តួលេខចុងក្រោយរបស់ក្រសួងទេសចរណ៍បង្ហាញថាចំនួនភ្ញៀវទេសចរមកកាន់កម្ពុជាក្នុងឆ្នាំ២០១៨ មានការកើនឡើង១១ភាគរយគឺស្មើនឹង៦លាន២សែននាក់ ក្នុងនោះភ្ញៀវចិនមាន៣០ភាគរយ។ ខណៈភ្ញៀវទេសចរចិនមានកំណើន៧០ភាគរយ បើធៀបទៅឆ្នាំ២០១៧ អ្នកវិភាគសង្គមព្រមានថាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមមិនបានទទួលចំណូលជាដុំកំភួនពីភ្ញៀវទេសចរចិនដូចដែលធ្លាប់បានពីភ្ញៀវទេសចរប៉ែកខាងលិចនោះទេ។
ចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨ មានចំនួន៦.២ លាននាក់ គឺកើនជាង១១ ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ភ្ញៀវទេសចរជនជាតិចិន ឈរលំដាប់មុខគេបង្អស់ ដែលមានចំនួនប្រមាណ១លាន៩សែននាក់ដែលជាការកើនឡើងជាង៧០ភាគរយ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍។
លោក គង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បញ្ជាក់ប្រាប់ VOA ថាកំណើននៃភ្ញៀវទេសចរចិនក្នុងប្រទេសកម្ពុជាគឺដោយសារតែទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនិងដោយសារការកើនឡើងរបស់ជើងហោះហើរត្រង់ជាច្រើនពីចិនមកកាន់កម្ពុជា។
លោកបញ្ជាក់យ៉ាងដូច្នេះ៖
កំណើនភ្ញៀវទេសចរចិនមកស្រុកខ្មែរយើងច្រើនហ្នឹងយើងឃើញមានពីរបីកត្តា ទីមួយគឺកត្តាដូចជាគេហៅថាកត្តានយោបាយបានន័យថារាជរដ្ឋាភិបាលរវាងប្រទេសទាំងពីរហ្នឹងគឺមានទំនាក់ទំនងល្អ ដល់ពេលអ៊ីចឹងហើយវាជម្រុញនូវកំណើនវិនិយោគ»។
ការលើកឡើងរបស់មន្ត្រីនៃក្រសួងទេសចរណ៍ធ្វើឡើង ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសំខាន់ៗកំពុងបំពេញទស្សនកិច្ចផ្លូវការមួយនៅក្នុងប្រទេសចិន ជាទីដែល លោក ហ៊ុន សែន សង្ឃឹមថានឹងអាចទាក់ទាញការវិនិយោគនិងភ្ញៀវទេសចរណ៍ជាច្រើនបន្ថែមទៀតដល់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីល្ងាចថ្ងៃអាទិត្យថាកម្ពុជាចង់ឲ្យទេសចរចិនកើនឡើងយ៉ាងហោចណាស់ប្រាំដងធៀបនឹងចំនួនទេសចរចិនក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ១.៩លាននាក់ ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។
ទោះបីជាចំនួនភ្ញៀវទេសចរចិនមានការកើនឡើង ប្រជាពលរដ្ឋកម្ពុជាមិនបានទទួលផលប្រយោជន៍ពីការកើនឡើងនៃភ្ញៀវទេសចរចិនច្រើនប៉ុន្មាននោះទេ នេះបើតាមការសង្កេតឃើញរបស់អ្នកវិភាគសង្គម។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម ម្នាក់បាននិយាយថាកំណើនភ្ញៀវទេសចរគឺជារឿងល្អប្រសើរប៉ុន្តែ ការកើនឡើងនៃភ្ញៀវទេសចរចិនមិនបានផ្តល់ប្រាក់ចំណូលច្រើនដល់ប្រជាពលរដ្ឋខ្មែរដូចភ្ញៀវទេសចរប៉ែកខាងលិចនោះទេ។
