ម្ចាស់សហគ្រាសមួយចំនួនបានប្រែក្លាយរបៀបនៃការកែច្នៃត្រី ឬផលិតគ្រឿងហូបចុកតាមបែបប្រពៃណីមកជាការផលិតដែលមានភ្ជាប់គោលការណ៍សុវត្ថិភាពអាហារ ជាចម្បង ដើម្បីបង្កើនការផ្គត់ផ្គង់ និងទាក់ទាញអតិថិជនទាំងក្នុងនិងក្រៅប្រទេស។
ម្ចាស់សហគ្រាសទាំងនោះ កំពុងចូលរួមអនុវត្តគម្រោង CAPFish Capture ដែលជា
កម្មវិធីជលផលទទួលបានការគាំទ្រខាងហិរញ្ញវត្ថុពីសហភាពអឺរ៉ុបដែលមានគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។
ក្នុងដំណើរទស្សនកិច្ចសិក្សាមួយរបស់អង្គភាពព័ត៌មានចម្រុះដើម្បីឈ្វេងយល់ពីការជឿនលឿនទៅមុខនៃបច្ចេកទេសក្នុងសង្វាក់ផលិតកម្មសហគ្រាសខ្នាតតូចនិងមធ្យមក្នុងស្រុក ម្ចាស់សិប្បកម្មខ្លះដែលស្ថិតក្នុងគម្រោង CAPFish លើកឡើងអំពីភាពចាំបាច់នៃសុវត្ថិភាពចំណីអាហារដើម្បីបង្កើនផលចំណេញ ហើយឈានទៅពង្រីកអាជីវកម្ម។
លោក លាង ឡេង ម្ចាស់សិប្បកម្មផលិតទឹកត្រីយីហោលាង ឡេង ក្នុងខណ្ឌជ្រោយចង្វារ នៅទីក្រុងភ្នំពេញ ប្រាប់ក្រុមអ្នកកាសែតថា ការអនុវត្តតាមស្តង់ដាសុវត្ថិភាពមានដូចជា CQS ដែលសំដៅទៅលើនិមិត្តសញ្ញាបញ្ជាក់គុណភាពផលិតផលកម្ពុជា និងប្រព័ន្ធ«វិភាគគ្រោះថ្នាក់និងចំណុចត្រួតពិនិត្យសំខាន់» ហៅកាត់ថា ហាសាប់ (HACCP) បានផ្តល់ផលចំណេញយ៉ាងក្រាសក្រែលទៅដល់សហគ្រាសរបស់លោក។
លោកថ្លែងថា៖ «ចង់និយាយពីពេញបេះដូងថា ការអនុវត្តស្តង់ដានេះគឺវាទទួលបានផល ផល ម៉ែអាផល ឪអាផល។ អ៊ីចឹងទេ សូមឱ្យពុកម៉ែ បងប្អូន និង SME ដទៃទៀត គឺព្យាយាមអនុវត្តនូវប្រព័ន្ធស្តង់ដាទាំងនេះបាទ។ ធ្វើយ៉ាងណា ដើម្បីទីមួយលើកកម្ពស់មុខមាត់នៃផលិតផលជាតិខ្មែរ ទីពីរលើកតម្កើងនូវទំនុកចិត្តពីអតិថិជន ទៅដល់ផលិតផលយើងផ្ទាល់ថែមទៀតផង»។
ម្ចាស់សិប្បកម្មកែច្នៃត្រីក្នុងក្រុងសៀមរាបសំណាង សុធា លើកទឹកចិត្តឱ្យអ្នកកែច្នៃត្រីដទៃទៀត គិតពីសុវត្ថិភាពអាហារជាចម្បង មុននឹងផ្គត់ផ្គង់ផលិតផលរបស់ខ្លួននៅលើទីផ្សារ ឬក៏ទទួលបានការគាំទ្រច្រើនពីអតិថិជន។
លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រីសំណាង សុធាថ្លែងថា៖ «អ្នកដែលកែច្នៃដូចផលិតផលជលផលរបស់ខ្ញុំ ឱ្យគិតពីសុវត្ថិភាពជាចម្បង។ អ៊ីចឹង បើយើងគិតធ្វើសុវត្ថិភាពហើយ អតិថិជនគង់តែមើលឃើញយើង ហើយរដ្ឋាភិបាលហ្នឹងក៏គង់មើលឃើញយើងតាមក្រសួងណាមួយ ដើម្បីជំរុញឱ្យយើងបានផលិតផល CQS ដូចគ្នា។ អ៊ីចឹង កុំឱ្យគិតថា CQS អត់មែនសំខាន់។ CQS ជានិមិត្តសញ្ញាមួយដែលគេទទួលស្គាល់ទូទាំងប្រទេស»។
ម្ចាស់សិប្បកម្មកែច្នៃត្រីរូបនេះ បានស្នើឱ្យអ្នកកែច្នៃត្រីឯទៀតៗ ផ្តោតលើការពង្រឹងគុណ ភាពនៃទីកន្លែងកែច្នៃត្រីរបស់ផងខ្លួនពីលក្ខណៈគ្រួសារមកជាទីកន្លែងកែច្នៃត្រីប្រកបដោយស្តង់ដាអនាម័យ ដោយផ្តើមតាំងដំណាក់កាលនៃការចាប់ផ្តើមផលិតកម្ម ការប្រមូលផលិតផលសម្រេច រហូតដល់ដំណាក់កាលដាក់លក់។
