យកផលប្រយោជន៍លើតំបន់នេសាទរបស់បណ្តាប្រទេសនានានៅទ្វីបអាហ្វ្រិក៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