អតីតជនភៀសខ្លួនខ្មែរមួយរូបដែលបានឆ្លងកាត់ក្នុងរបបវាលពិឃាដខ្មែរក្រហម ពេលនេះ បានក្លាយជាភិបាលក្រុងមួយរបស់សហរដ្ឋអាមេរិក។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក ចៅ សុខារី ដែលជាសមាជិកក្រុមប្រឹក្សាទីក្រុងឡូវែលក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក ត្រូវបានសមាជិកក្រុមប្រឹក្សាក្រុងរបស់លោកជ្រើសរើសដើម្បីកាន់តួនាទីជាន់ខ្ពស់មួយនៅក្នុងអង្គនិតិបញ្ញតិ កាលពីថ្ងៃចន្ទម្សិលមិញ។ លោក ក៏នឹងក្លាយជាអភិបាលក្រុងឡូវ៉ែលដែលជាជនជាតិអាមេរិកកាំងដើមកំណើតអាស៊ីដំបូងគេម្នាក់ផងដែរ។
លោក បានថ្លែងក្រោយការស្បថចូលកាន់តំណែងរបស់លោកជាអភិបាលក្រុងឡូវែលថា «ព្រះ បានផ្តល់ពរជ័យដល់ប្រទេសអាមេរិក។ តើត្រូវឬទេ? ខ្ញុំធ្លាប់ជាជនភៀសខ្លួនមួយរូប តែពេលនេះ ខ្ញុំបានក្លាយជាអភិបាលរបស់ទីក្រុងដ៏សំខាន់មួយរបស់រដ្ឋ Massachusetts។ ខ្ញុំមិនដឹងទេថា តើរឿងដូចគ្នានេះ នឹងអាចកើតមានឡើងបាន នៅទីកន្លែងណាផ្សេងទៀតដែរឬទេ នៅលើពិភពលោកនោះ។ ខ្ញុំកំពុងព្យាយាមដើម្បីស្វែងយល់អំពីវា។ នេះ បើតាមការលើកឡើងរបស់លោក ចៅ សុខារី ដែលមានអាយុ៤៩ឆ្នាំ ដែលបម្រើការងារនៅរដ្ឋបាលសង្គមកិច្ច សហរដ្ឋអាមេរិក (U.S. Social Security Administration)។
នៅក្នុងសុន្ទកថាចូលកាន់តំណែងរបស់លោកជាអភិបាលក្រុងឡូវែលនោះ លោកសុខារី បានបញ្ជាក់ពីប្រវត្តិគ្រួសាររបស់លោកដែលបានរត់គេចពីរបបខ្មែរក្រហម និងពីប្រវត្តិជាអតីតជនអន្តោប្រវេសន៍នៅក្នុងទីក្រុងឡូវែល ដែលជាទីក្រុងឧស្សាហកម្មមួយនោះ។
Your browser doesn’t support HTML5
បច្ចុប្បន្ន ទីក្រុងនេះ មានពលរដ្ឋរស់នៅប្រមាណជាង១សែន ១ម៉ឺន ៥ពាន់នាក់ដែលក្នុងនោះ មានពលរដ្ឋអាស៊ីប្រមាណជាង ២៥% ហើយជាទីក្រុងធំបំផុតទី២របស់អាមេរិក ដែលមានសហគមន៍ពលរដ្ឋខែ្មររស់នៅច្រើនជាងគេនោះ។
លោក សុខារី កាលពីថ្ងៃចន្ទ បានថ្លែងនៅចំពោះមុខក្រុមមនុស្សជាច្រើននាក់ ដែលក្នុងនោះក៏រួមមានភរិយារបស់លោក និងកូនប្រុសតូចៗ២នាក់របស់លោកផងដែរថា «ក្នុងនាមជាពលរដ្ឋអាមេរិកដើមកំណើតខ្មែរមួយរូបដែលមានមោទនភាពនោះ ខ្ញុំគាំទ្រដល់ជនអន្តោប្រវេសន៍ជាច្រើននាក់ ដែលបានមកដល់ទីនេះមុនខ្ញុំដើម្បីស្ថាបនាទីក្រុងនេះឡើង»។
លោកក៏បានរំឭកផងដែរពីប្រវត្តិឪពុករបស់លោក ដែលធ្លាប់ធ្វើជាទាហ៊ានខែ្មរពាក់ស័ក្តបី ហើយត្រូវបានរបបខ្មែរក្រហមសម្លាប់ ក្នុងអំឡុងឆ្នាំ១៩៧៥ នៅពេលកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលមួយនោះ។
លោកបានបន្តថា ម្តាយរបស់លោក បានស្លាប់កាលពីឆ្នាំទៅ។ ម្តាយរបស់លោកបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចិញ្ជឹមបីបាច់ថែរក្សាកូនទាំង៧នាក់ក្នុងរយៈពេល៤ឆ្នាំក្នុងការរស់រានជីវិតពីគ្រាប់មីន ដំណើរឆ្លងកាត់ព្រៃ ភាពអត់ឃ្លាន ជំងឺ និងភាពមិនប្រាកដប្រជាមួយដើម្បីនាំកូនៗមកកាន់ប្រទេសដែលមានសុវត្ថិភាពក្នុងទឹកដីសហរដ្ឋអាមេរិកនេះ៕