ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភរិយា​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា គ្រោង​ជួយ​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ​ដល់​ស្ត្រី​កម្ពុជា


ភរិយា​របស់​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​លោកស្រី ​សុទ្ធី​ ហែដ្ឋ (Sotie Heidt) នៅក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ (ហ៊ាន សុជាតា/VOA)
ភរិយា​របស់​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​លោកស្រី ​សុទ្ធី​ ហែដ្ឋ (Sotie Heidt) នៅក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ (ហ៊ាន សុជាតា/VOA)

លោក​ស្រី សុទ្ធី ហៃដ្ឋ ដែល​មាន​ឈ្មោះ​កំណើត​ថា​​ កែន​ មនោ​សុទ្ធី​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន ដែល​គេច​ចេញ​ពី​ការ​យាយី​របស់​ខ្មែរ​ក្រហម​​ ហើយ​ទៅ​រស់នៅ​លើ​ទឹក​ដី​ថ្មី​ គឺ​សហរដ្ឋ​អាមេរិក​ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ភរិយា​ជា​ជន​ជាតិ​ខ្មែរ។

លោក​ស្រី សុទ្ធី ហៃដ្ឋ ដែល​មាន​ឈ្មោះ​កំណើត​ថា កែន​ មនោ​សុទ្ធី​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន ដែល​គេច​ចេញ​ពី​ការ​យាយី​របស់​ខ្មែរ​ក្រហម ហើយ​ទៅ​រស់នៅ​លើ​ទឹក​ដី​ថ្មី​ គឺ​សហរដ្ឋ​អាមេរិក​ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។ ប៉ុន្តែ​លោក​ស្រី​ មិន​ដែល​បាន​ភ្លេច​ទឹក​ដី​កំណើត​របស់​ខ្លួន​ឡើយ។

ជាង​៣០​ឆ្នាំ​ក្រោយ​មក ​លោក​ស្រី​ បាន​ស្ថិត​នៅ​ក្នុង​ឋានៈ​មួយ​ផ្សេងទៀត។ ជា​ភរិយា​នៃ​មន្ត្រី​ការ​ទូត​របស់​ប្រទេស​មហាអំណាច​មួយ​ លោក​ស្រី​ សុទ្ធី​ ហៃដ្ឋ​ សង្កេត​ឃើញ​បរិយាកាស​ដ៏​ល្អ​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ ហើយ​មានបំណង​ចង់​ជួយ​ជំរុញ​ភាព​ជា​អ្នក​ដឹក​នាំ​ដល់​ស្ត្រី​កម្ពុជាឲ្យ​បានកាន់​តែ​ខ្លាំងក្លា​ទៀត។

«តាំង​ពី​មក​ខ្ញុំ​បាន​និយាយ​ជាមួយ​ប្អូនៗ​សិស្សានុសិស្ស​ ស្រីៗ​ច្រើន​ ធ្វើ​ម៉េច​តាំង​ចិត្ត​ឲ្យ​ក្លាយ​ទៅ​មនុស្ស​ដែល​មាន​ជោគជ័យ​នៅ​ក្នុង​ជីវិត។ ប៉ុន្តែ​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​មួយ​ទៀតឃើញ​ថា នៅ​ប្រទេស​ខ្មែរក៏​មាន​អ្នក​ជោគ​ជ័យ​ហ្នឹង​ហើយច្រើន។ មាន​អ្នក​ដែល​ជោគ​ជ័យ​រួច​ហើយ មិន​មែន​ចាំ​បាច់​ដល់​ឧកញ៉ា​ គ្រាន់​តែ​អ្នក​មាន​ business [អ្នក​រកស៊ី] ដែល​គាត់​ជោគ​ជ័យ​មែន​ទែន​ ​ឬ​មួយ​ក៏​គាត់​ធ្វើ​ការ​អី​មួយ​នៅ​ក្នុង​ក្រសួង​ណា​ ដែល​គាត់​មាន​មោទនភាព​ខ្លួន​គាត់នៅ​ក្នុង​ការងារ​របស់​គាត់»។