គម្រោង CAPFish ក៏មានការរំពឹងទុកថានឹងសម្រេចឱ្យបាននូវការទទួលស្គាល់ផលិតផលត្រីរបស់កម្ពុជា ការចូលទៅកាន់ទីផ្សារដែលមានលក្ខណៈល្អប្រសើរជាងមុន ការវិនិយោគបន្ថែមក្នុងវិស័យនេះ និងពង្រឹងការប្រកួតប្រជែង។ ម្ចាស់សហគ្រាសចំនួន២៨កំពុងទទួលបានអត្ថប្រយោជន៍ពីគម្រោង រួមមានការកើនឡើងនៃលក់ផលិតផល និងការនាំចេញមិនផ្លូវការនូវផលិតផលទៅក្រៅប្រទេស។
សិប្បកម្ម Home Taste Food របស់អ្នកស្រី ស៊ឹម សេរីរ័ត្ន គឺស្ថិតនៅក្នុងចំណោមសហគ្រាសចំនួន២៨ ដែលទទួលការគាំទ្រទាំងបច្ចេកទេស និងសម្ភារៈពីគម្រោង CAPFish ដែលកំពុងអនុវត្តកម្មវិធីអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល។ ក្រៅពីសហគ្រាសទាំង២៨ខាងលើនេះ ម្ចាស់សិប្បកម្មកែច្នៃត្រីខ្លះទៀតក្នុងខេត្តសៀមរាបក៏កំពុងខិតខំសុំចូលរួមអនុវត្តគម្រោង CAPFish នេះដែរ។
អ្នកស្រី ស៊ឹម សេរីរ័ត្ន លើកឡើងថា មានបញ្ហាប្រឈមជាច្រើនបានកើតឡើងនៅពេលអ្នកស្រីចាប់ផ្តើមអាជីវកម្មផលិតត្រីងៀតដែលត្រូវបំពេញទៅតាមស្តង់ដាអនាម័យត្រឹមត្រូវ។ ប៉ុន្តែមកដល់ពេលនេះ ការបំពេញបានទៅតាមវិធានការអនាម័យនានា កំណត់ដោយគម្រោង CAPFish បាននាំមកនូវវឌ្ឍនភាពសម្រាប់អាជីវកម្មរបស់អ្នកស្រីដែលមានបំណងនាំចេញត្រីងៀតជាផ្លូវការទៅក្រៅប្រទេសផងដែរ។
បច្ចុប្បន្នសហគ្រាសខ្នាតតូចរបស់អ្នកស្រីបានផ្គត់ផ្គង់ត្រីងៀតក្នុងផ្សារផ្ទាល់ខ្លួនមួយកន្លែងក្នុងក្រុងសៀមរាប និងផ្សារទំនើបមួយចំនួន ហើយក៏បាននាំចេញត្រីងៀតជាលក្ខណៈមិនផ្លូវការទៅកាន់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត។
អ្នកស្រីស៊ឹម សេរីរ័ត្ន ម្ចាស់សិប្បកម្ម Home Taste Food ប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ដើមដំបូងដែលយើងផលិតមកហ្នឹង គឺគ្រាន់តែក្នុងគោលដៅ ដើម្បីដាក់លក់នៅក្នុងផ្សាររបស់យើងប៉ុណ្ណឹងទេ។ ប៉ុន្តែ ក្នុងពេល អំឡុងពេលកូវីដហ្នឹង តម្រូវការត្រីងៀតវាកើនឡើង។ វាកើនឡើង អ៊ីចឹង យើងក៏យកការផលិតត្រីងៀតហ្នឹងគឺជាផលិតផលចម្បងរបស់យើង។ ហើយឥឡូវហ្នឹងគឺយើងអាចដាក់លក់នៅផ្សារទំនើបនានានៅភ្នំពេញដូចផ្សារ Lucky Aeon ហើយ Makro»។
អ្នកស្រីបន្ថែមថា៖ «ហើយសព្វថ្ងៃនេះហ្នឹង ក៏យើងបាននាំចេញទៅក្រៅប្រទេសដែរ។ ប៉ុន្តែគ្រាន់តែថា នាំចេញជា លក្ខណៈវ៉ាលីទេ យួរដៃទេ ម្តង ៣០គីឡូ ឬក៏៤០គីឡូ អត់ទាន់បានចេញជាផ្លូវការទេតែយើងក៏ព្យាយាមស្វែងរកទីផ្សារផ្លូវការដើម្បីនាំចេញទៅដែរ»។
ដោយឡែក អ្នកស្រី យឹម ផល្លា ម្ចាស់សិប្បកម្មត្រីងៀតផល្លាសៀមរាបកំពុងព្យាយាមសុំចូលគម្រោង CAPFish ដែលនឹងអាចជួយពង្រីកសិប្បកម្មរបស់អ្នកស្រីពីលក្ខណៈគ្រួសារមកជាសិប្បកម្មដែលមានការបំពាក់ឧបករណ៍ទំនើបៗក្នុងការកែច្នៃត្រីប្រកបដោយសុវត្ថិភាព។
