ប្រឈម​នឹង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ កម្ពុជា​ត្រៀម​ជួយ​ពង្រីក​ឥទ្ធិពល​ពាណិជ្ជ​កម្ម​របស់​ចិន

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពិភាក្សា​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រីចិនលោក Li Keqiang នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៩។ (រូបថត Reuters)

ទោះ​​ប្រទេស​មួយ​ចំនួន​លុបចោលគម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជ​កម្មជាមួយ​ចិន​​​ក្តី​ មេដឹកនាំ​​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​ចិន​ដើម្បី​​ពន្លឿន​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​នេះ​ដើម្បី​កសាង​ក្រវ៉ាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​និងផ្លូវសូត្រសមុទ្រ​សតវត្សរ៍​ទី​២១។

រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​របស់​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង​(Xi Jinping)​ បានព្រម​ព្រៀង​គ្នា​ថា​ នឹង​រក​ចំណុច​រួម​មួយ​ដើម្បី​អនុវត្ត​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវ៉ាត់​ ​និង​ផ្លូវ​ ​ឬ​គេ​ហៅ​ម៉្យាង​ទៀត​ថា​ គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​មេ​ដឹកនាំចិន​ ​និង​កម្ពុជា ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​ចែក​រំលែក​ដល់​បណ្តាញ​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ។​

សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​កម្ពុជា​ ​និង​ចិនដែល​បាន​លើក​ឡើង​ពី​ចំណុច​ព្រម​ព្រៀង​គ្នា​១៤​ចំណុច​សំខាន់ៗ​ ​រួមមាន​ការ​អញ្ជើញ​របស់​ចិន​ឲ្យ​លោកហ៊ុន សែន​ទៅ​ទស្សន​កិច្ច​ប្រទេស​ចិន​ ការ​បង្កើន​ទំនាក់​ទំនង​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ការទូត​ យោធា ​និង​សន្តិសុខ​ ការ​គាំទ្រ​របស់ប្រទេស​កម្ពុជាចំពោះ​ប្រទេស​ចិន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​និង​ការ​អនុវត្ត​គម្រោង​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​នេះ។

សេចក្តី​ថ្លែង​ការណ៍​រួម​នោះ​បាន​សរសេរ​ដោយ​សំដៅ​ដល់​ការ​ប្តេជ្ញា​របស់​កម្ពុជា​និង​ចិន​ក្នុង​ការ​ជំរុញ​គម្រោង​ផ្លូវក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន​ក្នុង​ន័យ​ដើម​ថា៖​

«ភាគី​ទាំងពីរ​ឯកភាព​គ្នា​ពន្លឿន​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់និង​ផ្លូវ​ ​និង​យុទ្ធសាស្ត្រ​ចតុកោណនិង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​ចំណុច​គោលនៃ​ផែន​ការ​របស់​រដ្ឋាភិបាល​ទាំង​ពីរ​ ដើម្បី​រួម​គ្នា​ជំរុញ​ការ​កសាង​ខ្សែ​ក្រវ៉ាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១។​ ភាគី​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា​តាម​លទ្ធភាព​របស់​ខ្លួន​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ ជំរុញ​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​និង​លើក​កម្ពស់​ជីវភាព​ប្រជាជន»។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖​

«ភាគី​ទាំងពីរ​ឯកភាព​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាក់​ស្តែង​ក្នុង​ក្រប​ខណ្ឌ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ ​ការ​បង្កើន​សមត្ថភាពផលិត​ថាមពល​ ពាណិជ្ជ​កម្ម​ ​និង​ការ​ទ្រទ្រង់​ជីវភាព​ប្រជាជន»។​

