ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី​រក​វិធីសាស្ត្រ​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ទប់​ស្កាត់​ការ​បង្អាប់​ថ្លៃ​ស្រូវ


រូបឯកសារ៖ កសិករម្នាក់ដើរកាត់ភ្លឺស្រែនៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៦។
រូបឯកសារ៖ កសិករម្នាក់ដើរកាត់ភ្លឺស្រែនៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៦។

ស្រប​ពេល​ប្រទេសកម្ពុជា​កំពុងឆ្ពោះ​ទៅរក​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣​ នោះ​ កសិករ​មួយចំនួន​រំពឹង​ថា រដ្ឋាភិបាល​ជាប់ឆ្នោត​ថ្មី សម្រាប់​នីតិកាល​ទី ៧ នឹង​ប្រឹង​ប្រែង​ជួយ​កសិករ​ រឿង​បម្រែ​បម្រួល​អាកាស​ធាតុ និង​ផ្តល់​អន្តរាគមន៍​មិនឱ្យ​ឈ្មួញ​កណ្តាល​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ ពាក់​ព័ន្ធ​នឹង​ការទិញដូរ​ផលិត​ផល​កសិកម្ម។

នៅ​ឯ​តំបន់វាលស្រែ​ដែល​មាន​ព្រំប្រទល់​ជាប់​និង​ឃុំ​វិហារសួគ៌​ ក្នុង​ស្រុក​ខ្សាច់​កណ្តាល​ កសិករ​មួយ​ចំនួន​បាន​រអ៊ូរទាំ​ ចំពោះ​ការ​ចំណាយ​ច្រើន​លើ​ថ្លៃ​បូមទឹក​ នៅ​ពេល​ការ​ហួត​ហែង​កើត​ឡើង​ក្នុង​រដូវ​វស្សា។

លោក​ ជ្រួន វែង​ មើល​ឃើញ​ពី​ផល​ប៉ះ​ពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ ក្នុង​រយៈពេល​ ៥​ ទៅ​ ៦ ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​ប្រាប់​វីអូអេ​ថា​៖ «អាកាស​ធាតុ អាកាស​ធាតុ​ ប្រែប្រួល​មេឃ​ ងងឹត​ដាប​អ៊ីចឹង​ ហើយ​អត់​ភ្លៀងសោះ ផាត់​ ផាត់​ ផាត់​ ទៅ​ភ្លៀង​ទន្លេ​ឯណា ​ស្រុក​កើត​ ស្រុក​អីបាត់​ទៅ​ ហ្នឹង​ទទេរ ​ឃើញ​ដី​សស្គុស​ អ៊ីចឹង​ ត្រូវ​ការ​ដាក់​ទឹក​ បាញ់​ថ្នាំ​ ត្រូវប្រើ​ជីទៀត បាន​បាន»។

កសិករដែល​មាន​ទីលំនៅ​ក្នុង​ឃុំ​វិហារ​សួគ៌​រូបនេះ​និយាយ​ថា​ នៅពេល​ភ្លៀង​មិនធ្លាក់​ខ្លាំង​ក្នុង​តំបន់​របស់​លោក តម្លៃ​ប្រេង​បាន​បន្ត​កើនឡើង​រហូត​ដល់​១០ ម៉ឺនរៀលក្នុង​មួយ​កាន។

លោក​ថ្លែងថា៖ «បូម​ប្រាំ​ ប្រាំមួយ​ឆ្នាំ​មក​ហើយ។ វា​អត់​មាន​ភ្លៀង​សោះ​ រាំង​អត់​ទឹក​ ចេញ​ផុស​អ៊ីចឹង​ ផុស​ពី​ក្រោម​មក​អ៊ីចឹង​ ដល់​ពេល​អ៊ីចឹង​ អត់​ចំណេញ​ទេ​ ទឹកហ្នឹង​ប្រេង​វាថ្លៃ។ រួច​ទឹក​វាអត់​សូវ​ចេញ​ផង។ ​ប្រេង​ឡើង​ជាង​ ១០ ម៉ឺន​ហើយ​សព្វថ្ងៃ។ ពីមុន​វា​បាន​ទឹក​ភ្លៀង​ជំនួយ​ មួយ​កាន​តែ​ប្រាំពីរ​ ប្រាំបី​ម៉ឺន​ ឥឡូវ​ឡើង​១០ ម៉ឺន​ហើយ»។

