លោកស្រី Obama និយាយថា៖ «ខ្ញុំមាន Malia រួចហើយពេល Barack ធ្វើជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដូច្នេះកិច្ចការចម្បងខ្ញុំគឺត្រូវមើលថែកូនដោយផ្ទាល់ នៅពេលទំនេរពីការងារ ហើយពេលនោះខ្ញុំធ្វើការពេញម៉ោង»។ លោកស្រីបានរៀបរាប់អំពីការចាត់ចែងពេលវេលាទៅបំពេញការងារជាអនុប្រធានកម្មវិធីជួយសហគមន៍មួយរបស់សាកលវិទ្យាល័យ Chicago Hospital ។
លោកស្រី Obama ក៏ដូចស្រ្តីផ្សេងទៀតដែរ លោកស្រីគិតថា ការសម្រួលសុំការងារក្រៅម៉ោងសម្រាប់មុខតំណែងនោះ នឹងផ្តល់ភាពងាយស្រួលក្នុងការបែងចែកពេលវេលាធ្វើជាម្តាយនៅផ្ទះ។
លោកស្រីនិយាយថា៖ «ខ្ញុំសាកល្បងធ្វើការងារក្រៅម៉ោង ពីព្រោះខ្ញុំគិតថាខ្ញុំត្រូវតែដោះស្រាយរឿងនេះឲ្យបាន ខ្ញុំត្រូវមានពេលទៅទទួលកូនៗពីសាលារៀន ហើយខ្ញុំត្រូវតែអាចសម្រេចកិច្ចការទាំងអស់នេះបាន ដូច្នេះខ្ញុំសាកធ្វើការក្រៅម៉ោង»។
លោកស្រី Obama បានថ្លែងទៅកាន់អ្នកចូលរួមជាង៥.០០០ នាក់ក្នុងកិច្ចប្រជុំកំពូលថា៖ «អ្វីដែលខ្ញុំរៀនសូត្រពីការងារក្រៅម៉ោង គឺថាយើងទទួលបានតែប្រាក់ខែក្រៅម៉ោង»។
លោកស្រីបន្តថា៖ «ដូច្នេះហើយខ្ញុំសន្យានឹងខ្លួនឯងថា ប្រសិនបើខ្ញុំបន្តធ្វើការទៀត នោះខ្ញុំនឹងមិនធ្វើការងារក្រៅម៉ោងនោះទេ ខ្ញុំដឹងពីតម្លៃពេលវេលា និងថាមពលខ្ញុំ»។
ចំនួនស្រ្តីធ្វើការនៅផ្ទះច្រើនជាងបុរស
ឆ្នាំមុន ២៧ភាគរយនៃស្រ្តីជាម្តាយមានកូនអាយុក្រោមអាយុបីឆ្នាំ ធ្វើការក្រៅម៉ោង រីឯបុរសជាឳពុកដែលធ្វើការក្រៅម៉ោងមានតែ៦ភាគរយប៉ុណ្ណោះ នេះបើយោងតាមស្ថិតិចេញដោយក្រសួងការងារ ស.រ.អា។
នៅពេលដែលគម្លាតប្រាក់ខែតាមយេនឌ័រនៅតែមាន ស្រ្តីជាច្រើនបានស្តីបន្ទោសលើភាពខ្វះខាតក្នុងការពង្រឹងអាជីពរបស់ពួកគេដោយសារតែរវល់នឹងការមើលថែទាំគ្រួសារ។
បើទោះជាការយល់ឃើញរបស់ប្រជាជនអាមេរិកកំពុងផ្លាស់ប្តូរក៏ដោយ ប្រជាជនអាមេរិក៧៩ភាគរយ បដិសេធគំនិតដែលថាស្រ្តីគួរតែបែរមកបំពេញតួនាទីជាមេផ្ទះក្នុងសង្គមវិញ ហើយមានតែយុវជន១៦ភាគរយប៉ុណ្ណោះ ដែលនិយាយថាការណ៍ដែលមានម្តាយធ្វើការពេញម៉ោងគឺជារឿងមួយដ៏ប្រសើរ ហើយស្រ្តីទំនងដូចជានៅតែចង់ផ្លាស់ប្តូរជីវិតការងាររបស់ពួកគាត់ដើម្បីទ្រទ្រង់គ្រួសារជាងបុរស។