គម្រោង​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​ឬ​ ​Belt and Road Initiative​ ​ហៅ​កាត់​ថា ​BRI​ ឬ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​ ដែល​ដឹក​នាំ​ដោយ​ប្រទេស​ចិន ​ក្នុង​គោល​បំណង​កសាង​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​នានា​ក្នុង​ទ្វីប​អាស៊ី​និង​អឺរ៉ុប​ បាន​បន្ត​បង្កើន​វត្តមាន​វិនិយោគទុន​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​នេះ​ក៏​ត្រូវ​អ្នក​ស្រាវជ្រាវ​ខាង​ពាណិជ្ជ​កម្ម​ និង​យោធា​ក្នុង​ដែន​សមុទ្រ​រក​ឃើញ​ថា​ ​នឹង​បើ​កផ្លូវឲ្យ​មាន​ការ​សាងសង់​ផ្លូវ​ ស្ពាន​ ផ្លូវដែក​ និង​រោងចក្រ​ថាមពល​ក្នុង​ប្រទេស​ជាង៧០​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម នៅ​លើ​ពិភព​លោក​ឲ្យ​បាន​ជា​ប្រយោជន៍​របស់​ចិន។​

តួ​យ៉ាង​ដូច​ជាគម្រោង​ផ្លូវ​ដែក​មួយ​ចំនួន​ ​នៅ​ក្នុង​ប្រទេស​ថៃ​ ​ឡាវ​និង​ឥណ្ឌូណេស៊ី​ និង​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ថ្មី ​ដែល​រត់​ពី​ភាគ​ខាងត្បូង​ប្រទេស​ចិនកាត់​ប្រទេស​ឡាវ​ ​ទៅ​កាន់​ប្រទេស​ថៃ ​ត្រូវ​បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​នៅ​ក្រោម​គម្រោង​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​ ​BRI​ ​នេះ។​

កាល​ពី​ឆ្នាំ​២០១៧ក្នុង​កិច្ច​ខិត​ខំ​ជំរុញ​ឲ្យ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​បាន​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ រដ្ឋាភិបាល​ចិនបាន​ប្រកាស​បន្ថែម​ទឹក​ប្រាក់​ ប្រមាណ​១២៤​ពាន់​លាន​ដុល្លារ​ទៀតដើម្បី​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​បណ្ដា​ប្រទេស​ដែល​ចូលរួម​ជា​មួយ​ចិន។

ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង​បាន​លើក​ឡើង​ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​ កាល​ពី​ឆ្នាំ​២០១៧​ដដែលនោះ​ថា​ ​គម្រោង​នេះបាន​បង្កើត​ឲ្យ​មាន​ការ​ត​ភ្ជាប់​ទំនាក់​ទំនង​គោល​នយោបាយ​កាន់​តែ​ស៊ីជម្រៅ​ ការ​ត​ភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​កាន់​តែ​ច្រើន​ និង​ការ​ត​ភ្ជាប់​ដើម​ទុន​ហិរញ្ញវត្ថុ​ ហើយ​ពាណិជ្ជកម្មត្រូវ​បាន​ពង្រីក​ ព្រម​ទាំង​មាន​ការ​កើន​ឡើង​នូវ​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ថែម​ទៀត​ផង។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន​ទៅ​កាន់​ប្រទេស​ចិន ​ថ្មីៗ​នេះ​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​របស់​ប្រធានា​ធិបតី ​ស៊ី ជីនពីង​ ក៏​បាន​ប្រកាសបង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា​ឲ្យខ្លាំង​ថែម​ទៀត​ និង​បានប្រកាស​ផ្តល់​ជំនួយ​៦០០​លាន​ដុល្លារ​ឲ្យកម្ពុជា​ ហើយ​បានដំឡើង​កូតា​ឲ្យ​កម្ពុជា​នាំ​អង្ករ​រហូត​ដល់​៤​សែន​តោន​ចូល​ទៅ​ប្រទេស​ចិន។​

បន្ទាប់​ពី​បាន​ជំនួយនេះ​ភ្លាមលោក ហ៊ុន សែនក៏​ប្រកាស​ថា៖​

«កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​រួច​ហើយ​ដើម្បី​ជំរុញ​គម្រោង​ផ្លូវ​១​ខ្សែ​ក្រវាត់​១​ជា​មួយ​ប្រទេស​ចិន​ឲ្យ​បាន​ជោគជ័យ»។​