លោកបាននិយាយថា៖
«បស្ចិមប្រទេសគេចំណាយច្រើនជាង ហើយចំណាយទាំងអស់ហ្នឹងច្រើនតែដល់ដៃប្រជាពលរដ្ឋ ដែលខុសគ្នាចិន ដែលចិនមក មិនសូវជាចាយប៉ុន្មានទេ ហើយចាយក៏ចាយនៅខាងចិន ដេកក៏ដេកនៅកន្លែងចិន ហើយអាចមានអ្នកមគ្គុទេសទេសចរហ្នឹងក៏ជាជនជាតិចិនទៀតបាទ»។
លោក ឈាង វណ្ណារិទ្ធិ អ្នកវិភាគនិងអ្នកស្រាវជ្រាវកិច្ចការតំបន់ក៏បានបង្ហាញមតិស្រដៀងគ្នានេះដែរ ដោយព្រមានពីការកើនឡើងរបស់ទេសចរចិនជា«កញ្ចប់ទស្សនកិច្ច»ឬ «Package Tour» អាចធ្វើឲ្យមានការបែងចែកចំណូលពីទេសចរចិនកម្ពុជា យ៉ាងណាក៏ដោយលោកបាននិយាយថាវាក៏មានផលល្អផងដែរសម្រាប់កម្ពុជាក្នុងកំណើននេះ ដែលអាចជួយជំរុញតម្រូវការសេវាកម្មផ្សេងៗរបស់ភ្ញៀវទេសចរចិន។
លោក ឈាង វណ្ណារិទ្ធិ បញ្ជាក់ថា៖
«ទេសចរចិនរាប់រយនាក់ គេមកជាក្រុមៗគេទៅសណ្ឋាគារធំៗនោះ អ៊ីចឹងទេ អាហ្នឹងជាការបែងចែកនៃផលចំណូលពីទេសចររបស់ចិនហ្នឹង គេហៅថាដល់អ្នករកស៊ី ខ្នាតតូចនិងមធ្យមហ្នឹង ប្រហែលជាពុំបានផលប្រយោជន៍ច្រើនដូចជាពីពួក Backpackers ពីអឺរ៉ុបពីអាមេរិកទេ»។
ប៉ុន្តែលោក គង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បានបដិសេធការលើកឡើងទាំងនេះដោយនិយាយថាមគ្គុទេសទេសចរត្រូវតែជាជនជាតិខ្មែរ តាមច្បាប់របស់កម្ពុជា ហើយប្រជាជនកម្ពុជាដែលជាម្ចាស់អាជីវកម្មធំៗនៅតែទទួលបានចំណូលល្គិគណាអាជីវកម្មនោះមានស្តង់ដាច្បាស់លាស់ ។
«វាត្រូវការប្រកួតប្រជែងដែរនៅក្នុងស្រុករបស់យើង បានន័យថាផ្ទះសំណាក់អីហ្នឹងវាត្រូវតែមានស្តង់ដារមួយច្បាស់លាស់ដែរ។ អ៊ីចឹងហើយបានជាក្រសួងមានរៀបចំជាចំណាត់ថ្នាក់សណ្ឋាគារដើម្បីការប្រកួតប្រជែងនៅក្នុងកម្រិតហ្នឹងដែរ។ ប្រសិនបើផ្ទះសំណាក់គាត់អត់មានស្តង់ដារឬក៏អូតែលគាត់មិនមានស្តង់ដារអីហ្នឹងវាពិបាកប្រកួតប្រជែងមែនទែនក្នុងទីផ្សារសេរី »។
សម្រាប់ឆ្នាំ២០១៨នេះផងដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកម្ពុជាដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត បញ្ជាក់ថាកម្ពុជាទទួលបានចំណូលសរុបពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ជាង១១៦លានដុល្លារសហរដ្ឋអាមេរិកនិងជាង១០០លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧ ដែលជាកំណើន៨ភាគរយ។
ទោះយ៉ាងណាក៏ដោយខណៈចំនួនភ្ញៀវទេសចរចិនមានការកើនឡើងចំនួនភ្ញៀវទេសចរណ៍ពីអឺរ៉ុបនិងអាមេរិកមានការធ្លាក់ចុះចំនួន ៤និង៥ភាគរយ ក្នុងឆ្នាំ២០១៨ នេះ៕