ស្រដៀង​នឹង​ស្ត្រី​ទី​១​សហរដ្ឋ​អាមេរិក​ Michelle Obama ដែល​បាន​ផ្ដួចផ្ដើម​គម្រោង​ Let Girls Learn ឬ​ កម្មវិធី​ «​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា» លោក​ស្រី​ភរិយា​ឯក​អគ្គ​រដ្ឋ​រូប​នេះ​ មាន​គម្រោង​ចំណាយពេល​៣​ឆ្នាំ​ខាង​មុខ ដើម្បី​ផ្សារភ្ជាប់​ស្ត្រី​ជោគ​ជ័យទាំង​នោះ​ទៅ​កាន់​ស្ត្រី​វ័យ​ក្មេង​កម្ពុជា។

«មិន​មែន​ពួក​គាត់​មិន​ចង់​និយាយ​រក​គ្នា​ទេ​ ប៉ុន្តែ​ពួក​គាត់​មិន​មាន​ Channel ឬ​ក៏​កម្មវិធី​អី​ដែល​ឲ្យ​គាត់​មក​និយាយ​ឲ្យគ្នា អ្នកដែលមិន​ទាន់​ត្រួស​ត្រាយ​ផ្លូវ​ហ្នឹង​ ដឹង​ថា​ត្រូវ​ដើរ​ធ្វើ​ម៉េច។ ខ្ញុំ​បាន​ជួប​ច្រើន​អ្នក​ដែល​មាន​ជោគ​ជ័យ​ហើយ​ ក្នុង​ជីវិត​គេ​ឡើង​ដល់​កម្រិត​មួយ​ ដែល​ខ្ញុំ​ថាអ្នក​ដែល​មក​តាម​ក្រោយ​គ្នា​គួរ​តែ​ benefit [ទទួល​បាន​អត្ថប្រយោជន៍]ពីរបៀប​ណែ​នាំ​ ពី​គាត់​ខ្លះ»។

លោក​ស្រី​ សុទ្ធី ហៃដ្ឋ ក៏​បាន​ចំណាយ​ពេលនិយាយ​ចែក​រំលែក​បទ​ពិសោធន៍​នៅ​តាម​សាលារៀន​ ជា​ពិសេស​សិស្ស​នារី​ផង​ដែរ អំពី​ការ​ធ្វើ​ឲ្យ​ជីវិត​ទទួល​បាន​ជោគជ័យ។

ក្រៅ​ពី​នោះ ​លោក​ស្រី​ក៏​មាន​គម្រោង​ជួយ​ក្រុម​ដែល​មាន​ការ​ពិបាក​ក្នុង​ការ​ជួយ​ខ្លួន​ឯង​ដូច​ជាកុមារ ​និង​មនុស្ស​ចាស់​ជរា​ តាម​រយៈ​ការ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ជាមួយ​សប្បុរស​ជន​អាមេរិក​ ក្នុង​ការ​ផ្ដល់​ជំនួយ​ទៅ​តាម​អង្គការ​នានា ​ដែល​ធ្វើ​ការ​លើ​វិស័យ​ពាក់​ព័ន្ធ។

«នៅ​ក្នុង​លក្ខណៈ​នេះ​ នៅ​ក្នុង​តួនាទី​នេះ ខ្ញុំ​ប្រហែល​ជា​ជួយ​បាន​ច្រើន​ជាង​ បើ​សិន​ជា​ខ្ញុំ​ ជា​អ្នក​ផ្សំ​ផ្គុំ​អ្នក​សប្បុរសជន​អាមេរិក​ អ្នក​ដែល​មាន​លុយ​ច្រើន​នៅ​អាមេរិក​ ប៉ុន្តែ​គេ​ចង់​ជំនួយ​អី​មួយ​ ហើយ​ខ្ញុំ​ចង់​ធ្វើ​ជា​មនុស្ស​កណ្ដាល​ ផ្គុំ​គាត់​ឲ្យ​ទៅ​គម្រោង​ ដែល​គាត់​ចូល​ចិត្ត​ ដែល​គាត់​ចង់​ជួយ​ ដោយ​សារ​ប្ដី​ខ្ញុំ​ និង​ខ្ញុំ​នៅ​ទី​នេះ​គឺ​គាត់​មាន​ការ​ទុក​ចិត្ត ថា​ពួក​ខ្ញុំ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រាក់​របស់​គេ ទៅ​កន្លែង​ដែល​គេ​ចង់​ជួយ​មែន»។

