ការវាយប្រហារ​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​កើត​មាន​កាន់​តែ​ខ្លាំង

រូបថតឯកសារ៖ ពួកឧទ្ទាម​គាំទ្រ​រុស្ស៊ី​កំពុង​បញ្ចូលគ្រាប់​ក្នុង​រថក្រោះ​ នៅ​ជិត​ទីក្រុង ​Donetsk ភាគខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។

កាល​ពី​ថ្ងៃ​ចន្ទ​ ការ​ប្រយុទ្ធគ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​ពួក​ទាមទារ​បំបែក​រដ្ឋ​បាន​កើន​ឡើង​នៅ​ក្នុង​ប៉ែក​ខាងកើត​នៃប្រទេស​អ៊ុយក្រែន​ដោយ​លោក​ប្រធានាធិបតី​នៃប្រទេស​អ៊ុយក្រែន​បាន​បញ្ជា​ដល់​រដ្ឋមន្ត្រី​ការបរទេស​របស់​លោក​ឱ្យ​ធ្វើ​កិច្ច​ចរចា​គ្រា​មាន​អាសន្ន​ជាមួយ​សមភាគី​របស់​លោក​មក​ពី​ប្រទេស​អាល្លឺម៉ង់ ​បារាំង​និង​ប្រទេស​រុស្សី​អំពីកំណើន​អំពើហិង្សា​នេះ។​

គេហទំព័រ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​បាន​រាយការណ៍​ថា ​ពួក​យុទ្ធ​ជន​ទាមទារ​បំបែក​រដ្ឋ​ប្រមាណ​២០០​នាក់​ដែល​ប្រើប្រាស់​កង​រថក្រោះ​បាន​បើក​ការ​វាយ​ប្រហារ​នៅ​ជុំវិញ​ភូមិ​ Novolaspa ​ដែល​ឋិត​នៅ​ពាក់​កណ្តាល​ផ្លូវ​រវាង​ក្រុង​ Donetsk ​ដែល​ជា​សំបុក​ពួក​ទាមទារ​បំបែក​រដ្ឋ​និង​ក្រុង​កំពង់ផែ ​Mariupol ​ដែល​ត្រួតត្រា​ដោយ​រដ្ឋាភិបាល។​

លោក​ Viktor Muzhenko ​នាយ​អគ្គសេនាធិការ​នៃ​ក្រុម​យោធា​អ៊ុយក្រែន​បាន​ជម្រាប​លោក​ប្រធានាធិបតី​ Petro Poroshenko ​ថា​ ការ​វាយ​ប្រហារ​នេះ​បាន​ទទួល​រង​ការ​វាយ​បក​មក​វិញ​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​គេហទំព័រ​លោក​ប្រធានាធិបតី​អ៊ុយក្រែន។​ តាម​របាយការណ៍​ឯទៀតៗ​បាន​ឲ្យ​ដឹង​ថា កងកម្លាំង​រដ្ឋាភិបាល​បាន​ដក​ថយ​ចេញ​ពី​ភូមិ ​Novolaspa ​ហើយ។

ពួកមន្ត្រី​ខាង​ក្រុម​ឧទ្ទាម​បាន​បដិសេធ​ថា​ កងកម្លាំង​ពួក​គេ​មិន​បាន​វាយប្រហារ​ ក្នុង​ភូមិ​ Novolaspa​ ទេ​ ដោយ​និយាយ​អះអាង​ថា​ កង​ឯកភាព​ឧទ្ទាម​បាន​ឋិត​នៅ​ទីនោះ​រួច​ស្រេច​ហើយ​ ហើយ​បាន​ចោទ​ប្រកាន់​កង​កម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន​ថា ​បាន​បាញ់​ផ្តក់​ដាក់លើ​ភូមិនោះ៕