ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនេសាទ​សូម៉ាលី​មិន​ពេញចិត្ត​ចំពោះ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​នាវា​នេសាទ​ចិន


រូបឯកសារ៖ ទូកនេសាទចិន
រូបឯកសារ៖ ទូកនេសាទចិន

នាវា​នេសាទ​បរទេស​បាន​នេសាទ​យ៉ាង​ច្រើន​លើសលប់​លើ​ដែនទឹក​សូម៉ាលី​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​ទូក​នេសាទ​ទាំង​នោះ​ភាគច្រើន​ធ្វើ​ការ​នេសាទ​ដោយ​ខុសច្បាប់​ ឬ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្លែងក្លាយ​ដែល​លក់​ដោយ​ក្រុម​មន្ត្រី​ពុករលួយ។ ​​

ចាប់​ពី​ខែ​នេះ​ទៅ នាវា​នេសាទ​ត្រី​របស់​ចិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នេសាទ​នៅ​ក្នុង​ដែនទឹក​សូម៉ាលី ក្រោយពី​រដ្ឋាភិបាល​សូម៉ាលី​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​នាវា​នេសាទ​ទាំង​នោះ​កាល​ពី​ខែ​មុន។ អាជ្ញាធរ​សូម៉ាលី​បាន​និយាយ​ថា អាជ្ញាប័ណ្ណ​ទាំង​នោះ​នឹង​កាត់​បន្ថយ​ការ​នេសាទ​ដោយ​ខុសច្បាប់​ពី​នាវា​បរទេស និង​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រសើរ​ឡើង។ ប៉ុន្តែ​អ្នកនេសាទ​សូម៉ាលី​ព្រួយបារម្ភ​ថា ការ​ដែល​នាវា​នេសាទ​ត្រី​របស់​ចិន​ទទួល​បាន​អាជ្ញាប័ណ្ណ​នឹង​ធ្វើ​ឲ្យ​ពួកគេ​នេសាទ​យ៉ាង​ច្រើន​លើសលប់។

ប្រទេស សូម៉ាលី មាន​ឆ្នេរ​សមុទ្រ​ប្រវែង ​៣៣០០​គីឡូម៉ែត្រ ដែល​ជា​ឆ្នេរ​សមុទ្រ​វែង​បំផុត​នៅ​ទ្វីប​អាហ្វ្រិក។

អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ ប្រទេស​ក្រីក្រ​មួយ​នេះ​ជួប​នឹង​ការ​លំបាក​ក្នុង​ការពារ​ដែនទឹក​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​កុំ​ឲ្យ​មាន​ការ​នេសាទ​ដោយ​ខុសច្បាប់​ពី​សំណាក់​ជនបរទេស។ ​
នៅ​ក្នុង​ខែ​ មករា នេះ ប្រទេស សូម៉ាលី បាន​ចាប់​ផ្តើម​អនុវត្ត​ដំណោះស្រាយ​មួយ​ទៅ​លើ​នាវា​នេសាទ​ដែល​ឈ្លានពាន​នានា តាមរយៈ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ទូក​នេសាទ​ចិន​ចំនួន​៣២​គ្រឿង។

លោក Omar Abshirow អនុរដ្ឋមន្ត្រី​ក្រសួង​ជលផល​នៃ​ប្រទេស​ សូម៉ាលី បាន​ថ្លែង​ថា៖«ចាប់​តាំង​ពី​មាន​សកម្មភាព​នេសាទ​ពី​បរទេស​ដោយ​ខុសច្បាប់​នៅ​ក្នុង​ដែនទឹក​របស់​យើង​មក យើង​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ស្របច្បាប់​ក្នុង​ការ​នេសាទ ដើម្បី​កុំ​ឲ្យ​ពួកគេ​បន្ត​លួច​នេសាទ​ដោយ​ខុសច្បាប់​ត​ទៅ​ទៀត‍»។ ​

នាវា​នេសាទ​បរទេស​បាន​នេសាទ​យ៉ាង​ច្រើន​លើសលប់​លើ​ដែនទឹក​សូម៉ាលី​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​ទូក​នេសាទ​ទាំង​នោះ​ភាគច្រើន​ធ្វើ​ការ​នេសាទ​ដោយ​ខុសច្បាប់​ ឬ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្លែងក្លាយ​ដែល​លក់​ដោយ​ក្រុម​មន្ត្រី​ពុករលួយ។

