រដ្ឋាភិបាល​បញ្ជា​ឱ្យ​រោងចក្រ​ SL បញ្ចប់​ការ​តវ៉ា​របស់​កម្មករ

ក្រុម​ប៉ូលិស​​ចាប់​ខ្លួន​បុរស​ម្នាក់​ក្នុង​អំឡុង​ការ​ប៉ះទង្គិច​​គ្នា​ជាមួយ​ក្រុម​កម្មករ​កាត់​ដេរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៣។

រដ្ឋាភិបាល​បាន​បញ្ជា​ដាច់ខាត​ឲ្យ​រោងចក្រ​កាត់ដេរ​ SL​ ដែល​មានរឿង​ចម្រូសចម្រាស​អូស​បន្លាយ​ជាច្រើន​ខែ​មក​ហើយ​ឲ្យ​ទទួល​យក​តំណាង​កម្មករ​ចំនួន​១៩​នាក់​មក​ធ្វើការ​ឡើង​វិញ។

កម្មករ​ទាំង​១៩​នាក់​នេះ​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ​ក្រោយ​ពី​ពួកគេ​បាន​ដឹកនាំ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ចាប់តាំងពី​ខែ​សីហា​មកម្ល៉េះ។

បទបញ្ជា​របស់​រដ្ឋាភិបាល​ធ្វើ​ឡើង​ដំណាល​គ្នា​នឹង​ការប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ទាមទារឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​នៃ​ការបង្រ្កាប​ការតវ៉ា​របស់​កម្មករ​រោងចក្រ​SL​នេះ​កាល​ពីថ្ងៃទី​១២​ខែ​វិច្ឆិកា។ ការបង្ក្រាប​នោះ​បានបណ្តាល​ឲ្យ​ស្ត្រី​លក់បាយ​ក្នុង​គ្រួសារ​ដ៏​ក្រីក្រ​ម្នាក់​ស្លាប់​ដោយសារ​ការ​បាញ់​បង្រ្កាប​របស់​អាជ្ញាធរ​ ប៉ុន្តែ​អាជ្ញាធរ​បាន​បដិសេធ​ការ​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ។

នៅ​ក្នុង​លិខិត​មួយ​ជូនរដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុនលោកឃុន ជិនកេន ​អនុរដ្ឋលេខាធិការ​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រីបាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​«បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទទួលយក​តំណាង​កម្មករ​១៩​នាក់​ឲ្យ​ចូល​ធ្វើការ​វិញ​ដើម្បី​បញ្ចប់​វិវាទ»។

លោក​អ៊ូច នឿន ​អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហជីព​ស៊ីខាវឌូ (CCAWDU) ប្រចាំ​រោង​ចក្រ​SL​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះថា ​ក្រុមកម្មករ​នឹង​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃពុធ​ទី​២០​ខែវិច្ឆិកា​នេះ​ដើម្បី​ដោះស្រាយ​ករណី​តំណាង​កម្មករ​ទាំង១៩​នាក់។ ប៉ុន្តែ​លោកអ៊ូច នឿន ​មិនទាន់​ដឹង​ជាមុន​នៅ​ឡើយ​ ថា​តើ​ថៅកែ​រោងចក្រ​នឹង​យល់ព្រម​ធ្វើតាម​ការបង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល​ឬ​យ៉ាងណា។

«ថ្ងៃ​២០​នោះ​យើង​មិនទាន់​អាចចូល​ធ្វើការ​ទេ​ព្រោះ​ជំហរ​របស់​និយោជក​មិនដឹងថា​ព្រម​ឬ​មិនព្រម​ទេ​ព្រោះ​ សជណ ​របស់​រដ្ឋាភិបាល​មាន​ឥទ្ធិពល​ពិតមែន​ប៉ុន្តែ​មិន​ដឹង​ជំហរ​របស់​ថៅកែ​ទទួល​ឬ​មិន​ទទួល»។

យ៉ាងណា​ក៏ដោយ​ នៅ​ក្នុង​លិខិត​ទៅ​កាន់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​លោក​ឃុន ជិនកេន ​អនុរដ្ឋ​លេខា​ធិការ​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​ព្រមាន​ថា​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​រឹងរូស​មិន​ព្រម​អនុវត្ត​បទ​បញ្ជា​នេះក្រសួង​ការងារ​«ត្រូវ​ចាត់​វិធានការ​តាម​នីតិវិធី​តុលាការ»។

