រឿង​អាស្រូវ​សញ្ញាប័ត្រ​ក្លែង​ក្លាយ​បង្អាក់​​ក្រុ​មហ៊ុន​ផ្សព្វផ្សាយ​​ធំមួយ​​នៅ​បាគីស្ថាន

ប៉ូលិស​ប៉ាគីស្ថាន​ឈរយាម​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Axact ក្នុង​ក្រុង​ការ៉ាជី ប្រទេស​ប៉ាគីស្ថាន​ កាល​ពីថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ២០១៥។

រឿង​អាស្រូវ​ពាក់ព័ន្ធនឹង​ការ​ចេញ​សញ្ញាប័ត្រ​អប់រំ​ក្លែងក្លាយ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក ​ព្រម​ទាំង​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សាកលវិទ្យាល័យ​ក្លែងក្លាយ​តាម​បណ្ដាញ​អ៊ីនធឺណិត​រាប់រយ​ស្ថាប័ន ​បាន​ធ្វើ​ឲ្យ​មាន​ការរង្គោះរង្គើ​ក្នុង​ប្រទេស​ប៉ាគីស្ថាន និង​ឈាន​ទៅដល់​ការ​បង្អាក់​ដំណើរការរបស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ធំ​មួយ​ដែល​គេ​គ្រោង​នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ឆាប់ៗ​នេះ។ ក្រុម​ហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយ​នេះ​ ត្រូវ​គេ​គិត​ថា​នឹងអាចធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរក្នុង​វិស័យ​ឧស្សាហកម្ម​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​របស់​ប្រទេស​នេះ។

ការ​ស៊ើប​អង្កេត​ជា​ច្រើន​ទៅ​លើ​ក្រុមហ៊ុន ​Axact​ ដែល​ជា​ក្រុមហ៊ុន​មួយ​អះអាង​ថា​ខ្លួន​ជា​អ្នក​នាំ​ចេញ​កម្មវិធី​កុំព្យូទ័រ​ធំ​ជាង​គេបំផុត​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អត្ថបទ​សារព័ត៌មាន​មួយ​របស់​កាសែត ​The New York Times បានចោទ​ប្រកាន់​ថា​ ក្រុមហ៊ុន​ Axact ​បាន​លក់​សញ្ញាប័ត្រ​ក្លែងក្លាយ​រាប់​លាន​ច្បាប់​ឲ្យ​និស្សិត ​ដែល​រស់​នៅ​រាប់​ចាប់​តាំង​ពី​សហរដ្ឋអាមេរិក​ រហូត​ដល់​មជ្ឈិមបូព៌ា។

កាសែត The New York Times បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ទើបតែ​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ថា​៖ «កាសែត The Times បាន​ធ្វើ​ការ​វិភាគ​លើ​គេហទំព័រ​ជាង​៣៧០ រាប់​បញ្ចូល​ទាំង​គេហទំព័រ​របស់សាលារៀន អង្គភាព​ដែល​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ​លើ​បណ្ដាញ​អ៊ីនធឺណិត​ អង្គភាពទទួល​ស្គាល់​សញ្ញាប័ត្រ​ក្លែង​បន្លំ ទីភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក ​សាលា​ភាសា និងក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់។ អង្គភាព​ទាំង​នេះ​មាន​ស្នាម​ផ្តិត​ម្រាមដៃ​របស់​ក្រុមហ៊ុន ​Axact» ដែល​ត្រូវ​បាន​រក្សាទុក​ក្នុង​ទម្រង់​ឌីជីថល។

នៅ​ដើម​សប្ដាហ៍​នេះ ក្រុម​ស៊ើបអង្កេត​នៅ​ក្នុង​ក្រុង ​Karachi ដែល​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​បាគីស្ថាន​ បាន​វាយ​សម្រុក​ចូល​ទៅ​ក្នុង​ការិយាល័យ​របស់ក្រុមហ៊ុន Axact ហើយ​បាន​រក​ឃើញ​បន្ទប់​ជា​ច្រើន​មានពោរពេញ​ទៅ​ដោយ​ក្រដាស​សញ្ញាប័ត្រ​មិន​ទាន់​បោះពុម្ភ គរ​ផ្អែក​នឹង​ជញ្ជាំង។

ប្រភព​ពី​ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​របស់​បាគីស្ថាន​បាន​ប្រាប់​កាសែត​ Dawn ​ដែល​ជា​កាសែត​ភាសា​អង់គ្លេស​ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​ប៉ាគីស្ថានថា ​កំណត់​ត្រា​នានា​ដែល​រឹបអូស​បាន​នោះ ​បង្ហាញ​ថា ​ភាគ​ច្រើន​នៃ​អតិថិជន​របស់​ក្រុមហ៊ុន Axact គឺ​ជា​ប្រជាជន​អាមេរិក ហើយ​រឿង​រ៉ាវ​លម្អិត​នានា​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្ថានទូត​អាមេរិក​រួចរាល់​ហើយ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក Chaudhry Nisar Ali Khan បាន​និយាយ​ថា​ បាគីស្ថាន​នឹង​ស្វែងរក​ជំនួយ​ពី​សំណាក់​ក្រុម​ស៊ើបអង្កេត FBI និង​ប៉ូលិស​អន្តរជាតិ Interpolដើម្បីស៊ើប​អង្កេត​រឿង​នេះ។

កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​កន្លង​ទៅ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​បរទេស​បាគីស្ថាន​ លោក Qazi M. Khalilullah បាន​និយាយ​ថា៖ «ស្ថាប័ន​ព្រម​ទាំង​សាកលវិទ្យាល័យ​មួយ​ចំនួន​របស់​អាមេរិក​ ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ​ ហើយ​ក្រសួង​មហាផ្ទៃ​របស់​យើង​បាន​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​សំណាក់​អាជ្ញាធរ​អាមេរិក​រួច​ជា​ស្រេច​ហើយ»។

នៅ​ពេល​សួរ​ថា​ តើ​មាន​ការ​ស្នើ​សុំ​ជំនួយ​ជា​ផ្លូវ​ការ​ក្នុង​រឿង​នេះ​ហើយ​ឬ​យ៉ាង​ណា លោក Steve Castonguay អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋធានី ​Islamabad និយាយ​ថា៖ «យើង​កំពុង​តែ​ធ្វើការ​ជាមួយ​មន្ត្រី​ប៉ាគីស្ថាន​លើ​បញ្ហានេះ» ដោយ​លោក​មិន​បាន​ពន្យល់​ពី​ស្ថានភាព​លម្អិត​ណា​មួយ​ឡើយ។

អគ្គនាយក​ប្រតិបត្តិក្រុមហ៊ុន ​Axact ​លោកShoaib Ahmed Shaikh ក៏​ដូចជា​នាយក​ផ្នែក​ផ្សេងៗ​នៃ​ក្រុមហ៊ុន​មួយ​នេះ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ បូក​រួម​ទាំង​ការ​ឆបោក និង​ការ​លាង​លុយ​កខ្វក់។

លោក ​Shaikh​ ធ្លាប់​និយាយ​ថា លោក​ចង់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​លោក ​Bill Gates ដែល​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Microsoft ទៅ​ទៀត។

«ក្រុមហ៊ុន Axact មាន​ទិសដៅ​បង្កើន​តម្លៃ​នាំ​ចេញ​ផលិតផល​ព័ត៌មានវិទ្យា​របស់ប៉ាគីស្ថាន​ក្នុង​តម្លៃ​ ៥០ពាន់លាន​ដុល្លារ ដោយ​ពង្រីក​កម្លាំង​ពលកម្ម​រហូត​ដល់​១សែន​នាក់»។ នេះ​បើ​តាម​ការ​លើក​ឡើង​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន។