លោក Abshirow មាន​ប្រសាសន៍​ថា ថវិកា​ដែល​បាន​មក​ពី​ការ​លក់​អាជ្ញាប័ណ្ណ​ដល់​ទូក​នេសាទ​របស់​ចិន​នឹង​ផ្តល់​ជា​ចំណូល​ដល់​ប្រទេស​ សូម៉ាលី ជាង​ពីរ​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។
ប៉ុន្តែ​អ្នក​នេសាទ​ក្នុង​ស្រុក​ដូចជា​លោក Muse Maow វ័យ​៤០​ឆ្នាំ ព្រួយបារម្ភ​ថា ឥឡូវ​នេះ ជនជាតិ​ចិន​ទាំង​នោះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ដើម្បី​នេសាទ​យ៉ាង​ច្រើន​លើសលប់​លើ​ដែនទឹក​របស់​ខ្លួន។ ​

លោក Muse Maow ដែល​ជា​អ្នក​នេសាទ​ជនជាតិ​សូម៉ាលី​បាន​ថ្លែង​ថា៖
«យើង​បាន​រងគ្រោះ​រួច​ទៅ​ហើយ​ពី​ការ​នេសាទ​យ៉ាង​ច្រើន​លើសលប់​ពី​សំណាក់​ជនបរទេស។ ហើយ​ឥឡូវ​នេះ យើង​រងគ្រោះ​បន្ថែម​ទៀត ដោយសារ​តែ​រដ្ឋាភិបាល​របស់​យើង​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​បរទេស​ ដែល​មាន​ឧបករណ៍​នេសាទ​ល្អ​ជាង​និង​មាន​ប្រព័ន្ធ​នេសាទ​ទំនើប​ជាង​អ្វី​ដែល​យើង​មាន ដើម្បី​ប្រជែង​ជាមួយ​នឹង​យើង‍»។

អាជ្ញាធរ​សូម៉ាលី​និយាយ​ថា ពួកគេ​នឹង​ការពារ​អ្នក​នេសាទ​ខ្នាត​តូច​ដូចជា​លោក Maow តាមរយៈ​ការ​តាមដាន​លើ​អ្វី​ដែល​ពួក​ចិន​នេសាទ​បាន​ និង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​នេសាទ​ត្រី​នៅ​ជិត​ឆ្នេរ​សមុទ្រ​ពេក​នោះ​ទេ។
ប៉ុន្តែ​ប្រធាន​សមាគម​នេសាទ​សូម៉ាលី លោក Hassan Robleh មាន​មន្ទិល​សង្ស័យ​ចំពោះ​ថា​តើ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​លើ​ទូក​នេសាទ​ចិន​ដែរ​ឬ​យ៉ាង​ណា។ ​

លោក Hassan Robleh បាន​ថ្លែង​ថា៖
«គេ​បាន​ប្រាប់​យើង​ថា នាវា​នេសាទ​ទាំង​នោះ​នឹង​ចាប់​ត្រីធូណា។ យើង​ព្រួយបារម្ភ​ថា នាវា​ទាំង​នោះ​នឹង​បំពាន​ទៅ​លើ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​យើង ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ខាង​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ជាមួយ​នឹង​សហគមន៍​នេសាទ​របស់​យើង‍»។ ​

អ្នក​នេសាទ​សូម៉ាលី​ធ្លាប់​មាន​ជម្លោះ​ជាមួយ​នឹង​ទូក​នេសាទ​បរទេស​កាល​ពី​មួយ​ទសវត្សរ៍​មុន រហូត​ធ្វើ​ឲ្យ​អ្នក​នេសាទ​សូម៉ាលី​មួយ​ចំនួន​ក្លាយ​ទៅ​ជា​ចោរ​សមុទ្រ​ប្លន់​នាវា​នានា​ដើម្បី​ទារ​ប្រាក់​លោះ​ទៀត​ផង។ ​

ការ​ប្លន់​តាម​សមុទ្រ​បាន​ថយចុះ ​ដោយសារ​ការ​យាមល្បាត​ពី​ទាហាន​ជើង​ទឹក​បរទេស ហើយ​នាវា​នានា​បំពាក់​ប្រព័ន្ធ​ការពារ​សន្តិសុខ​បន្ថែម​ទៀត។ ​គេ​រំពឹង​ថា ទូក​នេសាទ​ចិន​ដែល​ទើប​តែ​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ថ្មីៗ​ទាំង​នោះ​នឹង​មាន​បំពាក់​ដោយ​អាវុធ​ផង​ដែរ៕ ​

ប្រែសម្រួល​ដោយ​ ហុង ចិន្តា

XS
SM
MD
LG