លោកបន្ថែម​ថា ​រដ្ឋាភិបាល​អាណត្តិក្រោយ​ គួរ​គិត​គូរ​អំពី​ការ​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​តំបន់ដែល​លោក​រស់​នៅ ​ព្រោះកសិករ​នឹង​បាន​ធូរ​ស្រាល​បន្តិច​ ដោយ​សារ​មាន​ប្រភពទឹក​គ្រប់​គ្រាន់​ ដែលអាច​ជួយ​កសិករ​ឱ្យ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ប្រេង។​

កសិករក្នុងស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល​លោក​ជ្រួន​ វែង​ ថ្លែង​ជាមួយ​សំឡេងសហរដ្ឋ​អាមេរិក​ (វីអូអេ)​ ថ្ងៃទី​ ២ ខែកក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ​)​
កសិករក្នុងស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល​លោក​ជ្រួន​ វែង​ ថ្លែង​ជាមួយ​សំឡេងសហរដ្ឋ​អាមេរិក​ (វីអូអេ)​ ថ្ងៃទី​ ២ ខែកក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ​)​
វាលស្រែនៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៣។​ (ហ៊ុល រស្មី/វីអូអេ​)​
វាលស្រែនៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៣។​ (ហ៊ុល រស្មី/វីអូអេ​)​

កម្ពុជា​មាន​ផ្ទៃ​ដីធ្វើ​ស្រែ ជាង​ ៣ លាន​ហិកតា នៅទូទាំង​ប្រទេសសម្រាប់​បម្រើ​ដល់​កិច្ចការ​កសិកម្ម។ បញ្ហា​អាកាសធាតុ​ប្រែប្រួល​ ជា​បន្ទុក​មួយ​របស់​កសិករ​រួចទៅ​ហើយ តែ​ការ​ធ្លាក់​ចុះតម្លៃ​ស្រូវ​ក៏បាន​ញាំញី​ជីវភាពរស់​នៅ​របស់​កសិករ។

លោក ​មឿន រឿន​ កសិករ​រស់​នៅ​ក្នុង​ឃុំ​វិហារ​សួគ៌​ នៅ​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ ប្រាប់​វីអូអេ​ថា​ កសិករ​នៅ​បន្ត​រង​គ្រោះ​ពី​ការ​ធ្លាក់​ចុះតម្លៃ​ស្រូវ​ ដោយ​សារ​តែ​ឈ្មួញ​កណ្តាល​ជា​អ្នក​កំណត់។​

លោក​ថ្លែង​ថា៖ ​«ចង់​បាន​ដូច​ថា ​ឱ្យ​លោក​គាត់​ដាក់​គោល​នយោបាយ​មក​ថា​ ស្រូវ​ឆ្នាំ​ហ្នឹង​ឱ្យ​បាន​ ១​ពាន់​ ​គឺ​ ១​ពាន់​តែម្តង​ ហើយ​ឈូក​ ១​គីឡូ ៧​ពាន់ ​គឺ​ឱ្យ​បាន​ ៧​ពាន់​ ហ្មង​ទៅ!​ មិនបាច់​ចុះ​ មិនបាច់​ឡើង។​ ត្រឹមហ្នឹង​ហ្មង​ទៅ!​ ចុះ​ឡើង ពិបាក​ទទួល​យក​....​ចំណេញ​ឈ្មួញ​កណ្តាល។​ ជី ​ប្រេង​ ថ្នាំ​ គឺ​ថេរ​ ប្រឈម​មុខ​នឹ​ង​ថ្លៃ​ រីឯ​របស់​កសិករ​ប្រឈម​មុខ​នឹង​ថោក»។