អ្នកស្រីថ្លែងថា៖ «ពេលដែលយើងបានឆ្លងកាត់វគ្គបណ្តុះបណ្តាលទៅ យើងយល់ដឹងទៅ យើងគិតថា យើងអត់គ្រប់លក្ខណៈច្រើនមែនទែន ខ្ញុំនឹងព្យាយាម ធ្វើឱ្យបានល្អជាងមុនទៅតាមស្តង់ដាចំណីអាហាររបស់ក្រសួងឱ្យគេទទួលស្គាល់»។
គួររំឭកថាការទទួលទានអាហារដែលគ្មានសុវត្ថិភាពបានបង្កផលប៉ះពាល់ខ្លាំងលើសុខភាពរបស់បុគ្គលម្នាក់ៗ។ បើតាមការធ្វើបទបង្ហាញរបស់មន្ត្រីគម្រោង CAPFish ជារៀងរាល់ឆ្នាំមនុស្ស១នាក់ ក្នុងចំណោមមនុស្ស១០នាក់បានធ្លាក់ខ្លួនឈឺដោយសារការបរិភោគមិនមានសុវត្ថិភាព។ ហើយមានមនុស្ស៤២ម៉ឺននាក់ ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការបរិភោគមិនមានសុវត្ថិភាព។
លោក ថោង រ៉ា មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិនៃអង្គការ UNIDO ថ្លែងថា ការទទួលទានអាហារគ្មានសុវត្ថិភាពអាចបង្កឱ្យមានជំងឺច្រើនជាង២០០ប្រភេទ ចាប់ពីរាករុសដល់មហារីក។
លោកបន្ថែមថា៖ «គេនិយាយថា បើសិនម្ហូបអាហារហ្នឹង អត់មានសុវត្ថិភាពទេ វាមិនមែនជាម្ហូបអាហារទេ។ អ៊ីចឹង ការញាំទៅ វាធ្វើឱ្យប៉ះពាល់ដល់សុខភាព វាបង្កឱ្យមានជំងឺលើសពី២០០តាម ទិន្នន័យរបស់អង្គការសុខភាពពិភពលោក ហើយជំងឺហ្នឹងទៀតសោតវាមានពីស្រាលដល់ធ្ងន់ ពីរាករុសរហូតទៅដល់ គេហៅថា មហារីក។ អ៊ីចឹង បើសិនចំណីអាហារពុំមានសុវត្ថិភាពយើងមិនអាចហូបបានទេ ព្រោះវាបង្កភាពគ្រោះថ្នាក់មកដល់អ្នកហូបចុក វាអាចកើតឡើងភ្លាមៗ ឬក៏កើតឡើងលក្ខណៈយូរអង្វែង»។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មកញ្ញាអ៊ឹម រចនា ប្រាប់វីអូអេថា រដ្ឋាភិបាលលើកទឹកចិត្តឱ្យម្ចាស់សហគ្រាសផលិតស្បៀងអាហារទៅតាមការកំណត់ស្តង់ដាសុវត្ថិភាពជាក់លាក់ តួយ៉ាង ស្តង់ដា CQS ដែលសំដៅទៅលើនិមិត្តសញ្ញាបញ្ជាក់គុណភាពផលិតផលរបស់ប្រទេសកម្ពុជា។
កញ្ញាប្រាប់វីអូអេថា៖«ម្ចាស់សហគ្រាសក៏បានលើកឡើងដោយផ្ទាល់ខ្លួនដែរថា ការអនុវត្តតាមស្តង់ដា CQS នេះ វាផ្តល់នូវផលប្រយោជន៍ច្រើន ទីមួយគាត់ចំណេញ ចំណេញគឺកាត់បន្ថយការចំណាយថ្លៃដើមរបស់ពួកគាត់។ ហើយទីពីរនៅពេលដែលផលិតផលិតផលចេញទៅលោកអាចទទួលបានផលចំណេញកាន់តែខ្ពស់ ផលិតផលដែលលក់ចេញនៅលើទីផ្សារ ហើយមានស្តង់ដា CQS គឺលក់បានថ្លៃជាងផលិតផលធម្មតា»។
ក្នុងដំណើរការអនុវត្តគម្រោង CAPFish សហគ្រាសចំនួន១៦ក្នុងចំណោមសហគ្រាស២៨ បានត្រៀមលក្ខណៈរួចរាល់សម្រាប់សវនកម្ម CQS និង HACCP កាលពីចន្លោះខែមេសា និងឧសភា ហើយក្រោយមកសហគ្រាសចំនួន៨ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពកម្ពុជា CQS ក្នុងនោះសហគ្រាសចំនួន៤ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាព CQS ពេញលេញ និងសហគ្រាសចំនួន៤ទទួលបានវិញ្ញបនបត្របញ្ជាក់គុណភាព CQS៕