ទីភ្នាក់ងារ​ឱសថ​អាមេរិក​អនុញ្ញាត​​ឲ្យ​ប្រើ​ថ្នាំ Remdesivir ដើម្បី​ព្យាបាល​ជំងឺ​កូវីដ១៩

រូប​ឯកសារ៖ ដប​ថ្នាំ Remdesivir។

និយ័តករនៃ​រដ្ឋបាល​ស្បៀង​អាហារ​និង​ឱសថសហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា FDA បាន​យល់​ព្រម​ជា​លើក​ដំបូង​ឲ្យ​ប្រើ​ឱសថRemdesivir ដើម្បី​ព្យាបាល​ជំងឺ​កូវីដ​១៩។ Remdesivir ជា​ប្រភេទ​ឱសថ​ចាក់​តាម​ស៊ីរ៉ូម។

ក្រុមហ៊ុន Gilead Science ដែល​ផលិត​ឱសថ​នោះ បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បត៍ថា ឱសថ​នោះ បាន​ត្រូវ​យល់ព្រម​ឲ្យ​ប្រើ​ប្រាស់​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំឡើង ដែល​ត្រូវ​ចូល​មន្ទីរពេទ្យ​ដោយសារ​ការឆ្លង​វីរុស​កូរ៉ូណា។ ចំពោះ​អ្នកជំងឺ​ដែល​មាន​អាយុតិច​ជាង​១២​ឆ្នាំ ទីភ្នាក់ងារ​FDA នៅ​តែ​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​គ្រា​មាន​ភាព​បន្ទាន់ ដូច​ការ​ណែនាំ​ពីពេល​មុន​កន្លង​មក។

ក្រុមហ៊ុន​នេះ ហៅ​ឱសថ​នោះ​ថា Veklury។ ការសិក្សា​ដ៏ធំ​មួយ​ក្នុង​សហរដ្ឋ​អាមេរិក រកឃើញ​ថា ថ្នាំ​នេះ​កាត់​បន្ថយ​ពេល​វេលា​ក្នុង​ការ​ជា​សះស្បើយ​ឡើង​វិញ​ចំនួន​៥​ថ្ងៃ គឺ​ពី​ចំនួន​១៥​ថ្ងៃ​មក​នៅ​ត្រឹម​១០​ថ្ងៃជា​មធ្យម។

ថ្នាំ​នេះ​រារាំង​មិន​ឲ្យ​វីរុស​កូរ៉ូណា​បង្កើន​ចំនួន​ក្នុង​ខ្លួន​មនុស្ស​បាន។ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ក៏បាន​ប្រើ​ប្រាស់​ថ្នាំ​នេះ​ដែរ នៅ​ពេល​ដែល​លោក​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ កាលពី​ដើម​ខែ​តុលា៕