ស្រដៀង​គ្នា​នេះ​ដែរ​ ​លោក ​ជ្រួន វែង​ ក្រៅតែ​ពី​ការ​បារម្ភ​ចំពោះ​តម្លៃ​ប្រេង​បូម​ទឹក​ដែល​មិន​ទាន់​ចុះថមថយ​ខ្លាំងនោះ​ លោក​ក៏​មានកង្វល់​ចំពោះការ​ធា្លក់​ចុះ​តម្លៃ​ស្រូវ​ នៅពេល​កសិករ​ចាប់​ផ្តើម​ប្រមូល​ផល។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ច្រើន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធ្លាក់​ថ្លៃ​ស្រូវនេះ​ និង​តម្លៃ​កសិផល​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖​ «បាទ​ ជួយ​គិតគូរ​មែន​ទែន​ ព្រោះ​ប្រេង​ ជី ថ្នាំ ថ្លៃ​ណាស់​ សព្វ​ថ្ងៃ​នេះ​ ឱ្យ​សុំ​ជួយ​ឱ្យស្រូវបាន​ត្រឹម​ ១ពាន់​ចុះ​ ឱ្យ​ថេរ​ត្រឹម​ ១ពាន់​ទៅ​ស្រូវ​ហ្នឹង​ ឈូកឱ្យ​ត្រឹម​ ៨​ពាន់​ចុះ​ ព្រោះ​ឈូក​វា ​អានេះ​វា​យើង​យក​ជី យក​ពូជ​វា​មកព្រួស។ បើ​ឈូក​យើង​អាច​ដក​ពីនោះមក​ដាំ​ហ្នឹង​បាន​ យើង​ចាំ​ជា​លក្ខណៈ​គ្រួសារ​ចឹង​បាន។ នេះ​ទាល់​តែ​យក​ស្រូវ​ពូជ​គេ​មក​ធ្វើ»។

ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​អំពាវ​នាវ​របស់​កសិករ​ ពាក់​ព័ន្ធតម្លៃផលិតផល​កសិកម្ម​នេះ​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​រក្សា​គោលនយោបាយ​ដែល​ការពារ​ប្រយោជន៍​កសិករ​ ពោល​គឺ​រដ្ឋាភិបាល​នឹង​ជួយ​ជ្រោម​ជ្រែង​ឱ្យ​មាន​ការ​បង្កើត​សមាគម​កសិករ​ដើម្បីចរចា​ជាមួយ​ឈ្មួញ​កណ្តាល។

លោក​ថ្លែង​ថា៖ «បញ្ហា​សំខាន់​ទៀត​ គឺ​រាជរដ្ឋាភិបាល​មាន​គោលការណ៍​ដើម្បី​ឱ្យ​ប្រជាកសិករ​យើង​បង្កើត​ជា​សមាគម​កសិករ​របស់​យើង​ ដើម្បីជា​ជញ្ជីង​ថ្លឹង​សម្រាប់​តថ្លៃ​ជាមួយ​នឹង​ក្រុម​ឈ្មួញ​កណ្តាល​ សម្រាប់​ទិញ​កសិផល​ជា​ប្រចាំ​ឆ្នាំរបស់​យើង។ បាទ​អានេះ​ បញ្ហា​សំខាន់»។

លោក​បន្ថែមថា​ រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​ នឹង​បន្ត​រក្សា​គោលនយោបាយមិនយក​ពន្ធលើ​ដីស្រែ ហើយ​ក៏រៀប​ចំដាក់​មន្ត្រី​កសិកម្ម​នៅ​តាម​ភូមិឃុំ​ឱ្យ​គៀក​នឹង​ប្រជាកសិករ។

បើតាម​លោក​សុខ ឥសាន​ ការ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ក៏នៅ​តែ​ជា​កិច្ចការ​អាទិភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវធ្វើ​ដើម្បី​ប្រជាជន បើសិន​ជា​គណ​បក្ស​កាន់​អំណាច​នៅបន្ត​ឈ្នះឆ្នោត។

លោក​ថ្លែងថា៖ «អាហ្នឹង​រាជរដ្ឋាភិបាល​នៅ​តែ​ប្រកាន់​យ​ក​ដដែល​ទេ​ គឺ​ខិតខំ​ កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ ដើម្បី​បម្រើ​កសិកម្ម​ហ្នឹង​ឱ្យ​វា​គ្រប​ដណ្តប់​នៅ​លើ​ផ្ទៃ​ប្រទេស​ហ្នឹង​ឱ្យបាន​ច្រើន​ភាគរយ។ ឥឡូវ​នេះ​ វាបាន​ខ្ទង់​ ៧០​ភាគរយ​ហើយ​នៃ​ផ្ទៃ​ដី ដែលមាន​ជាង​ ៣លានហិកតា​នៅ​ទូទាំង​ប្រទេស​ហ្នឹង»។ ​