កម្មករ​ប្រមាណ​១.០០០​នាក់​នៃ​រោងចក្រ​កាត់ដេរ​SL​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ដឹកនាំ​ក្បួន​បាតុកម្ម​មួយ​កាលពី​ព្រឹកថ្ងៃ​អង្គារទី​១២​វិច្ឆិកា​ក្នុង​គោលដៅ​ឆ្ពោះ​ទៅកាន់​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ពី​រូប​លោក​លើ​ការតវ៉ា​របស់​ពួកគេយ៉ាងរ៉ាំរ៉ៃ​ជាមួយ​ថៅកែ​រោងចក្រ។ ក្រុម​កម្មករ​បាន​ទាមទារ​ឲ្យ​រោងចក្រ​ដក​ទី​ប្រឹក្សា​នាយក​ក្រុមហ៊ុន​ទាមទារ​លុយ​ថ្លៃ​បាយ​ចំនួន​បី​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​ទាមទារ​កុំ​កាត់​ប្រាក់ខែ​កម្មករ​សម្រាប់​រយៈ​ពេល​ពួក​គេ​ធ្វើ​កូដកម្ម​ចាប់​ពី​ខែ​សីហា​មក​និង​សុំឲ្យ​ឈប់​ប្តឹង​កម្មករ​ដែល​មាន​បញ្ហា​ក្នុង​ពេល​ធ្វើ​កូដកម្ម​និង​ត្រូវតែ​ទទួល​យក​តំណាង​កម្មករ​ទាំង​១៩​នាក់​ដែល​ត្រូវ​បណ្តេញ​ចេញ​មក​ធ្វើការ​វិញ។

បាតុកម្មនោះ​បាន​ផ្ទុះ​ទៅ​ជា​អំពើ​ហិង្សា​នៅ​ពេល​ដែល​ក្រុមសមត្ថកិច្ច​របស់​រដ្ឋាភិបាល​ព្យាយាម​រារាំង​ដំណើរ​ក្រុម​បាតុករ។ ​ស្ត្រី​អ្នកលក់​បាយ​តាម​ចិញ្ចើម​ផ្លូវ​ឈ្មោះ​អេង សុខុម​បាន​ស្លាប់​ក្នុង​ការ​បាញ់​បង្រ្កាប​របស់​អាជ្ញាធរ។ ដោយ​ឡែក​ក្រុម​អ្នក​គាំទ្រ​បាតុកម្ម​បានដុត​រថយន្ត​ពីរ​គ្រឿង​និង​ម៉ូតូ​មួយ​គ្រឿង​របស់​ប៉ូលិស។

ក្រោយ​ពី​អំពើ​ហិង្សា​នោះ​ថៅកែ​រោងចក្រ​បាន​យល់ព្រម​លើ​ការ​ទាមទារ​ខាង​លើ​លើកលែង​តែ​ចំណុច​ទទួល​យក​តំណាង​កម្មករ​១៩​នាក់​នោះ​តែប៉ុណ្ណោះ។

តំណាង​រោងចក្រ​SL​មិនអាច​ទាក់ទង​បានទេ​នៅថ្ងៃនេះ​ដោយសារ​តែ​ទូរស័ព្ទ​របស់​រោងចក្រ​គ្មាន​អ្នក​ទទួល។

ទាក់ទឹន​នឹង​អំពើ​ហិង្សា​នៃ​ការ​បង្រ្កាប​របស់​ក្រុមសមត្ថកិច្ច​និង​ការ​បង្ក​ឲ្យ​ស្ត្រី​លក់​បាយ​អាយុ​៤៩​ឆ្នាំ​ស្លាប់ ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ដឹកនាំ​មហាបាតុកម្ម​មួយនៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​១០​ខែធ្នូ​ខាង​មុខ​នេះដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ប្រើប្រាស់​អាវុធ​របស់​ក្រុម​សមត្ថកិច្ច​លើ​បាតុករ។

ប៉ូលិស​បាន​បង្កើត​គណៈកម្មការ​មួយ​ស៊ើបអង្កេត​លើ​ការបាញ់​ឲ្យ​ស្ត្រី​អ្នក​លក់​បាយ​ស្លាប់​ប៉ុន្តែ​មិន​មាន​របាយការណ៍​ជាផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។​

មន្ត្រី​ប៉ូលិស​ក្រុង​ភ្នំពេញ​និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុនអ្នក​នាំពាក្យ​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​ក្នុង​ការ​បង្រ្កាប​បាតុករ​របស់​ក្រុម​អាជ្ញាធរ​កម្ពុជា។​ អ្នក​នាំពាក្យ​ដដែល​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ​ជា​បន្ទាន់៕