​លោក​ស្រី​ សុទ្ធី​ ហៃដ្ឋ​ មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។ លោក​ស្រី​ ក៏​បាន​រង​គ្រោះ​ ដូច​ជា​ប្រជាជន​កម្ពុជា​ដទៃ​ទៀត​ដែរ​គឺ លោក​ស្រី​បាន​បាត់​បង់​ឪពុកម្ដាយ​នៅ​ក្នុង​របប​វាល​ពិឃាដ​ ប៉ុល ពត ។

ជា​កូន​កំព្រា​ លោក​ស្រី​ និង​បង​ស្រី​ បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ជា​មួយ​ឪពុក​មា​នៅ​ឯ​រដ្ឋ​ Washington។

នៅ​ឯ​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ សុទ្ធី​ ហៃដ្ឋ​ បាន​ព្យាយាម​បន្ត​ការសិក្សា​រហូត​ដល់​ថ្នាក់​អនុបណ្ឌិត។

ជា​ស្ត្រី​កម្ពុជា​មួយ​រូប ​លោក​ស្រី​យល់​ថា​ មាន​តែ​ការ​សិក្សា​មួយ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​លោក​ស្រី​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក។

«តាំង​ពី​ឳ​ពុក​ម្តាយ​នៅ​រស់​ គាត់​តែង​និយាយ​ប្រាប់​ថា​ ទោះ​ជា​មាន​ការ​អី​កើត​ឡើង​ រឿង​អី​កើត​ឡើង​ កាល​ណា​យើង​ជា​មនុស្ស ​well-educated អ្នក​ដែល​រៀន​បាន​ខ្ពស់​ គឺ​យើង​អាចចេញ​ពី​សភាពការណ៍​ទាំង​អស់​បាន​ យើង​អាច​ជួយ​ខ្លួន​បាន​ ចេញ​ពី​អ្វី​ៗ​ដែល​យើង​មិន​ចូល​ចិត្ត​ ជួយ​យើង​ឲ្យ​ឡើង​ទៅ​ដល់​កម្រិត​ដែល​យើង​ចង់​បាន»។

អត្រា​សិស្ស​ស្រី​បោះ​បង់​ចោល​ការ​សិក្សា​នៅ​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​កម្ពុជា​មាន​២៥.៤%។ នេះ​បើ​យោង​តាមស្ថិតិ​និង​សូចនាករ​អប់​រំ​ឆ្នាំ ​២០១៤-២០១៥ នៃ​ការិយាល័យ​ព័ត៌មាន​គ្រប់​គ្រង​អប់រំ​នៃ​នាយកដ្ឋាន​ផែនការ។​

កម្ពុជា ​ត្រូវ​បាន​អន្តរជាតិ​ស្គាល់​ថា​ ជា​ប្រទេស​មួយ​ដែល​រស់​រាន​ពី​របប​ប្រល័យ​ពូជ​សាសន៍។​ ប៉ុន្តែ​លោក​ស្រី​ សុទ្ធី​ មាន​ទស្សនវិស័យ​ផ្សេងសម្រាប់​ប្រទេស​កំណើត​របស់​ខ្លួន។ លោក​ស្រី​មិន​ចង់​ឲ្យ​ប្រទេសកម្ពុជា​ដ៏​ក្រីក្រ​នេះ​ នៅតែ​ប្រឡាក់​ដិតដាម​ នឹង​របប​ខ្មៅ​ងងឹត​នោះ​ឡើយ។

ជាមួយ​នឹង​កិច្ច​ខំ​ប្រឹងប្រែង​របស់​ស្វាមី​របស់​អ្នក​ស្រី គឺ​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ William Heidt​ លោកស្រី ​សុទ្ធី​ យល់​ថា​ វិស័យ​ទេសចរណ៍​ ជំនួញ​ និង​អប់រំ​ គឺ​ជា​វិស័យ​ដ៏​ចម្បង​សម្រាប់​ជួយ​ប្រទេស​កំណើត​របស់​ខ្លួន​ឲ្យ​រីក​ចំរើន​ទៅ​មុខ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG