ឃុំស្រយ៉ូវ ខេត្តកំពង់ធំ—លោក ហុន សំណាង ជាកសិករធ្វើស្រែក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ។ លោកបានចាកចេញពីស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវ មកជួលដី៣០ហិកតាក្នុងខេត្តកំពង់ធំដើម្បីធ្វើស្រែលក់ស្រូវ។
ប៉ុន្តែលោកថា តម្លៃស្រូវបានធ្លាក់ចុះមកត្រឹម៧០០រៀលរហូតមកដល់ពេលនេះ ដែលធ្វើឲ្យលោកមិនមានប្រាក់ចំណេញនោះទេ។
លោកបានថ្លែងប្រាប់ VOA នៅជិតស្រែរបស់លោកថា៖
«នឹកឃើញថា ក្រែងលោស្រូវអី វាមិនថោកដូចរាល់ឆ្នាំ។ ខ្ញុំនឹកឃើញថា បើស្រូវមានតម្លៃចាប់ពី៨០០(រៀល)ឡើងទៅដល់៩០០(រៀល) វាអាចសមនឹងជីវភាពដែលពួកខ្ញុំរស់នៅ»។
លោក សំណាង ត្រូវរកលុយដើម្បីបង់ធនាគារចំនួន៧៥០០ដុល្លារអាមេរិក នៅពាក់កណ្តាលឆ្នាំនេះ។ លោកបានជួលដីមួយហិកតាតម្លៃ១លានរៀលស្មើនឹង២៥០ដុល្លារ រយៈពេលប្រមាណ៤ខែដើម្បីធ្វើស្រែនេះ។ ដូច្នេះស្រែទំហំ៣០ហិកតា លោកត្រូវចំណាយប្រាក់៧៥០០ដុល្លារ។ លោកបានខ្ចីបុលធនាគារចំនួន១៥០០០ដុល្លាររយៈពេល២ឆ្នាំ ដោយក្នុងមួយខែលោកត្រូវបង់ការប្រាក់ចំនួន១០០ដុល្លារ ហើយក្នុងមួយឆ្នាំ លោកត្រូវរំលោះដើមចំនួន៧៥០០ដុល្លារអាមេរិក។
ស្រូវចុះថោកជាបញ្ហារបស់កសិករនៅក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ ដែលពលរដ្ឋបានជួលដីគេច្រើនហិកតាដើម្បីធ្វើស្រែ ហើយសង្ឃឹមថា តម្លៃស្រូវអាចទទួលយកបាន។ តម្លៃស្រូវបច្ចុប្បន្ននេះគឺ៧០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែពួកគេគិតថា ទាល់តែជាង៨០០រៀល ទើបអាចមានផលចំណេញ។
ភរិយារបស់លោកសំណាងគឺអ្នកស្រី ផា ស្រីស អាយុ៣២ឆ្នាំ។ អ្នកស្រីមានប្រសាសន៍ថា ក្រៅពីចំណាយថវិកាលើថ្លៃជួលដី អ្នកស្រីត្រូវចំណាយលើតម្រូវការផ្សេងៗទៀតសម្រាប់ធ្វើស្រែផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖
«ដឹងតែខាតហើយបង បើស្អីក៏ថ្លៃទាំងអស់ ជី ថ្នាំប្រេង សាំង កម្លាំងកម្មករ តម្លៃអាត្រាក់ទ័រ តម្លៃដី ថ្លៃម៉ាចប់។ ហើយថ្នាក់ស្រូវឥឡូវ ដើមដៃ៧០០រៀលចុះទម្រាំដំណាក់កាលខ្ញុំជ្រូតស្រូវ ខ្លាចតែចុះមកនៅត្រឹមជាង៦០០រៀលអីទេ!»
