មនុស្ស១៥​នាក់​ត្រូវ​សម្លាប់​ក្នុងការប៉ះទង្គិច​រវាង​កម្លាំង​សន្តិសុខស្រីលង្កា​និង​ពួកសកម្ម​ប្រយុទ្ធ​

កង​សន្តិសុខ​យាម​នៅ​ខាង​ក្រៅ​កន្លែង​ដែល​មាន​ការ​ប្រើ​ប្រាស់​អាវុធ​រវាង​កងកម្លាំង​និង​ជនដែល​សង្ស័យ​ថា​ជា​យុទ្ធ​ជន​ឥស្លាម នៅ​ឆ្នេរ​ខាង​កើត​នៃ​ប្រទេស​ស្រី​លង្កា កាល​ពីថ្ងៃ​ ២៧ មេសា ២០១៩។

មនុស្ស​១៥​នាក់ក្នុងនោះមានកុមារ៦ នាក់​ផង​ត្រូវ​បាន​សម្លាប់​កាល​ពី​យប់​ថ្ងៃសុក្រ ​នៅក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​សន្តិសុខ​ស្រីលង្កា​ និងពួក​សកម្ម​ប្រយុទ្ធ​ដែល​ជាប់​ទាក់ទង​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ព្រះវិហារ​និង​សណ្ឋាគារ​កាលពី​ថ្ងៃ​បុណ្យ​ Easter Sunday។​

ប៉ូលិស​បាន​និយាយ​ថា ​ការ​ប្រយុទ្ធ​គ្នាបាន​ផ្ទុះ​ឡើង​ ​ហើយ​បុរស​៣​នាក់​បាន​បំផ្ទុះ​គ្រាប់បែក​ដែល​បាន​សម្លាប់​ខ្លួន​ឯង​ក្នុង​អំឡុង​ពេល​វាយឆ្មក់​លើផ្ទះមួយ​ដែល​មានការ​ការពារ​នៅក្នុង​ស្រុក​ Ampara ​នៅ​ឆ្នេរ​សមុទ្រខាង​កើត​របស់​ប្រទេស​ដែន​កោះ​នេះ។​

ស្ត្រី​រងរបួស​ធ្ងន់ម្នាក់​និង​កូនត្រូវ​បាន​រក​ឃើញអំឡុង​ពេល​បោះ​សម្អាត​ផ្ទះ ​ហើយ​ក្រោយ​មក​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅមន្ទីរពេទ្យ។ ​

បន្ទាប់ពី​អំពើហិង្សា​ចុង​ក្រោយ​បង្អស់នេះ ​លោក​ប្រធានាធិបតី ​Maithripala Sirisena ​បាន​ប្រកាស​ជាផ្លូវការ​ដាក់​ក្រុម​ជ្រុលនិយម​ឥស្លាម​ពីរក្រុមឲ្យ​នៅ​ក្រៅច្បាប់ ​ដែល​សង្ស័យ​ថា​ បាន​ធ្វើការ​វាយ​ប្រហារ​នៅ​ថ្ងៃបុណ្យ​ Easter Sunday ​ដែល​បាន​សម្លាប់​មនុស្សជាង​២៥០​នាក់។ ​

លោក​ Sirisena ​បាន​ប្រើ​អំណាច​គ្រាអាសន្ន​របស់​លោក​ដើម្បី​ដាក់​បម្រាម​លើ​ក្រុម​ជ្រុល​និយម ​National Thawheedh Jamaath និងក្រុម​ ​Jamathei Millathu Ibrahim។​ ​មន្ត្រីសន្តិសុខ​បាន​និយាយ​ថា​ ក្រុម​ជ្រុល​និយម ​National Thawheedh Jamaath ​ត្រូវ​បាន​គេ​ជឿ​ថា​ ជាក្រុម​ដ៏​សំខាន់​នៅពី​ក្រោយ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​បុណ្យ​ Easter Sunday។

ក្រុម​មន្រ្តី​បាន​និយាយ​ថា​ កាល​ពី​មុន​ព្រឹត្តិការណ៍​នេះ ​ច្បាប់​មិន​អនុញ្ញាត​ឲ្យដាក់​ក្រុមដែល​មិន​សូវ​មាន​ឈ្មោះ​បោះ​សំឡេង​នេះក្រៅច្បាប់​ទេ​ ដោយសារខ្វះ​ភស្តុតាង​រឹងមាំ​ប្រឆាំង​នឹង​ពួក​គេ៕