ទោះបី​ជា​មេដឹកនាំ​កម្ពុជា​ប្រកាស​ត្រៀម​ខ្លួន​ចូលរួម​អនុវត្ត​គម្រោង​ដ៏​មាន​មហិច្ឆតា​របស់​ចិន​នេះក៏ដោយ​ ក៏​មេដឹកនាំ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកបានលើក​ឡើង​ពីការ​បារម្ភ​ ក្នុង​ការ​ចូល​រួម​ជាមួយ​គម្រោង​នេះ​ ដែល​សេដ្ឋ​វិទូ​របស់​ធនាគារ​ពិភព​លោកមើល​ឃើញ​ថា អាច​ផ្តល់​ឱកាស​សម្រាប់​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ផង​ ហើយ​ក៏​អាច​ហុច​មក​វិញ​នូវ​ហានិភ័យ​ខាង​សង្គម​ និង​ហិរញ្ញ​វត្ថុ​ផង​ដែរ។​

ក្នុង​ចំណោម​មេដឹកនាំ​ទាំង​នោះ​ មាននាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​លោក​ Mahathir ​Mohamad​ ដែល​កាល​ពីឆ្នាំ​២០១៨ បាន​ប្រកាស​ថា​ ប្រទេស​ម៉ាឡេស៊ី​របស់​លោក​នឹង​លុប​ចោល​គម្រោង​ផ្លូវ​ដែកដែល​ផ្តល់​លុយ​ដោយ​ចិន​ចំនួន​២០​ពាន់​លាន​ដុល្លារ។​ លោក ​Mahathir​ យល់​ថា​ គម្រោង​នេះ​ថ្លៃ​ពេក​ ហើយ​អាច​ធ្វើ​ឲ្យ​ប្រទេស​របស់លោក​ក្ស័យ​ធន់​ គ្រា​ដែល​ប្រទេស​លោក​កំពុង​ញាំញី​ដោយ​អំពើ​ពុករលួយ​បន្សល់​ទុក​ដោយ​មេ​ដឹកនាំ​ម៉ាឡេស៊ី​អាណត្តិ​មុន។​

ក៏​ប៉ុន្តែ​លោក​ ហ៊ុន សែន មិន​យល់​ដូច​លោក ​Mahathir​នោះ​ទេ​ ផ្ទុយ​ទៅវិញ​មេ​ដឹក​នាំ​កម្ពុជា​ដែល​កាន់​អំណាច​យូរ​ឆ្នាំ​រូប​នេះ​ បាន​កោត​សរសើរ​ចិន​មិន​ដាច់​ពីមាត់​ផង​ដែរ។​

ដោយ​សារ​តែ​ការ​កោត​សរសើរ​នេះ​ ចិន​ក៏​បាន​ព្រម​ព្រៀងបង្កើន​ទំហំ​ពាណិជ្ជកម្ម​ទេ្វភាគី ​កម្ពុជា​ចិន ឲ្យ​កើន​ដល់១០​ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ​២០២៣​ និង​ពន្លឿន​ការ​ចរចា​លើ​ពិធីសារ​ស្តីពី​ការ​នាំ​ផ្លែ​ឈើ​ និង​ផលិត​ផល​កសិកម្ម​ផ្សេង​ទៀត​ចូល​ទៅ​ប្រទេស​ចិន។

នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏ចម្រូងចម្រាស​នោះ​ កម្ពុជា​ក៏​បាន​«គាំទ្រ​សំណើ​របស់​ភាគី​ចិន​ដែល​សូម​ឲ្យ​បញ្ចប់​កិច្ច​ពិគ្រោះ​ស្តីពីក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ COC​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ ហើយ​នឹង​សហការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ដើម្បី​រក្សា​ការ​វិវត្ត​ជា​វិជ្ជមាន​នៃកិច្ច​ពិគ្រោះ​យោបល់​ ខិតខំ​សម្រេច​ឲ្យ​បាន​ឆាប់​នូវ​កិច្ច​ពិគ្រោះ​យោបល់​នេះ​ ដោយ​ឈរ​លើ​មូលដ្ឋាន​កុង​សង់​ស៊ីសទៅ​វិញ​ទៅមក​និង​កសាង​សមុទ្រ​ចិន​ខាង​ត្បូងឲ្យ​ទៅ​ជា​សមុទ្រ​សន្តិភាព​ មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ»។​

យ៉ាងណា​ក៏​ដោយ​ ​គ្រា​ដែល​កម្ពុជា​កំពុង​ត្រូវ​គេមើល​ឃើញ​ថា​ កាន់​តែមាន​ចំណង​ទាក់ទង​ស្អិត​ល្មួត​បេះ​មិនចេញ​ជាមួយ​ចិន​នោះ​ ​ប្រទេស​កម្ពុជា​ដែល​នៅ​ពឹង​ជំនួយ​បរទេស​នោះ​ ក៏​កំពុង​ប្រឈម​នឹង​ការ​ត្រៀម​សំពង​ខាង​ពាណិជ្ជ​កម្ម​របស់​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​ដែរ។ ​សហ​ភាព​អឺរ៉ុប ​កាលពី​ពេល​ថ្មីៗ​នេះក៏​បាន​សម្រេច​យក​ពន្ធ​អង្ករ​លើ​កម្ពុជា​បីឆ្នាំ​ជាប់ៗ​គ្នា​ ដោយ​ក្នុង​មួយ​ឆ្នាំ​កម្ពុជា​អាច​ខាត​ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក។​

ក្នុង​ពេល​ដែល​លោក​ហ៊ុន សែន​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​នោះ​ ទីភ្នាក់​ងារ​ព័ត៌មាន​ Bloomberg​ ​ដែល​ជា​បណ្តាញ​ព័ត៌មាន​ពាណិជ្ជ​កម្ម​សហ​រដ្ឋ​អាមេរិកនាំមុខ​គេនោះ បាន​រាយ​ការណ៍​ឲ្យ​ដឹងថា​ គណៈ​កម្មការ​អឺរ៉ុប​ក្នុង​ទីក្រុង​ ប៊្រុចសែលបាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​២៩​ខែ​មករាដើម្បី​ព្យួរ​គោល​នយោបាយ​មួយ​ ​ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​នាំ​យក​រាល់​ទំនិញ​ទាំង​អស់​ដោយ​មិន​ជាប់​ពន្ធគយ​ ទៅ​លក់​ក្នុង​ទីផ្សារ​នៅ​អឺរ៉ុប​ និង​មិន​កំណត់​ចំនួន​កូតា​ទៅ​ក្នុង​សហគមន៍​នេះ​ទេ។​ គោល​នយោបាយ​នេះ​ត្រូវ​គេ​ស្គាល់​ថា​ ជា​កម្ម​វិធី​អនុគ្រោះ​ពន្ធឈ្មោះ«​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»ឬ​ ​EBA។​

ការ​អនុ​គ្រោះ​ពន្ធ​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ក្នុង​ការ​នាំចូល​ទំនិញ​ទៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភព​លោក។​

ដោយ​មិនបាន​និយាយ​ដល់​គម្រោង​ផ្លូវក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន​នោះ​ ​ក្រុម​អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជាបាន​ព្រមាន​កាលពី​កន្លង​មក​ថា​ សេដ្ឋ​កិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​ការ​រង្គោះ​រង្គើ​ ឬ​រលំ​ក៏​ថាបាន​ ព្រោះ​ជាង​៤០​ភាគរយ​នៃ​ផលិត​ផលកាត់​ដេរ​កម្ពុជា​ពឹង​ផ្អែក​លើ​ទីផ្សារ​សហ​ភាព​អឺរ៉ុប​ ​ខណៈ​ដែល​មិនទាន់​មាន​ការ​បញ្ជាក់​ណាមួយ​ថា​ ចិន​នឹង​នាំ​ចូល​ផលិត​កាត់​ដេរ​ពីកម្ពុជា​នោះ​ឡើយ៕