តម្លៃស្រូវចុះថ្លៃនេះ ស្របពេលដែលមានការកំណត់យកពន្ធពីសហភាពអឺរ៉ុបលើតម្លៃអង្ករនាំចូលពីកម្ពុជា។ សហភាពអឺរ៉ុបបានចាប់ផ្តើមយកពន្ធអង្ករកម្ពុជារយៈពេល៣ឆ្នាំ ដោយសារតែបរិមាណនាំចូលមានការកើនឡើងច្រើននៅប្រទេសជាសមាជិកសហភាពអឺរ៉ុប។ តាមការប៉ាន់ប្រមាណ ប្រទេសកម្ពុជាត្រូវបង់ពន្ធចំនួន៥០លានដុល្លារក្នុងមួយឆ្នាំៗ។ នៅក្រោមការយកពន្ធនេះ អ្នកនាំអង្ករចូលត្រូវបង់តម្លៃប្រហែល២០០ដុល្លារក្នុងមួយតោនសម្រាប់ឆ្នាំទីមួយ ចំនួន១៧១ដុល្លារសម្រាប់ឆ្នាំទីពីរ និងចំនួន១៤៣ដុល្លារសម្រាប់ឆ្នាំទីបី។
សហភាពអឺរ៉ុបបានលើកឡើងថា ពួកគេបានទទួលសំណើពីប្រទេសអ៊ីតាលី ដែលបានស្នើឲ្យមានការអនុវត្តវិធានការគាំពារអង្ករក្នុងប្រទេសជាសមាជិក ដោយសារមានការនាំអង្ករច្រើនចូលពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងប្រាប់ VOA តាមរយៈអ៊ីមែលថា សំណើនេះត្រូវបានគាំទ្រដោយរដ្ឋជាសមាជិកដែលធ្វើស្រែ។
លោកមានប្រសាសន៍ថា៖
«គណៈកម្មការបានបើកការស៊ើបអង្កេតជាផ្លូវការមួយកាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០១៨ ហើយរកឃើញថា ពិតជាមានការនាំអង្ករចូលកើនឡើងខ្លាំង ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់អង្ករនៅអឺរ៉ុប។ ជាលទ្ធផល សហភាពអឺរ៉ុបបានសម្រេចដាក់វិធានការចំពោះអង្ករនាំចូលពីប្រទេសកម្ពុជា និងពីប្រទេសមីយ៉ាន់ម៉ា»។
ជាការឆ្លើយតបភ្លាមៗ រដ្ឋាភិបាលកម្ពុជាយល់ថា ការយកពន្ធនេះបានសម្លាប់កសិករខ្មែរដែលបានខ្ចីលុយពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុយកទៅធ្វើស្រែ។
សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មរបស់កម្ពុជាបានបញ្ជាក់ថា៖
«ការសម្រេចដាក់វិធានការការពារទីផ្សារដោយសហភាពអឺរ៉ុបមកលើអង្ករ(Indica rice) ដែលមានប្រភពដើមពីកម្ពុជា មានឥទ្ធិពលគ្រប់គ្រាន់សម្រាប់ដកហូតចំណូលរបស់ប្រជាកសិករក្រីក្រកម្ពុជា និងជាអាវុធសម្រាប់ធ្វើឃាតពួកគាត់និងក្រុមគ្រួសារ ដែលកំពុងជាប់បំណុលស្ថាប័នឥណទាន ដែលបានផ្តល់ប្រាក់កម្ចីដល់ពួកគាត់»។
ទោះជាយ៉ាងណា កសិករខ្មែរ ដូចជាលោក ហុន សំណាង មានប្រសាសន៍ថា លោកមិនបានដឹងអំពីការយកពន្ធនេះទេ។ លោកបញ្ជាក់ថា៖
«អត់ដែលដឹងផងលោកគ្រូ ព្រោះខ្ញុំនៅតែស្រែដែរ»។
លោកសំណាងក៏ដូចជាកសិករផ្សេងៗទៀតនៅក្នុងឃុំស្រយ៉ូវនេះ តែងតែទទួលយកនូវតម្លៃដែលឈ្មួញកំណត់ ដោយសារពួកគេមិនអាចទុកស្រូវឲ្យយូរ ហើយរង់ចាំពេលឡើងថ្លៃនោះទេ។ លោកបានបញ្ជាក់ថា ឈ្មួញតែងតែឲ្យតម្លៃទាប ដើម្បីបានចំណេញ។
លោកមានប្រសាសន៍ថា៖
«ឈ្មួញមិនដែលចេះត្រង់ទេ កាលណាឈ្មួញរកស៊ីតែងតែយកចំណេញ»។
មន្រ្តីជំនាញនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទយល់ថា មានករណីខ្លះ ឈ្មួញកណ្តាលអាចយកព័ត៌មានដែលថា សហភាពអឺរ៉ុបយកពន្ធការនាំអង្ករ ដើម្បីទម្លាក់ថ្លៃស្រូវរបស់កសិករខ្មែរ។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី មានប្រសាសន៍ថា៖
«ខ្ញុំគិតអ៊ីចឹងដែរ! គេអាចយកអាហ្នឹងទៅ ទៅប្រាប់កសិករយើង។ "អូ! គេយកពន្ធ អេ គេយកចុះ! កុំលក់ថ្លៃពេក!"។ ប្រជាជនគាត់អត់ដឹង ចេះតែតាមគេអ៊ីចឹងទៅ! វាអាចចាញ់បោកគេ។ វាអាចមានអាហ្នឹង។ វាមិនអត់ទេ ខ្ញុំជឿ»។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា តម្លៃស្រូវចុះថោកនេះគឺដោយសារតម្រូវការបញ្ជាទិញពីវៀតណាមមិនសូវមានដូចរាល់ដង ខណៈកម្ពុជាបានពឹងផ្អែកច្រើនលើការបញ្ជាទិញពីប្រទេសវៀតណាម។
លោកមានប្រសាសន៍ថា៖
«ចង់និយាយថា ការចុះមកពីខាងវៀតណាម អ្នកដែលប្រមូលទិញហ្នឹង មានតិចជាងមុន។ ឆ្នាំនេះមិនដឹងយ៉ាងម៉េច ខាងកុងត្រាវៀតណាមមានតិចជាងមុន។ ដល់តែពេលវៀតណាមអត់បានឃើញចុះមក យើងក៏បានស្រាវជ្រាវទៅ សួរនាំទៅ គាត់ថា អាការកម្មង់ទិញពីខាងវៀតណាមក៏មានជួបបញ្ហាដែរ»។
ជាទូទៅ កសិករខ្មែរមិនដឹងអំពីទីផ្សារ និងតម្លៃស្រូវនោះទេ។ អ្វីដែលគេអាចធ្វើបានគឺស្តាប់តាមឈ្មួញ ហើយលក់ស្រូវទាំងនោះ បើទោះជាតម្លៃទាបក៏ដោយ។ កសិករបានអះអាងថា ពួកគេអាចត្រឹមតែសួរនាំគ្នាទៅវិញទៅមកតាមបណ្តាញរបស់ពួកគេ ហើយក៏សម្រេចលក់ទៅតាមហ្នឹង ដោយមិនទុកយូរ។
អង្គុយក្បែរលោកសំណាងគឺលោក ណយ នឿយ អាយុ៣៥ឆ្នាំ ដែលជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រប្រមូលស្រូវឲ្យកសិករ។ លោកមានប្រសាសន៍ថា កសិករខ្មែរមួយចំនួនបានលើកឡើងថា ការធ្លាក់ថ្លៃស្រូវនេះដោយសារការយកពន្ធនៅអឺរ៉ុប ហើយកសិករមិនដឹងពិតប្រាកដថា មានរឿងអ្វីនោះទេ។
លោកមានប្រសាសន៍ថា៖
«និយាយពីរឿងឈ្មួញចុះទិញស្រូវថោកហ្នឹងឮថា ចុះទារពន្ធចេញក្រៅថ្លៃ។ ពេលពន្ធថ្លៃអ៊ីចឹង អ្នកស្រែដឹងតែងាប់ហើយ! ចុះស្រូវធ្វើហើយ បើឈ្មួលមិនចូលទិញ មិនដឹងយកទៅណា»។
កសិករម្នាក់ទៀត អ្នកស្រី តុង អ៊ី អាយុ៣៥ឆ្នាំ បានជួលដីគេចំនួន៧០ហិកតាដើម្បីធ្វើស្រែសម្រាប់រដូវកាលនេះ។ អ្នកស្រីក៏បានខ្ចីលុយធនាគារចំនួន១៥០០០ដុល្លាររយៈពេល១០ឆ្នាំ ហើយក្នុងមួយខែត្រូវបង់សងជាង១៥០ដុល្លារ។
ខណៈកំពុងចិញ្រ្ចាំផ្អកសាច់ជ្រូកដើម្បីចម្អិនអាហារពេលព្រឹក អ្នកស្រី តុង អ៊ី មានប្រសាសន៍ថា អ្នកស្រីពិតជាបារម្ភពីតម្លៃស្រូវធ្លាក់ចុះ ដែលធ្វើឲ្យអ្នកស្រីខាតបង់ ហើយមិនមានលទ្ធភាពបង់លុយធនាគារ។
អ្នកស្រីមានប្រសាសន៍ថា៖
«អូ បារម្ភមែន! បើសិនថា ស្រូវឡើងដល់១ពាន់ អរមែនទែន! នឹកឃើញថា យើងធ្វើទុនអស់ច្រើនហើយ។ ស្រូវមិនដឹងម៉េច ហើយស្រូវវាថោកទៀត»។
អ្នកស្រីបន្តថា អ្នកស្រីសម្រេចជួលដីធ្វើស្រែនេះ ដោយសារឃើញប្រជាពលរដ្ឋផ្សេងមកទីនេះ ហើយធ្វើស្រែបានចំណេញ ទើបអ្នកស្រីមកតាមគេដែរ។ អ្នកស្រីមានប្រសាសន៍ថា៖
«គេមកច្រើនដែរ យើងប្រថុយសាកមើល។ ប្រថុយមក! វាចប់! អាស្រូវចុះថោក!»
ចំណែកកសិករម្នាក់ទៀត លោក ជា ង៉ា អាយុ៥៤ឆ្នាំ មានប្រសាសន៍ថា លោកបានជួលដីចំនួន១០ហិកតា ហើយបានយកលុយពីធនាគារដូចគ្នា។ លោកមានប្រសាសន៍ថា រយៈពេលពីរបីឆ្នាំមុន ស្រូវមិនធ្លាក់ថ្លៃដូច្នេះទេ។
ខណៈកំពុងដើរទៅមើលស្រែរបស់លោក លោក ជា ង៉ា បានថ្លែងថា៖
«មកធ្វើនេះ បីឆ្នាំហើយ មិនដែលខាត ចំណេញដែរ តិចតួច។ ជួនកាលបានម៉ាគ្រាន់ ម៉ាស៊ីចាយ រួចម៉ាឆ្នាំ។ ឆ្នាំនេះ ស្រូវវាចុះថ្លៃ! មិនដឹងម៉េច! ចាំមើលពេលប្រមូលផល»។
នៅក្នុងខែមេសាខាងមុខនេះ លោកត្រូវបង់ប្រាក់៥ពាន់ដុល្លារទៅធនាគារដើម្បីរំលោះដើម តែលោកមិនទាន់ដឹងថា បានលុយពីណាមកបង់នោះទេ ប្រសិនបើស្រូវមានតម្លៃទាប។
មេឃុំស្រយ៉ូវក្នុងខេត្តកំពង់ធំ លោក សៅ សុធី មានប្រសាសន៍ថា លោកបានដឹងអំពីតម្លៃស្រូវធ្លាក់ចុះ តែលោកមិនដឹងអំពីមូលហេតុ។ លោកយល់ថា នេះជារឿងធម្មតារបស់កសិករ ហើយអាជ្ញាធរមិនអាចជួយអ្វីបាននោះទេ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំអត់ដឹងទេ ព្រោះអាហ្នឹងទីផ្សារសេរី តែសម្បូរវាថោកហើយ! ខ្ញុំអត់ដឹងទេ! មានតែអាអូនឯងជួយរកតម្លៃស្រូវឲ្យថ្លៃ!»
ទោះជាយ៉ាងណា លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម មានប្រសាសន៍ថា រដ្ឋាភិបាលមិនអាចជួយកសិករបានច្រើននោះទេ ដោយសារកម្ពុជាមិនមាន«នយោបាយឧបត្ថម្ភធន» ដែលជានយោបាយជួយចេញថ្លៃខាតឲ្យកម្មករដើម្បីទិញស្រូវស្តុកទុក។
នៅពេលសួរថា ហេតុអ្វីបានជាកម្ពុជាមិនមាននយោបាយនោះ លោកមានប្រសាសន៍ថា នេះជាកិច្ចការរបស់អ្នកធ្វើគោលនយោបាយ។
លោកមានប្រសាសន៍ថា៖
«កាលណាធ្វើ ទីមួយថវិកា។ លុយយើងចេញឲ្យសងជូនប្រជាពលរដ្ឋ។ យើងអត់មានអាហ្នឹងទេ អត់មាននយោបាយ អាហ្នឹងនៅឡើយ។ អាហ្នឹងទាក់ទងរឿងលុយ។ រឿងលុយ ក្រសួងកសិកម្មម៉េចដឹង? ខ្ញុំអត់ដឹងទេ រឿងថវិការឿងអីៗ។ ខ្ញុំដឹងតែបច្ចេកទេសធ្វើស្រែ ដាំដុះ។ សួរអ្នកធ្វើគោលនយោបាយ ក្រសួងហិរញ្ញវត្ថុ ក្រសួងអីបានគេដឹង»។
ប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន។ ខណៈដែលមានការយកពន្ធអង្ករនាំទៅលក់នៅសហភាពអឺរ៉ុប លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលត្រូវបានរិះគន់ពីបស្ចិមប្រទេសក្នុងការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្រោយរំលាយគណបក្សសង្រ្គោះជាតិនោះ បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ ដោយមានការចុះកិច្ចព្រមពាណិជ្ជកម្មមួយចំនួន។
ប្រធានាធិបតីចិនលោកស៊ី ជីនពីង (Xi Jinping)ក៏បានសន្យាថា នឹងបង្កើនការនាំចូលអង្ករពីកម្ពុជាចំនួន៤០ម៉ឺនតោននៅក្នុងឆ្នាំ២០១៩នេះគឺមានការកើនឡើងច្រើនជាងទ្វេដង។ នេះយោងតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ មេដឹកនាំទាំងពីរក៏បានសន្យាថា នឹងពង្រីកទំហំពាណិជ្ជកម្មរហូតដល់១០ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៣។
ប្រទេសកម្ពុជាបាននាំស្រូវប្រហែល៦៣ម៉ឺនតោនចេញទៅទីផ្សារអន្តរជាតិកាលពីឆ្នាំ២០១៨ ដោយក្នុងនោះទៅប្រទេសក្នុងសហភាពអឺរ៉ុបប្រហែល៤៣ភាគរយ។
បើទោះជាមានការយកពន្ធពីសហភាពអឺរ៉ុប លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម បានមានប្រសាសន៍ថា ក្រសួងនៅតែជំរុញឲ្យប្រជាពលរដ្ឋធ្វើស្រែស្រូវក្រអូប ដែលអាចលក់ចេញទៅក្រៅប្រទេសបាន ជាពិសេសសហភាពអឺរ៉ុប។ លោកសង្ឃឹមថា ពលរដ្ឋនៅអឺរ៉ុបនៅបន្តទិញអង្ករពីកម្ពុជា បើទោះតម្លៃថ្លៃបន្តិចក៏ដោយ។
លោកមានប្រសាសន៍ថា៖
«តម្លៃលើសហ្នឹង ខ្ញុំជឿថា ក្នុងមួយគីឡូក្រាមលើសប៉ុន្មានសេន ប៉ុន្មានកាក់ មិនអ៊ីចឹង? ហើយខាងនោះ សុទ្ធតែអ្នកមាន ចង់ហូបអង្ករឆ្ងាញ់។ រឿងអីមិនចំណាយ?»
លោកហុន សំណាង កសិករខ្មែរ ដែលកំពុងតែបារម្ភស្រូវចុះថ្លៃ បានអំពាវនាវឲ្យជួយធ្វើយ៉ាងម៉េចឲ្យស្រូវមានតម្លៃខ្ពស់ឡើងវិញ នៅពេលលោកប្រមូលផលនាពេលឆាប់ៗនេះ។
លោកមានប្រសាសន៍ថា៖
«មានតែអាជ្ញាធរជួយដោះស្រាយ ប៉ុន្តែឥឡូវអាជ្ញាធរ ស្រូវចុះថោកអ៊ីចឹង ក៏មិនឮសូរអី ចុះទាមទារសោះ! ឥឡូវមានតែលោកគ្រូ ខាងអ្នកកាសែត ខាងព័ត៌មានឲ្យលោកគ្រូជួយផ្ទាល់ហ្មង!»
ចំណែកភរិយារបស់លោក អ្នកស្រីផា ស្រីសមានប្រសាសន៍ថា អ្នកស្រីបារម្ភយ៉ាងខ្លាំងអំពីបំណុលដែលជំពាក់គេ។ អ្នកស្រីដែលមានកូនស្រីម្នាក់ អាយុ២ឆ្នាំ មានប្រសាសន៍ថា៖
«បើនិយាយទៅ បើសិនជាយើងអត់មានលទ្ធភាព គេអាចរឹបអូសហើយ!»