ក្រុមហ៊ុនជីវៈបច្ចេកវិទ្យាមួយរបស់សហរដ្ឋអាមេរិក ឲ្យដឹងថា ខ្លួននឹងធ្វើតេស្តសាកល្បងថ្នាំវ៉ាក់សាំងការពារមេរោគកូរ៉ូណាដ៏ធំបំផុតមួយនៅខែក្រោយនេះ។
ក្រុមហ៊ុន Moderna កំពុងធ្វើការជាមួយវិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩។
ក្រុមហ៊ុននោះបានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បត៍ថា ខ្លួននឹងធ្វើការសិក្សាទ្រង់ ទ្រាយធំចំពោះពួកអ្នកស្ម័គ្រចិត្តចំនួន៣ម៉ឺននាក់ ក្នុងសហរដ្ឋអាមេរិកនៅខែក្រោយ។ អ្នកស្ម័គ្រចិត្តខ្លះនឹងទទួលបានថ្នាំវ៉ាក់សាំងពិតប្រាកដ ហើយពួកអ្នកស្ម័គ្រចិត្តផ្សេងទៀតនឹងទទួលបានថ្នាំលេប។
ក្រុមហ៊ុន Sinovac ដែលជាក្រុមហ៊ុនជីវៈបច្ចេកវិទ្យារបស់ចិន ក៏មានគម្រោងសាកល្បងវ៉ាក់សាំងរបស់ខ្លួននៅខែក្រោយលើពួកអ្នកស្ម័គ្រចិត្តចំនួន ៩ ពាន់នាក់នៅក្នុងប្រទេសប្រេស៊ីល។ ប្រេស៊ីល ក៏នឹងត្រូវធ្វើតេស្តសាកល្បងថ្នាំវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេសដែរ។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងធ្វើការងារជា មួយមន្ទីរពិសោធន៍ឯកជននៅក្នុងអ្វីដែលខ្លួនហៅថា «កិច្ចប្រតិបត្តិការលឿន» ដែលសង្ឃឹមថា នឹងមានថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៣០០ លានដូស នៅខែមករា។
ក៏ប៉ុន្តែ អ្នកជំនាញនិយាយថា មិនដែលមានការធានាណាមួយថា ថ្នាំវ៉ាក់សាំង នឹងមានប្រសិទ្ធភាពនោះទេ ប្រសិនបើវាមានប្រសិទ្ធិភាព វានឹងផ្តល់ការការពារជាងបីបួនខែតែប៉ុណ្ណោះ។
ការសិក្សាដ៏សំខាន់មួយទៀតព្យាករណ៍ថា មនុស្សរាប់លាននាក់ នឹងធ្លាក់ចូលក្នុងភាពក្រៃក្រយ៉ាងខ្លាំង ពីព្រោះតែការរាតត្បាតនៃមេរោគកូរ៉ូណា។
របាយការណ៍មួយដោយសាកលវិទ្យាល័យអង្គការសហប្រជាជាតិ United Nations University ប្រាប់ឲ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ច អាចធ្វើឲ្យមនុស្ស ៣៩៥ លាននាក់ ធ្លាក់ចូលក្នុងស្ថានភាពដែលពួកគេត្រូវបង្ខំរស់ដោយប្រាក់ចំណូល ១ ដុល្លារ ៩០ សេន ក្នុងមួយថ្ងៃ ឬតិចជាងនេះ មានន័យថា ស្ថិតក្នុងស្ថានភាពក្រីក្រយ៉ាងខ្លាំង៕