ការរៀបរាប់​ផ្សេងៗ​ទៀត​ ដែល​មាន​នៅ​លើ​គេហទំព័រ​ដដែល​បាន​គូស​បញ្ជាក់​ថា លោក Shaikh មើល​ឃើញ​តួនាទី​របស់​ខ្លួន​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ លើស​ពី​សហគ្រិន​សាមញ្ញ​ម្នាក់។

ទំព័រ​ដំបូង​នៃ​គេហទំព័រ​ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ជា​សាធារណៈ​ថា៖ «សូម​មើល​ការ​ថ្លែង​សុន្ទរកថា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​លោក ​Shoaib Ahmed Shaikh ដើម្បី​ស្វែង​យល់​អំពី​វិធី​ដែល​ក្រុមហ៊ុន ​Axact នឹង​ធ្វើ​ឲ្យ​វិស័យ​នានា​ដូចជា​ វិស័យ​ចំណី​អាហារ​ វិស័យ​ទីជម្រក ​វិស័យ​សុខុមាលភាព​ វិស័យ​ជំនួយការ​យុត្តិធម៌ ព្រម​ទាំង​វិស័យអប់រំ​ឲ្យ​ អាច​បាន​ដល់​ដៃ​ជនជាតិ​ប៉ាគីស្ថាន​គ្រប់ៗ​គ្នា​នៅ​ត្រឹម​ឆ្នាំ​២០១៩»។

លោក​ក៏​បាន​រៀប​ចំ​គម្រោង​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​បណ្ដុំប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ដែល​មាន​ឈ្មោះ​ថា BOL ដែល​មាន​ន័យ​ថា «និយាយ» ក្នុង​ភាសាអ៊ូឌូ (Urdu)។ បណ្ដុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ​រួម​មាន​បុស្ដិ៍​ទូរទស្សន៍​ព័ត៌មាន ​និង​កំសាន្ដ ​កាសែត​ជា​ភាសា​អ៊ូឌូ​ និង​ជា​ភាសា​អង់គ្លេស​ វិទ្យុ​អេហ្វអឹម ព្រម​ទាំង​សាល​មហោស្រព​សម្រាប់​ប្រារព្ធ​ពិធី​នានា​ផង​ដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​បាន​ជួល​ពិធីករ​ព័ត៌មាន​ល្បីៗ​កម្រិត​កំពូល​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដោយ​ផ្ដល់​ប្រាក់​កម្រៃ​បន្ថែម​យ៉ាង​ក្រាស់​ក្រែល ព្រម​ទាំង​ផ្ដល់​នូវ​ប្រយោជន៍​ផ្សេងៗ​តាម​បែប​លោក​ខាង​លិច​រួម​មាន ក្លឹប​ហាត់​ប្រាណ​ក្នុង​ផ្ទះ អាង​ហែល​ទឹក​ កន្លែង​លេង​ល្បែង​កំសាន្ដ​នានា​ ព្រម​ទាំង​អត្ថប្រយោជន៍​ក្រោយ​ពេល​ចូល​និវត្តន៍​ដ៏​ល្អ​ប្រសើរ​ផង​ដែរ។

ការ​ដាក់​ទុន​ដ៏​ធំ​បែប​នេះ​ហើយ​ បាន​ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​អំពី​ក្រុមហ៊ុន​ BOL និង​ម្ចាស់​កម្មសិទ្ធិ​នៃ​ក្រុមហ៊ុន​មួយ​នេះ។