រូបឯកសារ៖ បុរសនេសាទម្នាក់អង្គុយលើទូកនៅក្នុងបឹងដែលរីងស្ងួត ក្នុងអំឡុងគ្រោះរាំងស្ងួត នៅខេត្តកណ្តាល កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៦។
រូបឯកសារ៖ បុរសនេសាទម្នាក់អង្គុយលើទូកនៅក្នុងបឹងដែលរីងស្ងួត ក្នុងអំឡុងគ្រោះរាំងស្ងួត នៅខេត្តកណ្តាល កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៦។

ដោយឡែក​ អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក ​គីម សួរភិរិទ្ធ​ ថ្លែង​ថា គណបក្ស​ជំទាស់​មានគោល​នយោបាយ​សំខាន់ៗ​ ៥ ចំណុច​ ដើម្បីធ្វើ​ឱ្យប្រសើរ​នូវ​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ និង​កសិករ។

ទោះបី​មិន​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣ ​នេះក្តី ក៏​លោក​ថា គណបក្ស​ភ្លើង​ទៀន​នៅមានក្តី​សង្ឃឹមថា​នឹង​អាច​ចូលរួម​ឈរ​បោះឆ្នោត​លើក​ក្រោយទៀត​ ដើម្បី​គណបក្ស​ទទួល​បានការ​គាំទ្រ​ពីម្ចាស់​ឆ្នោត​ច្រើន​ ហើយ​បើក​ផ្លូវ​ឱ្យ​គណបក្ស​អនុវត្ត​គោលនយោបាយ​ទាំង​នោះ ដែល​រួមមាន​ការ​បង្កើន​ការ​ងារ​ក្នុងស្រុក​ ការ​ការពារ​ប្រយោជន៍​កម្មករ​រោងចក្រ ពង្រឹង​សេវា​សុខភាព​សាធារណៈ ការថែទាំ​ចាស់​ជរា​ និង​ការ​រក​ទីផ្សារ​កសិកម្ម​ឱ្យ​កសិករ។

លោកថ្លែងថា៖ «យើង​គិត​អំពី​កសិករ។ យើង​ឃើញ​ហើយ​កសិផល​នៅ​ស្រុក​ខ្មែរ គឺ​ធ្វើ​ហើយ​លក់​អត់​ចេញ​ទេ​ ហើយ​ហូរ​ចូល​ពី​ក្រៅ​ហ្នឹង ​វា​ច្រើន។ ហើយ​ដោយ​សារ​តម្លៃ​ផលិត​យើង​ខ្ពស់។ អ៊ីចឹង​ យើង​លក់​អត់​ឈ្នះគេ ប្រកួត​ប្រជែង​អត់​ឈ្នះគេ។ ថ្វីដ្បិត​តែ​យើង​នៅ​ក្នុង​ស្រុក​ ប៉ុន្តែ​យើង​អត់​ប្រកួតប្រជែង​ឈ្នះ​នាំ​ចូល»។ ការ​ប្រែប្រួល​អាកាស​ធាតុ​ បាន​ក្លាយ​ជាក្តី​បារម្ភរបស់​សកលលោក​ ហើយ​មេដឹក​នាំ​ប្រទេស​នីមួយៗ​បាន​ខិត​ខំរៀបចំ​គោល​នយោបាយ​ជាច្រើន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ប្រឈម​មួយ​នេះ។ នេះ​បើ​និយាយ​រួម។​ តែ​បើ​និយាយ​ដោយ​ឡែក​ កសិករ​នៅ​ប្រទេស​កម្ពុជា​ ជារឿយៗ​ខ្វល់​ចិត្តនឹង​ការ​ហួត​ហែងផង​ ហើយ​ក៏ខក​ចិត្ត​ខ្លាំងនៅពេល​ប្រមូលផល​បាន​ច្រើន​ ក៏ប៉ុន្តែ​តម្លៃ​ធ្លាក់​ចុះ​ ឬ​គ្មាន​ទីផ្សារ​ទៅ​វិញ​ ហើយការ​តវ៉ា​ក៏បាន​កើតឡើង​កន្លងមក​ផង​ដែរ។

