អ្នកស្រី ខាត់ ចាន់ថន សប្បាយចិត្តនឹងតម្លៃស្រូវឆ្នាំនេះ ដោយសារវាខ្ពស់ជាងឆ្នាំមុនៗ គឺប្រមាណ១.២០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ស្រូវដែលមានគុណភាពល្អ។
អ្នកស្រីប្រាប់វីអូអេថា៖ «ឡើងយ៉ាងតិចក៏៣០០[រៀល]ដែរ។ ខ្ញុំនិយាយថា បើស្រូវដែលល្អ ឡើងដល់៤០០។ តែបើស្រូវអន់ វាបានតែ៣០០។ ពីមុន៨០០ ឥឡូវ១.២០០ វាស្មើនឹង៤០០[កើន]»។
អ្នកស្រី ខាត់ ចាន់ថន កសិករធ្វើស្រែក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
ប៉ុន្តែកសិករអាយុ៤៣ឆ្នាំរូបនេះត្អូញត្អែរអំពីទឹកជំនន់និងទឹកភ្លៀងច្រើនក្នុងឆ្នាំនេះ ដែលជន់លិចស្រែ ធ្វើឱ្យស្រូវរបស់អ្នកស្រីមិនសូវល្អ និងខូចខាតមួយចំនួនផងដែរ។
កសិករធ្វើស្រែលើដីមួយហិកតារូបនេះបញ្ជាក់ថា៖ «ពេលដែលស្រូវផើម ទឹកមក។ ពេលដែលទឹកជំនន់ថយទៅវិញ មានទឹកភ្លៀងពីលើមក ភ្លៀងមកវាសង្កត់ ដល់ពេលស្រូវបែក វាសង្កត់ទៅ វាទម្រាំតែទុំ វាលិចទឹកខ្លះ»។
កសិករមួយចំនួននៅខេត្តពោធិ៍សាត់លើកឡើងថា តម្លៃស្រូវឆ្នាំនេះល្អជាងឆ្នាំមុនៗ។ ប៉ុន្តែតម្លៃជី ប្រេង និងម៉ាស៊ីនជ្រូតឡើងថ្លៃ នៅតែជាបញ្ហាសម្រាប់ពួកគេ។
លោក ម៉ែន កុសល កសិករធ្វើស្រែក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
លោក ម៉ែន កុសល អាយុ៣៧ឆ្នាំ កសិករនៅខេត្តពោធិ៍សាត់ម្នាក់ទៀត ថ្លែងថាតម្លៃជី និងប្រេងនៅតែថ្លៃសម្រាប់កសិករ។
លោកបញ្ជាក់ថា៖ «សំខាន់ជី វារៀងថ្លៃដែរ។ ប្រឈមនឹងជី ប្រឈមប្រេង។ ប្រេងឥន្ធនៈ វាថ្លៃទៅ ម៉ាស៊ីនជ្រូតគ្នាទាររកថ្លៃដែរ។ មួយហិកតា ខ្ទង់៣៥ម៉ឺន ទៅ៤០ម៉ឺន[រៀល]»។
ទោះជាយ៉ាងណា នៅឆ្នាំនេះ លោកសប្បាយចិត្តដែលតម្លៃស្រូវបានខ្ពស់ជាងឆ្នាំមុនៗ។
លោកបន្ថែមថា៖ «បានតែតម្លៃប្រហែលតែឆ្នាំនេះ។ ប្រជាពលរដ្ឋខ្មែរធ្វើស្រូវ វាអត់សូវប្រឈមប៉ុន្មាន វាអាចមានសល់ចំណេញខ្លះ»។
លោក ហែម ផល្លា អាយុ៤៥ឆ្នាំ ជាកសិករម្នាក់ទៀតក្នុងខេត្តពោធិ៍សាត់ ថ្លែងថា៖ «សប្បាយចិត្តរីករាយបានស្រូវថ្លៃ។ សូមបានថ្លៃបានមួយអាណត្តិ៥ឆ្នាំ»។
ទោះជាយ៉ាងណា នៅឆ្នាំនេះ កសិកររូបនេះខាតបង់ស្រូវពាក់កណ្តាល ដោយសារទឹកជំនន់។
លោកប្រាប់វីអូអេថា៖ «ខ្ញុំនេះខ្ញុំធ្វើបាន៥០% វាទឹកលិច។ ស្រូវកើតណាស់ ល្អ ដល់ពេល(លោក) ទើបតែផើមតូច ទឹកជន់មក ខូច ស្រក់ដង្ហើម»។
ដីធ្វើស្រែរបស់កសិករក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ (ស៊ុន ណារិន/វីអូអេ)
ស្រូវឆ្នាំនេះឡើងថ្លៃ ដោយសារឥទ្ធិពលនៃការមិននាំចេញអង្ករប្រភេទធម្មតារបស់ប្រទេសឥណ្ឌាដែលជាប្រទេសនាំអង្ករចេញធំជាងគេនៅលើពិភពលោក ក្នុងគោលបំណងរក្សានូវសន្តិសុខស្បៀងនៅក្នុងប្រទេស។ ដូច្នេះប្រទេសជិតខាងកម្ពុជា ដូចជាថៃ និងវៀតណាមសម្រុកទិញស្រូវពីកម្ពុជាក្នុងតម្លៃថ្លៃជាងមុន។ ប៉ុន្តែអ្នកតាមដានក៏មើលឃើញអំពីផលប៉ះពាល់អវិជ្ជមានផងដែរទាក់ទងនឹងការឡើងថ្លៃអង្ករនៅលើទីផ្សារកម្ពុជា។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់វីអូអេថា ដោយសារវៀតណាមធ្លាប់ទិញអង្ករពីឥណ្ឌាបាន ប៉ុន្តែឥឡូវលែងបញ្ជាទិញបាន ដូច្នេះសម្រុកទិញស្រូវពីកម្ពុជា ដែលធ្វើឱ្យតម្លៃស្រូវកើនឡើង។
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម នាថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរកសិករដែលទទួលបានតម្លៃស្រូវខ្ពស់នៅក្នុងឆ្នាំនេះ។
លោកថ្លែងថា៖ «ដោយសារស្រូវឆ្នាំនេះ តម្លៃល្អ បើប្រៀបធៀបពីឆ្នាំទៅ។ តាមរបាយការណ៍ ដូចមួយគីឡូ ១.០០០ ទៅ១.៣០០។ បើយើងប្រៀបធៀបពីមុន ដូច៨០០ទៅ១.០០០។ ហើយគួបផ្សំជាមួយនឹងការថយចុះនៃវត្ថុធាតុដើមមួយចំនួនដូចជាជី ថ្នាំកសិកម្មមួយចំនួន អ៊ីចឹងគឺធ្វើឱ្យកសិករមួយចំនួនអាចរកចំណូលបាន ព្រោះវាមិនសំខាន់រឿងតម្លៃលក់តែមួយទេ វាសំខាន់ផងដែរទៅលើតម្លៃផលិត។ បានន័យថា វាសំខាន់ថា កសិករសល់លុយប៉ុន្មាន»។
សម្រាប់កសិករកម្ពុជា ពួកគេសង្ឃឹមថា ស្រូវនៅបន្តរក្សាបានតម្លៃខ្ពស់ ហើយសង្ឃឹមថាពួកគេធ្វើស្រែ ដោយមានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់ តម្លៃជី ប្រេងទាប និងមិនរងគ្រោះដោយសារទឹកជំនន់ និងភាពរាំងស្ងួត៕