អ្នក​ខ្លះ​ជឿ​ថា ភ្នាក់ងារ​តាម​ដាន​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ឈ្មោះ ​Inter-Services Intelligence ឬឈ្មោះ​សាមញ្ញ​ថា​ ISI ​ស្ថិត​នៅ​ពី​ក្រោយនៃ​ការ​ដាក់​សម្ពោធ​ដ៏​ធំ​មួយ​នេះ។ អ្នក​ខ្លះ​ទៀត​គិត​ថា​ មហាសេដ្ឋី​ជំនួញ​អចលនទ្រព្យ​ដ៏ល្បីល្បាញ​ម្នាក់​គឺ​ជា​អ្នក​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ការ​សម្ពោធ​នេះ។ ទោះ​ជា​យ៉ាង​ណា ក៏​មាន​អ្នក​ផ្សេង​ទៀត​អះអាង​ថា ​គឺ​លោក Dawood Ibrahim ​មេ​ក្លោង​អង្គភាព​ឧក្រិដ្ឋកម្ម​គ្រោង​ទុក​ជា​មុន​សញ្ជាតិ​ឥណ្ឌា​ដែល​ប្រហែលកំពុង​រស់​នៅ​ក្នុង​ប្រទេស​បាគីស្ថាន​ទេ​ ដែល​ជា​អ្នក​ផ្តល់​ប្រាក់​លើ​រឿង​នេះ។

លោក Shaikh បាន​និយាយ​ថា​ បុស្ដិ៍​ទូរទស្សន៍​ជា​ដៃ​គូ​ប្រកួត​ប្រជែង ​បាន​ចែក​ចាយ​ពាក្យ​ចចាម​អារ៉ាម​ព្រោះ​គេ​ភ័យ​ខ្លាច​នឹង​ការ​ប្រឈម​មុខ​ក្នុង​ការ​ប្រកួត​ប្រជែង។ លោក​ថែម​ទាំង​និយាយ​ទៀត​ថា ​អត្ថបទ​របស់​កាសែត ​The New York Times គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រួម​គំនិត​ជួយ​ដល់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ​Express​ ដែលមាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​កាសែត​អន្តរជាតិ​ New York Times ​និង​ជា​ដៃ​គូ​ប្រកួត​ប្រជែង​របស់​លោក។

សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ក្នុង​គេហទំព័រ​ក្រុមហ៊ុន Axact សរសេរ​ថា៖ «អត្ថបទ​បរិហាកេរ្ដិ៍ ​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៥ បង្ហាញ​ពី​ព្រឹត្តិការណ៍​ថ្ងៃ​នេះ ​ព្រមទាំង​បង្ហាញ​បែបប្រមាថតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ បង្ហាញ​ថា ​នេះ​គឺ​ជា​ការផ្សំ​គំនិតដ៏​ធំ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ជំនួញ​ក្នុង​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ាគីស្ថាន ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ក្រុមហ៊ុន ​BOL និង​ក្រុមហ៊ុន ​Axact ព្រម​ទាំង​បង្អាក់​ដំណើរ​ការ​សម្ពោធ​ក្រុម​ហ៊ុន​ ​BOL»។

វីដេអូ​មួយ​បង្ហោះ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Axact បានបង្ហាញ​ពី​ការ​និយាយ​ការពារ​ក្រុម​ហ៊ុន​យ៉ាង​មុតមាំ។ តែ​វា​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ដើម្បី​បញ្ឈប់​បុគ្គល​ល្បីៗ​បម្រើ​ការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ឲ្យ​ចាក​ចេញ​ពី​ក្រុមហ៊ុន BOL នេះ។

អនាគត​នៃ​បុស្ដិ៍​ទូរទស្សន៍​នេះ​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ប្រាកដ​ប្រជា​នៅ​ឡើយ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រៀប​ចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិច​បាគីស្ថាន បញ្ឈប់​ការ​ចាក់​ផ្សាយ​ជា​បណ្ដោះ​អាសន្ន​រហូត​ដល់​ការ​ស្រាវជ្រាវ​លើ​ក្រុមហ៊ុន​ Axact ​ដែល​ជា​ក្រុមហ៊ុន​ធំ​របស់​ BOL ត្រូវ​បាន​បញ្ចប់។

លោក Shaikh ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​ ហើយ​តុលាការ​ ក្រុង​ Karachi បាន​ដាក់​លោក​ក្នុង​ការ​ឃុំ​ឃាំង​បណ្ដោះ​អាសន្ន​រហូត​ដល់​ថ្ងៃ​ទី​៤ ខែមិថុនា៕

ប្រែ​សម្រួល​ដោយ ឆាយ គីម​ហ៊ង