ស្ត្រីទីមួយស.រ.អា.គឺលោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នឹងធ្វើដំណើរនៅថ្ងៃអាទិត្យនេះទៅកាន់ទ្វីបអាហ្វ្រិក ដើម្បីគាំទ្រដល់ការសិក្សារបស់កុមារីនៅទីនោះ។
លោកស្រីអូបាម៉ានឹងគូសបញ្ជាក់អំពីការផ្តួចផ្តើមគំនិតសំខាន់មួយរបស់លោកស្រី គឺកម្មវិធី Let Girls Learn ដែលមានន័យថា៖ បើកឱ្យក្រុមនារីរៀនសូត្រ»។ នាង Sasha និងនាង Malia ដែលជាកូនស្រីរបស់លោកនិងលោកស្រីអូបាម៉ា និងអ្នកស្រី Mariam Robinson ដែលជាជីដូននៃនារីទាំងពីរនាក់នេះក៏នឹងចូលរួមក្នុងការធ្វើដំណើរនេះដែរ ដែលនឹងមានការឈប់សំចតនៅក្នុងប្រទេសលីបេរីយ៉ា ម៉ារ៉ុក និងប្រទេសអេស្បាញ។
លោក Ben Rhodes ដែលជាទីប្រឹក្សារងខាងសន្តិសុខជាតិនៅឯសេតវិមានបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា៖ «យើងមានជំនឿយ៉ាងខ្លាំងថា ការសិក្សាអប់រំនិងការផ្តល់អំណាចឱ្យក្រុមមនុស្សវ័យក្មេងមានសារៈសំខាន់ដល់តំបន់មួយដែលមានចលាចលច្រើន ជាពិសេសដោយសារមានប្រជារាស្ត្រវ័យក្មេងច្រើននៅក្នុងប្រទេសទាំងនោះ»។
កន្លែងឈប់សំចតទីមួយនៅក្នុងដំណើរទស្សនកិច្ចនេះគឺប្រទេសលីបេរីយ៉ា ដែលនៅទីនោះស្ត្រីទីមួយនៃស.រ.អា.នឹងចូលរួមក្នុងការប្រជុំមួយជាមួយលោកស្រីប្រធានាធិបតី Ellen Johnson Sirleaf ដែលជាស្ត្រីទីមួយជាប់ឆ្នោតកាន់តំណែងជាប្រមុខរដ្ឋក្នុងទ្វីបអាហ្វ្រិក។
បន្ទាប់មកលោកស្រីអូបាម៉ានឹងអញ្ជើញទៅទស្សនាកន្លែងហ្វឹកហ្វឺនមួយនៃក្រុម Peace Corps នៅក្នុងក្រុង Kakata ប្រទេសលីបេរីយ៉ា ដើម្បីមានប្រសាសន៍ទៅកាន់ស្ត្រីដែលចូលរួមក្នុងកម្មវិធី«ស្រ្តីដឹកនាំពិភពលោក»៕