ជារៀងរាល់ថ្ងៃសីល លោក ចាន់ សេរី តែងតែអុចធូបនៅពីមុខរូបថតចំនួន៤សន្លឹកដែលដាក់តំរៀបគ្នាយ៉ាងមានរបៀបរៀបរយនៅក្នុងផ្ទះដ៏តូចមួយសង់ជាប់ដីក្នុងខេត្តកំពង់ឆ្នាំងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកូនស្រីនិងភរិយាជាទីស្រឡាញ់របស់លោក ដែលបានស្លាប់បាត់បង់ជីវិតនៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកំសាន្តកោះពេជ្រកាលពី៤ឆ្នាំមុន។
ព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្របានបណ្តាលឱ្យកូនស្រីចំនួនបីនាក់ របស់លោក ចាន់ សេរី គឺ កញ្ញាសោម ស្រីចាន់ នាង សោម លីណានិង សោម ចាន់តារា ព្រមទាំងភរិយា ឈ្មោះ ឈិន ទូច បានស្លាប់បាត់បង់ជីវិតជាមួយជនរងគ្រោះដទៃផ្សេងទៀត។
កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០នៅថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូកនិងអកអំបុកមានព្រឹត្តិការណ៍ រត់ជាន់គ្នាដ៏គួរឱ្យរន្ធត់មួយនៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។
មានមនុស្សប្រមាណ៣៥៣នាក់ដែលភាគច្រើនជាយុវជនបានស្លាប់បាត់បង់ជីវិតនិងជិត៤០០នាក់ផ្សេងទៀតបានរងរបួស។ មានជនរងគ្រោះខ្លះបានធ្លាក់ខ្លួនពិការរហូតមកដល់សព្វថ្ងៃដោយសារការរត់ជាន់ពីលើគ្នានៅលើស្ពានពេជ្រ។
ថ្វីត្បិតតែហេតុការណ៍នេះបានរំលងទៅអស់រយៈពេលបួនឆ្នាំក៏ពិតមែនតែសម្រាប់លោក ចាន់ សេរី ហាក់បីដូចជាហេតុការណ៍នេះទើបតែកើតមានថ្មីៗនៅឡើយ។
និយាយរំលឹកដល់ការស្លាប់បាត់បង់ជីវិតកូនស្រីទាំងបីនិងភរិយាលោក ចាន់ សេរី បានអួលដើមកនិងបានរលីងរលោងទឹកភ្នែករួចហើយលោកបាននិយាយថាលោកមិនអាចបំភ្លេចពួកគេបានទេ។
លោកបាននិយាយថា៖« មានអារម្មណ៍សោកស្តាយ ក្តុក ក្តួល និងស្រក់ទឹកភ្នែក វាមិនដឹងធ្វើយ៉ាងម៉េចបើកាលៈទេសៈតម្រូវឱ្យអញ្ចឹង»។
លោក ចាន់ សេរី បានសាងសង់ចេតីយ៍មួយនៅព្រែកអញ្ចាញខេត្តកណ្តាលដោយបានតម្កល់អដិ្ឋធាតុរួមគ្នាម្តាយនិងកូនទាំងបីនាក់និងមានរូបថតតម្រៀបគ្នាជាជួរ។
លោកសេរី គឺជាជនរងគ្រោះម្នាក់ដែលបានបាត់បង់សមាជិកគ្រួសារច្រើនជាងគេ។នៅក្នុងមួយគ្រួសារគឺនៅសល់តែលោកម្នាក់ប៉ុណ្ណោះក៏ប៉ុន្តែមិនយូរប៉ុន្មានលោកបានរៀបអាពាហ៍ពិពាហ៍យកភរិយាថ្មីមួយទៀតនិងបានកូនថ្មីមួយទៀតដែលមានអាយុទើបតែជិត២ឆ្នាំ។
មិនត្រឹមតែក្រុមគ្រួសារដែលបានបាត់បង់សាច់ញាត្តិរបស់ខ្លួនក្នុងឧប្បទ្ទវហេតុរត់ជាន់គ្នា ដែលមិនអាចបំភ្លេចហេតុការណ៍នេះបាន សូម្បីតែអ្នករស់រានមានជីវិតនៅតែចងចាំព្រឹត្តិការណ៍នេះជារៀងរហូត។
កញ្ញា សុខ សៅលី អាយុ២៣ឆ្នាំរស់ក្នុងខេត្តកំពង់ចាមដែលជាអ្នករស់រានមានជីវិតមួយរូបពីការរត់ជាន់គ្នានៅលើស្ពានពេជ្រ បានបញ្ជាក់ថាកញ្ញាមិនអាចបំភ្លេចហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះបានទេ។
កញ្ញាបានអះអាងថាបុណ្យអុំទូកឆ្នាំនេះកញ្ញានិងមកកាន់ទីក្រុងភ្នំពេញម្តងទៀតតែមិនមិនធ្វើដំណើរទៅកាន់កន្លែងដែលមានមនុស្សជុំច្រើនដូចពីពេលមុនទេ។
កញ្ញានិយាយថា៖«នៅពេលដែលខ្ញុំនៅភ្នំពេញ។ខ្ញុំជិះឃើញស្ពានហ្នឹងអញ្ចឹងចេះតែភ័យៗពីព្រោះរឿងបានកន្លងហួសយូរក៏ដោយ ក៏ឃើញទៅនៅមានអារម្មណ៍ដិតដាមមួយថាយ៉ាងម៉េចមិនដឹងទេ។ដូចឃើញនឹងភ្នែកស្រស់ៗ ពេលដែលជិះកាត់ទោះបីយូរឆ្នាំហើយក៏ដោយ»។
ស្ពានពេជ្រដែលជាកន្លែងជួបឧប្បទ្ទវហេតុនោះត្រូវបានសាលាក្រុងភ្នំពេញបានវាយកម្ទេចចោលនិងបានសាងសង់ស្ពានថ្មីមួយទៀតដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។
រដ្ឋាភិបាលកម្ពុជាបានសន្និដ្ឋានថាករណីសម្លាប់មនុស្សនិងរងរបួសជិត១០០០នាក់ជាឧប្បទ្ទវហេតុរត់ជាន់គ្នាតែប៉ុណ្ណោះមិនមែនជាការរៀបចំគម្រោងសម្រាប់ជាមុនឬក៏ការវាយប្រហារតាមបែបភេរវកម្មទេ។
បុណ្យអុំទូកដែលជាបុណ្យប្រពៃណីទនៀមទម្លាប់តាំងពីបុរាណមកត្រូវបានរដ្ឋាភិបាលដែលគ្រប់គ្រងដោយលោក ហ៊ុន សែនបានបិទមិនឱ្យមានអស់រយៈពេលបីឆ្នាំដោយសារមានព្រឹត្តិការណ៍នៅលើស្ពានពេជ្រ។ក៏ប៉ុន្តែឆ្នាំនេះរដ្ឋាភិបាលបានបើកឱ្យរៀបចំពិធីបុណ្យនេះឡើងវិញដោយចាប់ផ្តើមពីថ្ងៃទី៥ទី ៦ និងទី៧ ខែវិច្ឆិកាខាងមុខនេះតទៅ៕