នៅសហរដ្ឋអាមេរិក ស្រ្តីជាម្តាយដែលមានការងារធ្វើចំនួន៤២ភាគរយនិយាយថា ក្នុងអាជីពការងារ ពេលខ្លះពួកគេត្រូវកាត់បន្ថយម៉ោងធ្វើការដើម្បីមកមើលថែកូន ឬសមាជិកគ្រួសារ ផ្ទុយពីបុរសជាឳពុកដែលមានការងារធ្វើត្រឹមតែ២៨ភាគរយក្នុងឆ្នាំ២០១៣ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew។
ស្រ្តីចំនួនពីរដងហាក់ដូចជានិយាយថាការផ្លាស់ប្តូរក្នុងជីវិតការងាររបស់ពួកគាត់ប៉ះពាល់ដល់អាជីពជារួម។
ឳពុកសកម្ម
លោកស្រី Michelle Obama ក៏បានស្នើសុំឲ្យឳពុកទាំងឡាយចូលរួមឲ្យកាន់តែសកម្មបន្ថែមទៀតក្នុងការងារផ្ទះ។
លោកស្រី រំលឹកទៅកាន់បុរសៗជាច្រើនក្នុងបន្ទប់ប្រជុំថា៖ «សូមធ្វើជាស្វាមីឲ្យកាន់តែល្អជាងនេះទៀត ជួយលាងចានឆ្នាំង ម៉េចមិនជួយមើលថែកូនផង អ្នកមិនមើលថែកូនអ្នកដែរទេឬ សូមចូលរួមធ្វើការងារទាំងនេះផង កុំគិតថាគ្រាន់តែទៅធ្វើការ និងត្រឡប់មកផ្ទះវិញ បង្ហាញថាអ្នកជាបុរសនោះ»។
សម្រាប់ស្រ្តីជាម្តាយច្រើនណាស់ ការទៅធ្វើការងារក្រៅម៉ោងមិនមែនជាជម្រើសទេ ប្រសិនបើពួកគាត់គ្មានស្វាមីជួយរកចំណូលទ្រទ្រង់គ្រួសារដែរនោះ។ ស្រ្តីជាម្តាយមេម៉ាយ មានការកើនឡើងយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០១៣ កុមារអាមេរិកក្រោមអាយុ១៨ឆ្នាំមិនដល់៥០ភាគរយផងរស់នៅជាមួយគ្រួសារដែលមានទាំងឳពុកទាំងម្តាយ។
ប៉ុន្តែស្រ្តីសួរខ្លួនឯងថា តើខ្ញុំអាចរ៉ាប់រងកិច្ចការទាំងអស់នេះដែរឬ? ដែលបុរសកម្រសួរខ្លួនឯងណាស់។ ស្រ្តីជាច្រើនដែលមានអារម្មណ៍ចង់បំពេញតួនាទីមេផ្ទះ និងនៅផ្ទះជាមួយក្រុមគ្រួសារផង និងចង់បន្តអាជីពរបស់ខ្លួនយ៉ាងខ្លាំងផងនោះមើលទៅដូចជាមិនអាចធ្វើបានទេ។
លោកស្រី Obama ផ្តល់ដំបូន្មានដល់ស្រ្តីវ័យក្មេងឲ្យឈប់សួរខ្លួនឯងដាច់ខាតនូវសំណួរបែបនេះ ដោយបានអះអាង ថាការដែលរ៉ាប់រងកិច្ចការទាំងអស់នោះ គឺជា «ការប្តេជ្ញាចិត្តដ៏ល្ងីល្ងើ»។
លោកស្រីនិយាយថា៖ «ដូច្នេះហើយ សូមឈប់សួរ ខ្ញុំមិនចង់ឲ្យស្រ្តីវ័យក្មេងផ្សេងទៀតមានការរំពឹងគិតថាពួកគេបរាជ័យទេ ប្រសិនបើពួកគេមិនអាចរ៉ាប់រងកិច្ចការទាំងអស់នោះបាន»។
លោកស្រី Obama មិនបានគាំទ្រឲ្យស្រ្តីរីករាយនឹងស្ថានភាពរបស់ពួកគេដូចក្នុងឆ្នាំ២០១៦នៅស.រ.អា.នេះទេ ប៉ុន្តែចង់ដាស់តឿនស្រ្តីវ័យក្មេងនានាដែលគិតថាសិទ្ធិស្មើគ្នាមានរួចស្រេចហើយ។
លោកស្រី និយាយថា៖ «យើងមិនអាចទទួលការព្រងើយកន្តើយបានទេ។ យើងមិនពេញចិត្តស្ថានភាពបែបនេះទេ ដូច្នេះយើងត្រូវតែបន្តធ្វើកិច្ចការបន្ថែមទៀត»៕
ប្រែសម្រួលដោយ កោះ សុគន្ធី