ខណៈការ​ប្រែប្រួល​អាកាស​ធាតុ​ធ្វើ​ឱ្យកសិករ​ខ្វះ​ទឹក​ធ្វើស្រែ​ អ្នករស់​នៅ​ទីក្រុង​ភ្នំ​ពេញ​ក៏​កំពុង​រង​គ្រោះ​ពីផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នោះ​ផង​ដែរ​ ព្រោះ​តំបន់​ទីក្រុង​ខ្លះ​ត្រូវ​ជន់​លិច​ដោយ​សារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ជាង​នៅ​តំបន់​ជនបទ។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន​ យល់​ថា ការធ្លាក់​ភ្លៀង​ដែល​នាំ​ឱ្យ​លិច​លង់​ផ្នែកខ្លះ​របស់​រាជធានី​ភ្នំពេញ​មិន​មែន​កើត​ឡើ​ងតែ​នៅ​កម្ពុជា​ទេ។ នេះមាន​ន័យ​ថា​ បាតុភូត​ធម្មជាតិនេះ​ក៏បាន​កើ​តឡើង​នៅ​ទីកន្លែង​ផ្សេង​ទៀតផងដែរ។ លោក​បន្ថែម​ថា​ មន្ត្រី​រដ្ឋាភិបាល​គ្រប់ជាន់​ថ្នាក់ មិន​បាន​ព្រងើយ​កន្តើយ​នឹង​រឿង​នេះ​ទេ​ ដោយ​ថា​ពួកគេ​បាន​ខិត​ខំរក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ទឹក​ភ្លៀង​ដែល​បានជន់លិច​នៅ​តំបន់​ខ្លះ​ក្នុងទីក្រុង​បាន​ស្រក​ទៅវិញ​យ៉ា​ងឆាប់​រហ័ស។

លោក​ថ្លែងថា៖ «​ដូច​ជាការ​លិច​ប៉ុន្មាន​ថ្ងៃ​នេះ​ ឥឡូវហ្នឹង​ឃើញ​ថា ដំណើរ​ការ​វា​ស្រក​ទៅវិញ​ហើយ។ អ៊ីចឹង គឺ​ថា​ ក៏​សុំ​អធ្យាស្រ័យ​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ដែរ​ ដែល​ជួប​ប្រទះ​ កន្លែង​ដូច​ជា​នៅ​ខណ្ឌដង្កោ​អីហ្នឹង​ ជាទី​ទំនាប​ស្រាប់​ទៅ​ហើយ។មិន​ មិន​ពាក់​ព័ន្ធ​អំពី​ការ​លុបបឹង​ ការ​ចាក់​ដី​អីទេ​ គឺ​ថា​ កន្លែង​ខណ្ឌ​ដង្កោ​រហូត​ទៅ​ដល់​ផ្លូវ​បែក​ទៅ​កំពង់​កន្ទួត​នៅ​ខេត្ត​កណ្តាល​ហ្នឹង​ យើង​ឃើញថា​ ឱ្យ​តែ​ភ្លៀង​មក​លិច​ហើយ​ រហូត​ទៅដល់​ផ្ទះ​បុរី​មួយ​ចំនួន​ទៀត​ ក៏ត្រូវ​ទទួល​ការ​លិចលង់​ដែរ។ ហើយ​ខ្ញុំ​យល់​ថា​ បើ​ដឹង​ថា​ តំបន់​នេះ​ វា​ទទួល​ការ​លិច​លង់​ខ្លាំង​ ខ្ញុំ​យល់​ថា​ អ្នក​រក​ស៊ី​កសាង​សំណង់បុរី​ហ្នឹង​ ក៏គាត់​មិន​ទៅ​ធ្វើ​ដែរ។ អាហ្នឹង​រឿង​តែ​ប៉ុណ្ណឹង​ទេ​ គឺ​ថា​វា​គ្រោះ​ធម្មជាតិ​ ដែល​យើង​ចាត់​ទុក​ថា​ ជា​ហានិភ័យពី​គ្រោះ​ធម្មជាតិ​ហ្នឹង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG